ប្រាក់​១​លាន​​ដុល្លារ​​បាន​​ឧបត្ថម្ភ​​លើ​​គម្រោង​​ជួយ​​ជន​រងគ្រោះ​​ផ្នែក​​ហិង្សា​​យេនឌ័រ​​ក្នុង​​សម័យ​​ខ្មែរ​ក្រហម​​

31-01-2016 4:25 pm 1159

​សាលាក្តី​ខ្មែរក្រហម​បានប្រកាសថា អង្គការសហប្រជាជាតិ​ដើម្បី​លុបបំបាត់​អំពើហិង្សា​លើ​ស្ត្រី​(UNTF/UN Women) បាន​ផ្តល់​មូលនិធិ​ចំនួន​១​លាន​ដុល្លារ​សហរដ្ឋអាមេរិក សម្រាប់​ការអនុវត្ត​គម្រោង​ដែល​មានឈ្មោះ​ថា «​ការលើកកម្ពស់​សមភា​ព​យេនឌ័រ និង​ការធ្វើអោយ​ប្រសើរ​ឡើង​លើ​លទ្ធភាព​ទទួលបាន​យុត្តិធម៌​ដល់​ដើមបណ្តឹង​រដ្ឋប្បវេណី​ស្ត្រី និង​ជនរងគ្រោះ​ផ្នែក​ហិង្សា​ផ្លូវភេទ​ក្នុង​សម័យ​ខ្មែរក្រហម ដំណាក់កាល​ទី​២»​។​

 

​គម្រោង​នេះ អនុវត្ត​ដោយ​អង្គភាព​គាំពារ​ជនរងគ្រោះ​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​(​អ​.​វ​.​ត​.​ក​) សហការ​ជាមួយ​អង្គការ​ចិត្ត​សង្គម​អន្តរ​វប្បធម៌​(​ធី​.​ភី​.​អូ​) ដើម្បី​ឲ្យ​ប្រាកដថា ស្ត្រី​ដែល​ជា​ដើម​បណ្តឹងរដ្ឋប្បវេណី ពិសេស​ជន​រងគ្រោះ​អំពើហិង្សា​យេនឌ័រ​ក្នុងសម័យ​ខ្មែរ​ក្រហម​មាន​លទ្ធភាព​ទទួលបាន និង​សប្បាយរីករាយ​ជាមួយនឹង​កិច្ចដំណើរការ​ស្វែងរក​យុត្តិធម៌​អន្តរកាល និង​សំណង​នៅ​ចុងឆ្នាំ ២០១៨​។​

 

​សាលាក្តី​ខ្មែរក្រហម​បានបញ្ជាក់ នៅក្នុង​សេចក្តីប្រកាស​ថា ប្រាក់​មូលនិធិ​១​លាន​ដុល្លារ គឺ​សម្រាប់​អនុវត្ត​គម្រោង​នេះ​រយៈពេល​បី​ឆ្នាំ ដោយ​បាន​ចាប់ផ្តើម​ពី​ខែ​មករា ឆ្នាំ​២០១៦ ក្រោម​កម្មវិធី​វិធានការ​នានា​ក្រៅ​បច្ចេកទេស​តុលាការ​នៃ​អ​.​វ​.​ត​.​ក​។ គម្រោង​នេះ​នឹង​ចូលរួម​ចំណែក​ក្នុង​ការសម្រេច​គោលបំណង​ចម្បង​នៃ​អង្គការ UN Women ក្នុង​ការការពារ និង​បញ្ចប់​អំពើហិង្សា​លើ​ស្ត្រី និង​ក្មេង​ស្រី​ក្នុង​សង្គម​បច្ចុប្បន្ន​។​

 

​គម្រោង​ដែល​ជួយ​ជនរងគ្រោះ​លើ​ផ្នែក​ហិង្សា​យេនឌ័រ​ក្នុងសម័យ​ខ្មែរក្រហម ដំណាក់កាល​ទី​២​នេះ អង្គភាព​គាំពារ​ជនរងគ្រោះ​នៃ​អ​.​វ​.​ត​.​ក នឹង​អនុវត្ត​សកម្មភាព​មួយ​ចំនួន​ជារួម​មាន​៖ ការផ្តល់​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការយ​ល់​ដឹង​ពី​យេនឌ័រ វេទិកា​ស្តាប់​សម្លេង​ស្ត្រី វេទិកាសាធារណៈ កម្មវិធី​ផ្សាយ​តាម​វិទ្យុ ដោយ​មាន​ការពិភាក្សា​តាម​ទូរស័ព្ទ វគ្គ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ ការចូលរួម​របស់​ដើមបណ្តឹង​នៅក្នុង​សវនាការ តំណាង​ផ្នែក​ច្បាប់ និង​បន្ត​លើកកម្ពស់​ការយល់ដឹង​អំពី​អំពើហិង្សា​ប្រឆាំង និង​ស្ត្រី​ក្នុងសម័យ​ខ្មែរក្រហម​។ ជាមួយគ្នានេះ អង្គការ​ធី​. ភី​. អូ នឹង​ធ្វើ​អន្តរាគមន៍​ផ្នែក​ផ្លូវចិត្ត​ជាមួយ​ដើម​បណ្តឹងរដ្ឋប្បវេណី​នៅក្នុង​ខេត្ត​មួយចំនួន​ក្នុង​ប្រទេស​កម្ពុជា​។​

 

​សេចក្តីប្រកាស​របស់​សាលាក្តី​ខ្មែរក្រហម បាន​រំលឹកថា គម្រោង​ដំណាក់កាល​ទី​១ ដែល​បាន​អនុវត្ត​ចាប់​ពី​ឆ្នាំ​២០១១ ដល់​ឆ្នាំ​២០១៤ បាន​ផ្តល់​លទ្ធផល​យ៉ាង​ល្អប្រសើរ​គួរឲ្យកត់សម្គាល់ និង​ផ្តល់​ឥទ្ធិពល​វិជ្ជមាន​យ៉ាងច្រើន​ដល់​ស្ត្រី និង​ជង​រងគ្រោះ​អំពើហិង្សា​យេនឌ័រ​ក្នុងសម័យ​ខ្មែរក្រហម​ដែល​នៅ​រស់រាន​មានជីវិត​។ គម្រោង​នេះ​បាន​លើកយក​បញ្ហា​ហិង្សា​យេនឌ័រ​ដែល​មិន​ធ្លាប់​មាន​ការចាប់អារម្មណ៍​ពី​​មុន​ទៅ​កាន់​​សាធារណជន បាន​ធ្វើឲ្យ​សម្លេង​ជនរងគ្រោះ​ត្រូវបាន​គេ​ដឹង​ព្ញ និង​បាន​ផ្សព្វផ្សាយ​ទៅ​កាន់​ដើមបណ្តឹង​រដ្ឋប្បវេណី​ប្រមាណ​ជា​៨០០​នាក់ តាមរយៈ​ការចូលរួម​របស់​ពួក​គាត់​នៅក្នុង​វេទិកា​ថ្នាក់​តំបន់ សិក្ខាសាលា វេទិកា​ស្តាប់​សំឡេង​ស្ត្រី ការ​ចងក្រង​ជា​សក្ខីកម្ម ក្រុម​ជួយ​ខ្លួនឯង និង​វេទិកា​សន្ទនា​សហគមន៍​អំពី​អំពើហិង្សា​យេនឌ័រ​៕

(​ដោយ​៖ អឿន ភា​រ៉ា​)


ព័ត៌មានផ្សេងទៀត