ច្បាប់​​ចរាចរណ៍​ថ្មី​​អនុវត្ត​​តាម​​ការ​គ្រោងទុក​ ប៉ុន្តែ​​បញ្ហា​​ប្រឈម​​នៅតែ​បន្ត​​កើត​មាន​​

01-02-2016 5:28 pm 1176

ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​នៅ​ទូទាំង​ប្រទេស នា​ពេល​កន្លងមក​នេះ អនុ​គណៈកម្មាការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក រាជធានី​/​ខេត្ត បាន​ប្រតិបត្តិ​តាម​ផែនការ​ដែល​បាន​គ្រោងទុក​។ ប៉ុន្តែ ទោះបីជា​ច្បាប់​ថ្មី​នេះ បាន​ដាក់​ចេញ​ហើយ​ក៏​ដោយ គេ​សង្កេតឃើញថា បញ្ហា​ប្រឈម​មួយចំនួន​នៅតែ​បន្ត​កើតមាន ដូចជា ការយល់ដឹង​របស់​ប្រជាពលរដ្ឋ​នៅ​មាន​កម្រិត គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​កម្រិត​ធ្ងន់ធ្ងរ​នៅតែ​បន្ត​កើត​ឡើង និង​វិធានការ​ឆ្លើយតប​ក្នុង​​ការ​ទប់ស្កាត់​បទល្មើស​ចរាច​រណ៍ ដែល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ មិនទាន់​មាន​ប្រសិទ្ធភាព​ខ្ពស់​នៅឡើយ​។​

 

​ជាថ្មី​ម្តងទៀត សម្តេច​ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​​ផ្លូវ​គោក​ បាន​ចេញ​សេចក្តីណែនាំ​ស្តីពី​ការជំរុញ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​។ សេចក្តីណែនាំ ដែល​វិទ្យុ​វាយោ​ទើប​ទទួលបាន​នៅ​ថ្ងៃ​ទី​០១ ខែ​កុម្ភៈ សម្តេច​ស ខេង បាន​ជំរុញ​ឲ្យ​ប្រធាន​អនុ​គណៈកម្មាការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក រាជធានី​/​ខេត្ត ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​សេសសល់ ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ឲ្យបាន​ជា​អតិបរមា​។​

 

​បើ​យោងតាម​របាយការណ៍រ​បស់​នាយកដ្ឋាន​នគរ​បាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានឲ្យដឹងថា ត្រឹម​រយៈពេល​៣០​ថ្ងៃ នៃ​ខែ​មករា ដើមឆ្នាំ​២០១៦​នេះ គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស បាន​កើតឡើង​ចំនួន​៣១៥​លើក ថយចុះ ៣១​លើក បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៥​។ គ្រោះថ្នាក់​ជាង​៣០០​ករណីនេះ  បាន​សម្លាប់​មនុស្ស​យ៉ាងហោច​ណាស់​ចំនួន​ជិត​២០០​នាក់ និង​ជាង​៣០០​នាក់​ផ្សេង​ទៀត បាន​រងរបួស​ធ្ងន់ និង​ស្រាល​។ មូលហេតុ​ចម្បង​ដែល​នាំឲ្យ​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី​បើកបរ​ហួស​ល្បឿន​កំណត់ ដែល​មាន​រហូត​ដល់​ចំនួន​១៤២​ករណី​។​

 

​សូម​រំឭក​បន្តិច​ថា កម្ពុជា​បាន​ចាប់ផ្តើម​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី កាលពី​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៦​។ ច្បាប់​នេះ​មាន​លក្ខណៈ​តឹងរឹង ដែល​ត្រូវបាន​បង្កើតឡើង ដើម្បី​លើ​កម្ពស់​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​។ យ៉ាងណា ការអនុវត្ត​ច្បាប់​ថ្មី​នេះ​ទៀតសោត​មិនទាន់បាន​មួយ​សប្តាហ៍​នោះទេ ត្រូវ​​គេ​​មើល​ឃើញ​ថា​ ​​មាន​ការប្រទាំងប្រទើស​យ៉ាងខ្លាំង​ជាមួយ​ប្រជាពលរដ្ឋ​ស្ទើរ​ទូ​ទាំង​ប្រទេស​។ ជាពិសេស ចម្រូង​ចម្រាស់​​ពី​​ប្រជាពលរដ្ឋ​ទៅលើ​ការធ្វើ​ប័ណ្ឌបើកបរ​ម៉ូតូ​តែ​ម្តង​។​

 

​ក្រោយមក ក្រុមការងារ​គណៈកម្មាកា​រ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ប្រកាស​ពន្យា​ពេល​ផាកពិន័យ​ទៅលើ​ឯកសារ​មួយចំនួន​ និង​បាន​កោះ​ប្រជុំ​ធ្វើ​វិសោធនកម្ម​លើ​មាត្រា​ដែល​ចម្រូងចម្រាស់ នោះ​ផង​ដែរ​។ ប៉ុន្តែ​ចាប់ពី​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៦​តទៅ នគរបាល​ចរាចរ​នឹង​ចាប់ផ្តើម​បើក​ប្រតិបត្តិការ​ត្រួតពិនិត្យ​ឡើងវិញ រាល់​ឯកសារ​ដែល​ពាក់ព័ន្ធ​នឹង​យានយន្ត​ទាំងអស់ ដែល​មានចែង​នៅក្នុង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​។ មានន័យ​ថា រាល់​ឯកសារ​មួយចំនួន​ដែល​ពន្យា​ពេល​ផាកពិន័យ​នាពេល​បច្ចុប្បន្ន​នេះ នគរបាល​នឹង​អនុវត្ត​តាម​ច្បាប់​ឲ្យបាន​ពេញលេញ​ឡើងវិញ​៕

(​ដោយ​៖ អឿន ភា​រ៉ា​)


ព័ត៌មានផ្សេងទៀត