ក្រុម​អភិរក្ស​ប្រាសាទ​នាំគ្នា​សំអាត​ប្រាសាទក្រហម​

01-02-2016 8:16 am 1284

​យោង​តាម​គេហទំព័រ​ហ្វេ​ស ប៊ុក របស់​អាជ្ញាធរ​ជាតិ​អប្សរា​បានឲ្យដឹងថា​ប្រាសាទ​ក្រហម​ជា​ប្រាសាទ​ឥដ្ឋ​ដែល​មាន​តម្កល់​រូប​ព្រះ​ឥសូរ​រាំ​ដ៏​អស្ចារ្យ​កម្ពស់​៤.៥០​ម៉ែត្រ (​បច្ចុប្បន្ន​សល់​តែ​បំណែក​ខ្លះ​នៅក្នុង​ប្រាសាទ ឯ​ខ្លះ​ទៀត​រក្សាទុក​នៅ​សារមន្ទីរ​អង្គរ​) តាម​រចនាបថ​កោះ​កេរ ឧទ្ទិស​ចំពោះ​ព្រហ្មញ្ញសាសនា​។

 

​ក្នុង​គេហទំព័រ​ហ្វេ​ស ប៊ុក ដដែល​បានឲ្យដឹង​ទៀត​ថា​ចំពោះ​ការថែរក្សា និង​អភិរក្ស​វិញ ប្រាសាទ​នេះ​ត្រូវបាន​ភ្នាក់ងារ​អភិរក្ស​ប្រាសាទ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ​របស់​អាជ្ញាធរ​ជាតិ​អប្សរា រៀបចំ​តម្លើង​រន្ទា​ដែក​ដើម្បី​ដក​សម្អាត​ស្មៅ​និង​កូន​រុក្ខជាតិ​ដែល​ដុះ​នៅតាម​តួ​ប្រាសាទ​និង​លើ​កំពូល​ប្រាសាទចេញ​កាលពី​ថ្ងៃ​ទី​២៨​ខែ​មករា​ឆ្នាំ​២០១៦​កន្លងទៅ​។​

 

​លោក សំ សា​រេ​ត ប្រធាន​ការិយាល័យ​នៃ នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ​បានឲ្យដឹងថា ជា​រៀងរាល់​ឆ្នាំ​ឲ្យតែ​ដល់​រដូវប្រាំង​ក្រុមការងារ​តែង​តែង​ឡើង​សម្អាត​ស្មៅ​និង​ដក​កូន​រុក្ខជាតិ​តូចធំ​ដុះ​លើ​តួ​និង​កំពូល​ប្រាសាទក្រហម​និង​ប្រាសាទ​ផ្សេងៗ​ជាប្រចាំ​។ ហើយ​នេះ​ជា​លើក​ទី​១​ដែល​ក្រុមការងារ​សាកល្បង​តម្លើង​រន្ទា​ដែក​សម្រាប់​ឡើង​ដក​សម្អាត​ស្មៅ​និង​កាត់​ក្រី​រុក្ខជាតិ​នៅលើ​ប្រាសាទ​ក្រហម​ដែល​មាន​កម្ពស់​ជាង​៣០​ម៉ែត្រ​នៅ​តំបន់​កោះ​កេរ​ដោយ​ខ្លួនឯង ។​

 

លោក សា​រេ​ត បាន​បន្ថែមទៀតថា សព្វថ្ងៃនេះ យើង​មាន​រន្ទារ​ដែក​១៥០​ដើម​និង​មាន​បុគ្គលិក​១០​នាក់ សម្រាប់​ដំណើរការ​ការងារ​នេះ​។ ដោយឡែក​លោក ហុង ហាក់ ជា​បុគ្គលិក​ជំនាញ​ដែល​បាន​ផ្តួចផ្តើម​រៀបរ​ន្ទា​នេះ បាន​ប្រាប់ថា លោក​ធ្លាប់មាន​បទពិសោធន៍ សម្អាត​តាម​ប្រាសាទ​កន្លងមក​នៅក្នុង​តំបន់​អង្គរ ទើប​យក​ចំណេះដឹង​ទាំងនោះ​មក​អនុវត្ត​នៅ​ប្រាសាទក្រហម​ម្តង ដើម្បី​ងាយស្រួល​ឡើង​សម្អាត​។

 

​លោក​ក៏​បាន​បន្តទៀតថា ការសំអាត​ប្រាសាទក្រហម​នេះ​មាន​ការលំបាក​ច្រើន ហើយ​ប្រឈម​នឹង​គ្រោះថ្នាក់​ខ្លាំង​ជាង​ការសម្អាត​ប្រាសាទ​នៅ​តំបន់​អង្គរ ព្រោះ​ប្រាសាទ​នៅ​តំបន់​នេះ​ធ្វើ​ពី​ឥដ្ឋ ពិសេស​ប្រាសាទក្រហម វា​ងាយ​ពុកផុយ និង​ជ្រុះ​ជាប្រចាំ មិន​ធន់​នឹង​កម្លាំង​សង្កត់ធ្ងន់​បានឡើយ ។​លោក​បន្ត​ទៀត​ថា ចំពោះ​ការ​តម្លើង​រន្ទា​ដែក​ដើម្បី​សម្អាត​ប្រាសាទ​នី​មួយៗ គឺ​មិន​ឲ្យ​ប៉ះតួ​ប្រាសាទឡើយ ហើយ​ប្រើ​រយៈពេល​បី​ថ្ងៃ​ទើប​តំឡើង​រួច​ឯការ​កាត់​សម្អាត​វិញ​យើង​ចំណាយ​ពេល​ត្រឹមតែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ​នឹង​រួចរាល់​ហើយ​។

 

សូមប​បញ្ជាក់​ផង​ដែរ​ថា​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ធ្វើ​កិច្ចការងារ​នេះ​ជាប្រចាំ​តាំងតែ​ពី​ឆ្នាំ​២០០៥​មក​ដើម្បី​ថែរក្សា​ការពារ​នូវ​ប្រាង្គ​ប្រាសាទបុរាណ​ទាំងអស់​ក្នុង​តំបន់​កោះ​កេរ ដែលជា​កេរ្តិ៍តំណែល​របស់​បុព្វបុរស​យើង​និង​ជា​មត៌ក​សម្បត្តិ​វប្បធម៌​បេតិកភណ្ឌ​មនុស្សជាតិ​មិន​អាច​កាត់ថ្លៃ​បាន​ក្នុង​លោក ឲ្យ​គង់វង្ស មិន​ឲ្យ​ខូច​បាក់បែក និង​បាត់បង់​សម្រស់​សោភណភាព​របស់​ប្រាសាទ​ទាំងមូល​៕

(​ដោយ​៖​ថា ចាន់​ធី​)


ព័ត៌មានផ្សេងទៀត