ករណី​​ឯកឧត្តម​​សម រង្ស៊ី​​ត្រូវបាន​​គណបក្ស​​ប្រជាជន​និង​​សង្គ្រោះ​ជាតិ​​ចោទ​​គ្នា​​ជា​​ជន«​កំសាក»​

01-02-2016 4:59 pm 3449

​ឆ្លើយតប​ទៅនឹង​ការលើកឡើង របស់​ឯកឧត្តម សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែរ​ថា អ្នក​មិន​ឲ្យ​លោក​ចូល​ប្រទេស​កម្ពុជា ជា​ជន​កំសាក​នោះ លោក​សុខ ឥសាន មន្ត្រី​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​លើកឡើង​ថា ឯកឧត្តម សម រង្ស៊ី​ទេ ជា​មនុស្ស​កំសាក​។ ជា​មនុស្ស​កំសាក ត្រូវបាន​លោក សុខ ឥសាន បញ្ជាក់ថា ដោយសារ​តែ​ឯកឧត្តម សម រង្ស៊ី​មិន​ហ៊ាន​ចូល​ស្រុក ប្រឈម​នឹង​ផ្លូវច្បាប់ ហើយ​គណបក្ស​ប្រជាជន​កម្ពុជា​មិន​ដែល​ខ្លាច​គួរ​ប្រកួត​នោះឡើយ​។

​សំឡេង លោក សុខ ឥសាន​៖

 

​ឯកឧត្តម សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ថ្ងៃ​ទី​៣១ ខែ​មករា  បាន​លើកឡើង​ថា អ្នក​ដែល​មិន​ឲ្យ​សម រង្ស៊ី ចូល​ប្រទេស​កម្ពុជា​វិញ គឺ​ខ្លាច​សម រង្ស៊ី គឺ​មនុស្ស​នោះ​កំសាក ខ្លាច​សម រង្ស៊ី​។ ប្រធាន​គណបក្សប្រឆាំង​រូបនេះ​បញ្ជាក់ថា ការបោះឆ្នោត​នៅ​កម្ពុជា​នៅពេល​ខាងមុខ​នេះ អាច​ទទួលយកបាន លុះត្រាតែ​មាន​វត្តមានរ​បស់​រូបលោក ដែល​ជា​ប្រធាន​គណបក្សប្រឆាំង​ចូលរួម​ផង​ដែរ​។​

​សំឡេង ឯកឧត្តម សម រង្ស៊ី​៖

 

​គួរបញ្ជាក់​ថា ឯកឧត្តម សម រង្ស៊ី ត្រូវបាន​តុលាការ​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន ពាក់ព័ន្ធ​នឹង​សំណុំរឿង​ចំនួន​ពីរ​។ ទី​១ ឯកឧត្តម ជាប់​ពាក់ព័ន្ធ​នឹង​បទ​បរិហាកេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​ឲ្យមាន​ការ​រើស​អើង ដែល​ប្តឹង​ដោយ លោក ហោ ណាំហុង​។ ទី​២​ឯកឧត្តម ពាក់ព័ន្ធ​នឹង​ការ​ចោទ ប្រកាន់ សមគំនិត​ក្លែងបន្លំ​ឯកសារ ក្នុង​សំណុំរឿង​របស់​អតីត​សមាជិក​ព្រឹទ្ធ​សភា​មកពី​គណបក្ស​សម រង្ស៊ី លោក ហុង សុខ​ហួរ​។​

 

​ពាក់ព័ន្ធ​ចំពោះ​ករណី ឯកឧត្តម សម រង្ស៊ី​នេះ កន្លងមក​លោក​ហ៊ុន ម៉ា​នី កូនប្រុស​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​តំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ របស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ថ្លែងថា ឯកឧត្តម សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​គេច​ពី​ការចាប់ខ្លួន អាច​នឹង​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​នៅ​ឆ្នាំ​២០១៨​ខាងមុខ ប៉ុន្តែ​លោក​មិន​បាន​ពន្យល់​ថា​ត្រូវធ្វើ​យ៉ាងម៉េច​នោះ​ទេ​​។​

 

​ប៉ុន្តែ​យ៉ាងណាក្តី កាលពី​ថ្ងៃ​ទី​២៨ ធ្នូ ២០១៥ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ខ្លាំង​ថា លោក​នឹង​កាត់​ដៃស្តាំ​របស់​លោកចោល ប្រសិន​បើ​លោក​ចុះហត្ថលេខា លើកលែង​ទោស​ឲ្យ​លោក សម រង្ស៊ី ចូល​ប្រទេស​កម្ពុជា​៕

(ដោយ៖គួន សំបូរ)

 

 

 


ព័ត៌មានផ្សេងទៀត