អ្នក​វិភាគ​​៖​​ភាព​សាមញ្ញ​​របស់​​សម្តេច​​ហ៊ុន សែន​​នឹង​​ធ្វើ​​ឲ្យ​​បក្ស​​ប្រជាជន​​ឡើង​​ប្រជា​ប្រិយ​ភាព​​

02-02-2016 11:27 am 1342

​នៅ​រយៈកាល​ចុងក្រោយ​នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជា​ញឹកញាប់​បាន​បង្ហាញ​ភាព សាមញ្ញ​របស់​សម្តេច​នៅ តាម​ទីសាធារណៈ ដោយ​បាន​ចុះ ទៅ​ជួប​ប្រជាពលរដ្ឋ ព្រមទាំង​បាន​ថតរូប​ជាមួយគ្នា​យ៉ាង​សប្បាយ ហូប​នំ​បញ្ចុក ពោរពេញ​ទៅដោយ​ភាពស្និទ្ធស្នាល​ជាមួយ​ប្រជាពលរដ្ឋ ។ សកម្មភាព​របស់​ប្រមុខ​ដឹកនាំ​កម្ពុជា​នេះ ត្រូវបាន​អ្នកវិភាគ​អះអាងថា ការ​បង្ហា​ភាពសាមញ្ញ​របស់​សម្តេច​ហ៊ុន សែន​បែប​នេះ ចង់​មិន​ចង់​នឹង​ធ្វើឲ្យ​គណបក្ស​ប្រជាជន​ឡើង ប្រជាប្រិយភាព​បន្ថែម​។

 

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​គេ​ធ្លាប់​ស្គាល់​ថា ជា​បុរស​ខ្លាំង និង​ជា​បុគ្គល​ម្នាក់​មាន​អំណាច នោះ នៅក្នុង​រយៈពេល​ចុងក្រោយ​នេះ ជា​ញឹកញាប់ បាន​បង្ហាញ​នូវ​ភាពសាមញ្ញ​របស់ខ្លួន នៅតាម​ទីសាធារណៈ​។ ភាពសាមញ្ញ​ទាំងនោះ​មានដូចជា ការជួប​សំណេះសំណាល​ជាមួយ​អ្នកធាក់ស៊ីក្លូ​មួយក្រុម ការចុះ​ស្រោច​ទឹក​ផ្កា នៅ​សួនច្បារ​មុខ​ផ្ទះ​របស់​សម្តេច ក្បែរ​វិមានឯករាជ្យ ព្រមទាំង​បាន​ចូល​រួម​​ហាត់ប្រាណ ជាមួយ​ប្រជាពលរដ្ឋ​នៅ​មុខ​ព្រះបរមរាជវាំង និង​រហូត​អង្គុយ​ហូប​នំ​បញ្ចុក នៅតាម​ដងផ្លូវ និង​ថតរូប​ជាមួយ ប្រជាពលរដ្ឋ​ទៀត​។ សកម្មភាព​ទាំងនេះ បាន​ធ្វើឲ្យ​មាន​ការចាប់អារ​ម្មណ៍​ពីសារ​ណ​ជន បណ្តាញ​សារព័ត៌មាន​នានា ពិសេស​អ្នកលេង​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក​។​

 

​មតិ​ខ្លះ​លើកឡើងថា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​កំពុង​ប្រើ​ចិត្តសាស្ត្រ​យកចិត្ត​ប្រជាពលរដ្ឋ ខណៈ​ខ្លះទៀត​ថា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន យក​គំរូ​តាម​ឯកឧត្តម​សម រង្ស៊ី​។​

 

​សម្រាប់​លោក អ៊ូ វីរៈ អ្នកវិភាគ​នយោបាយ​នៅ​កម្ពុជា បាន​លើកឡើង​ថា  ការបង្ហាញ​ពី​ភាពស្និទ្ធស្នាល​របស់​សម្តេច​ហ៊ុន សែន ជាមួយ​ប្រជាពលរដ្ឋ  គឺជា​យុទ្ធសាស្ត្រ​នយោបាយ​ដ៏​ឆ្លាត​វៃ​មួយ របស់​សម្តេច​នាយករដ្ឋមន្ត្រី ដើម្បី​ជួយ​ស្ដារ​ប្រជាប្រិយភាព របស់​គណបក្ស​កាន់អំណាច​ឡើងវិញ​។ លោក​បន្តថា បើទោះបីជា យុទ្ធសាស្ត្រ​នេះ​ដើម្បី​ទាក់ទាញ​យក​ប្រជាប្រិយភាព​ក៏ដោយ លោក​នៅតែ​ស្វាគមន៍ ពិ​ព្រោះ​សកម្មភាព​នេះ វា​ល្អ​ប្រពៃ​សម្រាប់​ប្រទេស ដែល​កាន់​របប​ប្រជាធិបតេយ្យ​។​

​សំឡេង​លោក អ៊ូ វីរៈ​៖

 

​មិន​ខុស​ពី​លោក​លោក អ៊ូ វីរៈ អ្នកជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក រស់ រ៉ាវុធ លើកឡើងថា ការចុះ​ជួប​ដោយ​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ​ពី​សំណាក់​នាយករដ្ឋមន្ត្រី គឺជា​បង្ហាញ​នូវ​ការផ្តល់​ភាព​កក់​ក្តៅ​ពី​សំណាក់​ថ្នាក់ដឹកនាំ​ទៅ​ប្រជាពលរដ្ឋ ហើយ​ពលរដ្ឋ​ក៏​មាន​ភាពកក់ក្តៅ​ចំពោះ​ថ្នាក់​ដឹកនាំ​ផងដែរ​។​

 

​បើ​តាម​អ្នកជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​រូបនេះ បានបញ្ជាក់​ថា ការបង្ហាញ​ពី​ភាពស្និទ្ធស្នាល​របស់​ប្រមុខ​រដ្ឋាភិបាល​ជា​មួយ​ប្រជាពលរដ្ឋ​នេះ  គឺជា​យុទ្ធសាស្ត្រ​នយោបាយ​ឆ្លាត​វៃ​មួយ ដែល​អាច​ធ្វើ​ឲ្យ​ប្រជា ប្រិយភាព របស់​គណបក្ស​ប្រជាជន​មាន​ការកើនឡើង​វិញ​។​

​សំឡេង​លោក រស់ រ៉ាវុធ​៖

 

​យ៉ាងណាក្តី​អ្នកវិភាគ​ទាំង​ពីរ​រូប​ខាងលើ​កបាន បញ្ជាក់ដែរថា ការបង្ហាញ​ពី​ភាពស្និទ្ធស្នាល​របស់​ប្រមុខ​រដ្ឋាភិបាល​ជា​មួយ​ប្រជាពលរដ្ឋ គឺជា​រឿង​ល្អ​មួយ​ហើយ ប៉ុន្តែ​អ្វី​ដែល​ល្អ​ជាង​នេះ​ទៅទៀត​នោះ គឺ​ការ​ធ្វើ​កំណែទម្រង់​ស៊ី​ជំរៅ​ក៏​ត្រូវតែ​ល្អ​ព្រម​គ្នា​ផងដែរ​។ ដោយ​អ្នកវិភាគ​អះអាងថា បើសិន​ជា​មេដឹកនាំ​ធ្វើ​បាន​ល្អ​នូវ​គោលនយោបាយ​ទាំង​ពីរ​ខាង​លើ​ក គណបក្ស​ប្រជាជន​កើនឡើង​ប្រជាប្រិយភាព​បន្ថែម​​៕

(ដោយ៖គួន សំបូរ)

 

ព័ត៌មានផ្សេងទៀត