សម្តេច​​​​​​ហេង សំរិន ​​​បដិសេធ​​បញ្ជូន​​សំណើរ​រ​បស់លោកអ៊ុំ សំអាន​​​​​​​​​ទៅ​​​​​​​សម្តេច​​​​នាយក​​​រដ្ឋមន្ត្រី​​​​​​​

02-02-2016 11:10 am 5256

លោក​អ៊ុំ សំអាន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ផ្ញើលិខិត​ជូន​សម្តេច​នាយករដ្ឋមន្ត្រី​ហ៊ុន សែន តាមរយៈ​ប្រធានរដ្ឋសភា ក្នុង​ការស្នើ​ដកហូត​ដី​សម្បទាន​សេដ្ឋកិច្ច ពី​កងទ័ព​វៀតណាម ដែល​កាន់កាប់ និង​បោះទីតាំង​មូលដ្ឋាន​យោធា លើ​ដី​សម្បទាន​សេដ្ឋកិច្ច នៅ​ខេត្ត​រតនគិរី​។ ប៉ុន្តែ​លិខិត​នេះ ត្រូវបាន​ប្រធាន​រដ្ឋសភា បដិសេធ​មិន​បញ្ចូនទៅ​សម្តេច​ហ៊ុន សែន​ឡើយ​។

​លិខិត​ធ្វើ​នៅ​ថ្ងៃ​ទី​២៥ មករា ឆ្នាំ​២០១៦ បាន​បញ្ជាក់​ប្រាប់​ដល់​ស​ម្តេច​ហ៊ុន សែន ថា យោង​តាម​ការចុះផ្សាយរ​បស់​សារព័ត៌មាន​ខេ​ម​បូឌា ដេលី ចុះ​ថ្ងៃ​ទី​២៨​ខែ​ធ្នូ​ឆ្នាំ​២០១៥ បាន​ផ្សាយ​ថា ឯកសារ​ទាំងឡាយ ដែល​ទទួលបាន​ពី​ទិន្នន័យ​រដ្ឋាភិបាល​បង្ហាញ​ថា តាមរយៈ​ការលក់ដូរ និង​ការផ្ទេរកម្មសិទ្ធិ​ដីធ្លី ដែល​មាន​ទំហំ​៣៩.៥៨៤​ហិកតា ឥឡូវនេះ គ្រប់គ្រង​ដោយ​ពួក​មេបញ្ជាការ​កងពល​លេខ​១៥ នៃ​កងទ័ព​ប្រជាជន​វៀតណាម​។​

​ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​កងទ័ព​ប្រជាជន​វៀតណាម​ប្រហែល​៤០.០០០​ហិកតា នៅ​ខេត្ត​រតនគិរី និង​ការ​បោះទីតាំង​មូលដ្ឋាន​កងទ័ព​យោធា របស់​កងទ័ព​ប្រជាជន​វៀតណាម លើ​ដី​សម្បទាន​សេដ្ឋកិច្ច​នេះ ជាកា​រំលោភ​មាត្រា​៥៣ នៃ​រដ្ឋធម្មនុញ្ញ ដែល​ចែង​ថា “​ព្រះរាជាណាចក្រ​កម្ពុជា មិន​អនុញ្ញាត​ឲ្យមាន​មូលដ្ឋា​ន​យោធា​បរទេស​នៅលើ​ទឹកដី​របស់​ខ្លួន​”​។

​តាមរយៈ​លិខិត​ដដែល​នេះ លោក​អ៊ុំ សំអាន ក៏បាន​សួរ​សម្តេច​នាយករដ្ឋមន្ត្រី​ដែរ​ថា តើ​ការបោះ​ទី​តាម​មូលដ្ឋាន​យោធា​របស់​កងទ័ព​ប្រជាជន​វៀតណាម លើ​ដី​សម្បទាន​សេដ្ឋកិច្ច​ក្នុង​ខេត្ត​រតនគិរី ជា​ព័ត៌មាន​ពិត​ឬទេ​? ហេតុអ្វី​បានជា​រាជរដ្ឋាភិបាល​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​កងទ័ព​ប្រជាជន​វៀតណាម​? ដូច្នេះ​សូម​សម្តេច​នាយករដ្ឋមន្ត្រី​ហ៊ុន សែន មេត្តា​ពិនិត្យ​មើល​ឡើងវិញ​។​

​គួរបញ្ជាក់​ថា លិខិត​នេះ​ត្រូវបាន​សម្តេច​ហេង សំរិន ប្រធានរដ្ឋសភា​បដិសេធ ដោយ​មិន​បាន​ចារ​ចំណារ​បញ្ជូនទៅ​សម្តេច​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ឡើយ​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត