លោកសួន​ សេរីរដ្ឋា​៖កម្ពុជា​ជាប់ជា​ប្រទេស​ពុករលួយ​ដោយសារ​ដឹកនាំ​ដោយ​ជន​ពុករលួយ​

01-02-2016 3:00 pm 1707

លោកសួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ បានលើកឡើងថា ប្រទេសកម្ពុជា ជាប់ចំណាត់​ថ្នាក់​ជាប្រទេសពុករលួយជាងគេ គឺដោយសារតែរដ្ឋាភិបាលពុករលួយ ហើយប្រទេសជាតិ​ទាំងមូល​កំពុង​ដឹកនាំដោយក្រុមជនពុករលួយ ។ការលើកឡើងដូច្នេះធ្វើឡើង​នៅលើបណ្តាញសង្គមFacebook ផ្ទាល់​ខ្លួនរបស់លោកនៅព្រឹកថ្ងៃទី០១ កុម្ភ: នេះ។

 

លោកសួន សេរីរដ្ឋាបញ្ជាក់ថា ទ្រព្យសម្បត្តិរបស់គ្រួសារមេដឹកនាំ និងមន្ត្រី រដ្ឋាភិបាល រាប់ចាប់ពីថ្នាក់​អភិបាលរងស្រុក ក្រុង ខ័ណ្ឌ ឡើងទៅគឺជាទ្រព្យសម្បត្តិពុករលួយ ដែលបានមកពីសំណូក សូកប៉ាន់ អំពើពុករលួយ និងការកេងប្រវ័ញ្ច ពីជាតិ ។លោកថា ដូច្នេះហើយបានជាពួកមន្ត្រី ដែលជាក្រុម​ពុក​រលួយ​ទាំងអស់នោះ មានទ្រព្យសម្បត្តិ និងសល់ភោគទ្រព្យលើសពី​ចំនួនប្រាក់ខែ​ដែលខ្លួន​ទទួលបាន ។ លោក សេរីរដ្ឋាឲ្យដឹងទៀតថាបើនៅតែបន្តគាំទ្រ ពួកពុករលួយនេះឲ្យកាន់អំណាច នោះប្រទេស​ខ្មែរ​នឹងរលាយ ដោយស្នាដៃពួកជនពុករលួយទាំងនេះមិនខាន។

 

ទាក់ទងនឹងការចោទប្រកាន់ខាងលើនេះ វិទ្យុវាយោមិនអាចសុំការបំភ្លឺពីលោកផៃ ស៊ីផាន អ្នកនាំ​ពាក្ស​រដ្ឋាភិបាលបានទេនៅរសៀលថ្ងៃទី ០១ កុម្ភ: នេះ ៕

 

(ដោយ៖ខាត់ សុធី)

ព័ត៌មានផ្សេងទៀត