សម្តេចហ៊ុន​ សែន​មានមោទនភាព​ដែល​បានរំដោះ​ប្រជាជន​ចេញ​ពីរបបប៉ុល​ ពត​

01-02-2016 10:59 am 1063

ថ្លែងនៅលើបណ្តាញសង្គម Facebook​ សម្តេចហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាបានរំឭកពីអតីតកាល នៃភាពជូរចត់របស់ប្រទេស ដែលធ្លាប់ស្ថិតក្នុងរបបប៉ុល ពត កាលពីអំឡុងឆ្នាំ១៩៧៥ដល់ ឆ្នាំ១៩៧៩ ប៉ុន្តែទោះយ៉ាងណា សម្តេចបានសម្តែងនូវមោទនភាព ដែលបានចូលរួមរំដោះប្រទេសជាតិ ចេញពី​របបប៉ុល ពតដ៏ខ្មៅងងឹតនេះ។សម្តេចបានលើកឡើងថា៖« ទោះជាជីវិតខ្ញុំ​ពោរពេញដោយទុក្ខសោក​ស្ទើរស្លាប់ស្ទើររស់ តែខ្ញុំពិតជាមានមោទនភាព ដែលបានចូលរួមរំដោះប្រជាជនចេញពីរបប ប៉ុល ពត ដឹកនាំការស្វែងរកសន្តិភាព ពិសេសនយោបាយឈ្នះៗ ដែលធ្វើឱ្យកម្ពុជាមានសន្តិភាពទាំងស្រុង ដែលផ្តល់ឱកាសសម្រាប់ការអភិវឌ្ឍប្រទេស» ។

 

ការរំឮកឡើងវិញនូវរឿងអតីតកាលនេះ ធ្វើឡើងបន្ទាប់ពីសម្តេចធ្វើដំណើរពិនិត្យការរៀបចំសួនច្បារ កន្លែងហាត់ប្រាណ និងកន្លែងកម្សាន្តរបស់ប្រជាពលរដ្ឋកាលពីល្ងាចថ្ងៃទី៣១ មករា ម្សិលមិញ។​នាឱកាសនោះផងដែរសម្តេចក៏បានអរគុណបងប្អូនជនរួមជាតិដែលផ្តល់នូវការគាំទ្រ និងស្រឡាញ់​រាប់អាន។ សម្តេចបានថតរូបជាមួយប្រជាពលរដ្ឋយ៉ាងសប្បាយ  បានពិសានំបញ្ចុក ផ្លែខ្នុរ និង បានពរចៅៗមួយចំនួនដោយក្តីស្រឡាញ់ ។ ហើយសម្តេចក៏សុំទោសបងប្អូនមួយចំនួន​ដែលចង់​ថតរូបជាមួយ តែមិនបានថតដោយមនុស្សច្រើនពេក។

 

សម្តេចហ៊ុន សែនបានបញ្ជាក់ជាចុងក្រោយថា ការបំផ្លាញសន្តិភាពវាងាយស្រួល តែការរកសន្តិភាព​និងថែរក្សាសន្តិភាពគឺជាកិច្ចការដ៏លំបាក។ហើយសម្តេចសង្ឃឹមថា ជនរួមជាតិនឹងបន្តរួមដំណើរ​ជាមួយសម្តេច ដើម្បីរក្សាសន្តិភាព និងការអភិវឌ្ឍប្រទេសជាបន្តទៀត៕

 

(ដោយ៖ខាត់ សុធី)

ព័ត៌មានផ្សេងទៀត