លោក​​កែម ឡី ​បង្ហាញ​ពី​​ដំណោះស្រាយ​​ក្នុង​ការ​ការពារ​​ព្រៃ​ឈើ​​

31-01-2016 7:06 pm 2152

​នៅលើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក នា​ល្ងាច​ថ្ងៃទី​៣១ ខែ​មករា លោក​កែម ឡី អ្នកតាមដាន​ស្ថានការណ៍​សង្គម​កម្ពុជា បាន​បង្ហាញ​ពី​ដំណោះស្រាយ​ក្នុង​ការការពារ​ព្រៃឈើ​។ លោក​កែម ឡី បាន​សរសេរ​រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖

​ដំណោះស្រាយ​ក្នុង​ការការពារ​ព្រៃឈើ​

​ព្រៃ​ឡង់​

​ព្រៃឈើ​ខ្មែរ​ខិតខំ​សន្សំ​រាប់ពាន់​ឆ្នាំ​ដោយ​ពលរដ្ឋ​ខ្មែរ​រាប់រយ​ជំនាន់ តែ​ត្រួវ​បំផ្លាញ​ដោយ​មនុស្ស​តែ​មួយ​ក្រុម​តូច និង​មួយ​ជំនាន់​គត់​។ ធ្វើ​វិមជ្ឈការ​(​ប្រគល់​សិទ្ធិ​អំណាច​)​ដល់​សហគមន៍​ព្រៃឈើ សហគមន៍​ជនជាតិដើម​ភាគតិច និង​សហគមន៍​ព្រៃ​ឡង់​ទាំង​ស្រុក​ក្នុង​ការគ្រប់គ្រង ថែរក្សា ការពារ​និង​ដក​ផល​ពី​អនុផល​ព្រៃឈើ​ក្នុង​សហគមន៍​របស់​ពួកគាត់​។​

១. សហគមន៍​នីមួយៗ​ធ្វើបញ្ជី​សារពើ​ភណ្ឌ​អំពី​ប្រភេទ​ឈើ អាយុកាល​របស់​ឈើ និង​ទីតាំង​ភូមិសាស្ត្រ​។​

២. សហគមន៍​នីមួយៗ​ត្រូវ​រៀបចំ​ធ្វើ​ផែនទី​និង​ចុះបញ្ជី​ព្រៃ​សហគមន៍​ទាំងអស់​ទៅ​តាម​ទីតាំង​ភូមិសាស្ត្រ​។​

៣. សហគមន៍​អាច​ចលនា​ធនធាន​ថវិកា​និង​ធនធានមនុស្ស​ពី​ថ្នាក់​ខេត្ត ក្រសួង​ជំនាញ​ក្នុង​ការគ្រប់គ្រង និង​ដក​ផល​ពី​អនុផល​ព្រៃឈើ​។​

៤.​សហគមន៍​អាច​កាប់​ឈើ​តាម​លក្ខណៈ​បច្ចេកទេស​របស់​ខ្លួន​ស្រប​តាម​ស្តង់ដា​របស់​ក្រសួង​ជំនាញ និង​រដ្ឋ​កំណត់​។​

៥. សហគមន៍​មាន​សិទ្ធិ​ពេញលេញ​ក្នុងការ​ធ្វើ​សេចក្តីសម្រេចចិត្ត​លើ​ការគ្រប់គ្រង​និង​រៀបចំ ជា​តំបន់​សិក្សា​ស្រាវជ្រាវ​។​

៦.​សហគមន៍​មាន​សិទ្ធិ​រៀបចំ​តំបន់​ទេសចរណ៍ធម្មជាតិ អេកូ​ទេ​ចរណ៍ និង​ប្រព័ន្ធ​ជីវៈចម្រុះ​ទៅ​តាម​ការ​បណ្តុះបណ្តាល​ពី​ថ្នាក់ជាតិ និង​អ្នកជំនាញ​។​

៧.​សហគមន៍​មាន​សិទ្ធិ​រៀបចំ​សាកល្បង​ក្នុង​ការបង្កើត​បច្ចេកទេស​ផលិត​កា​បោន​សម្រាប់លក់​ក្នុង​ករណី​អាច​ធ្វើបាន​។​

៨.​សហគមន៍​ត្រូវ​ទទួល​ធ្វើ​ការសហការ​ជាមួយ​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​និង​ការិយាល័យ​ជំនាញ​ក្នុង​ការអភិវឌ្ឍន៍​តំបន់​ទេសចរណ៍​។​

៩. សហគមន៍​មាន​សិទ្ធិ​ប្តឹង និង​ជា​ដើមបណ្តឹង​ករណី​ដែល​មាន​បទល្មើស​ព្រៃឈើ​ស្ថិតនៅ​តំបន់​របស់​ខ្លូន​។​

១០. សហគមន៍​ត្រូវ​មាន​ការសហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ និង​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ការពង្រឹង​ប្រសិទ្ធិភាព​នៃ​កិច្ច​គាំពារ​។​

១១. សហគមន៍​មាន​សិទ្ធិ​រៀបចំ​ក្រុម​ល្បាត​ព្រៃ និង​ទទួល​ជំនួយ​បច្ចេកទេស​ពី​ស្ថាប័ន​ជាតិ និង​អន្តរជាតិ​ក្នុង​ការអភិរក្ស​ព្រៃ​និង​សត្វព្រៃ​ក្នុង​តំបន់​របស់​ខ្លួន​។​

១២. សហគមន៍​ពុំមាន​សិទ្ធិ​ក្នុង​ការបំផ្លាញ និង​ប្រែក្លាយ​តំបន់​របស់​ខ្លួន​ទៅ​ជា​តំបន់​កសិឧស្សហកម្ម​ឡើយ​។​

១៣. រដ្ឋាភិបាល​ថ្នាក់​ខេត្ត ថ្នាក់​ជាតិ​មិន​មាន​សិទ្ធិ​ចាត់ចែង និង​ផ្តល់​តំបន់​របស់​សហគមន៍​ឲ​ទៅ​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​អ្វីមួយ​ឡើយ​។

 

​អ្នក​ជាតិ​និយម​ចូលចិត្ត​ភ្ជាប់​ខ្លួន​ទៅ​នឹង​ធម្មជាតិ ព្រៃឈើ បឹង ទន្លេ សមុទ្រ ព្រំដែន និង​ភូមិកំណើត​របស់​ខ្លួន​ដែល​មាន​ធម្មជាតិ​ស្អាត​ល្អ តែ​ផ្ទុយទៅវិញ អ្នក​បំផ្លាញ​ជាតិ​ចូល​ចិត្ត​យក​ធម្មជាតិ​មក​ជា​កម្មសិទ្ធិ​ខ្លួន​ឯង និង​សុខចិត្ត​លក់​ទឹកដីឲ​ជាតិ​ដ៏ទៃ​ដើម្បី​ពង្រឹង​អំណាច​ដឹកនាំ និង​សម្ភារៈ​។

​នេះ​គ្រាន់តែ​ជា​គំនិត​មួយ​ជ្រុង​តូច​ចេញពី​ការវិភាគ និង​ការសិក្សា​ស្រាវជ្រាវ​កន្លង​មក​ជាលក្ខណៈ​បុគ្គល​ខ្ញុំ​បាទទេ សូម​ផ្តល់​គំនិត​បន្ថែម​។​

ព័ត៌មានផ្សេងទៀត