លោក​អ៊ុំ សំអាន​៖ ​លោក​សុខ ​ទូច ​និយាយ​​ខុស​​លើ​ករណី​​វៀតណាម​​បោះបង្គោល​​ចូល​ដី​ខ្មែរ​​

31-01-2016 4:15 pm 4530

លោក​អ៊ុំ សំអាន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ល្បីឈ្មោះ​ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​ព្រំដែន​កម្ពុជា​-​វៀតណាម បាន​ចេញមុខ​អះអាង​ថា ការលើកឡើង​របស់​លោក​សុខ ទូច ដែល​ថា​ភាគី​វៀតណាម​បោះបង្គោល​ចូល​ទឹកដី​កម្ពុជា​ពី​៣​ទៅ​៥​ម៉ែត្រ​ពី​បង្គោល​ចាស់ សម័យ​អាណានិគម​បារាំង នោះ​ជា​រឿង​មិន​ពិត​។


​ជា​សារ​ដែល​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វ៊េ​សប៊ុក នា​រសៀល​ថ្ងៃ​ទី​៣១ មករា បន្ទាប់​ពី​សារព័ត៌មាន​ក្នុងស្រុក​បាន​ផ្សាយ​ថា​ក្រុម​ស្រាវជ្រាវ​កិច្ចការ​ព្រំដែន​របស់​រដ្ឋាភិបាល នៅ​រាជបណ្ឌិត្យសភាកម្ពុជា អះអាងថា ខ្លួន​បាន​រកឃើញ​បង្គោល​ព្រំដែន​រវាង​កម្ពុ​ជា​វៀតណាម​ដែល​បោះ​រួច​ភាគច្រើន នឹង​បាន​បោះ​ចូល​ខាង​ដី​កម្ពុជា​ពី​៣​ទៅ​៥​ម៉ែត្រ រួចមក លោក​អ៊ុំ សំអាន បានលើកឡើង ដោយ​ភ្ជាប់​នូវ​រូបភាព​បង្គោល​ព្រំដែន​ពីរ​សន្លឹក ថា “​តាមពិត ដូច​រូបថត​ទី​១ បង្គោល​ព្រំដែន​ថ្មី​បោះ​ពី ៣​ម៉ែត្រ​ទៅ​៥​ម៉ែត្រ ពី​បង្គោល​វៀតណាម​បោះ​ចន្លោះ​ឆ្នាំ​១៩៨៦-១៩៨៨ បោះ​តាម​សន្ធិសញ្ញា​ឆ្នាំ​១៩៨៥ សម័យ​យួន​ត្រួតត្រា​ខ្មែរ​។ បង្គោល​ចាស់​នេះ​មិនមែន​បង្គោល​បារាំង​ដូច​លោក សុខ ទូច អះអាង​នោះ​ទេ គឺ​បង្គោល​បោះ​នា​ទសវត្ស​១៩៨០ ។ រូប​ទី​៦​គឺ​បង្គោល​នា​ទសវត្ស​១៩៨០​។ សរុបមក បង្គោល​ថ្មី​បោះ​ឆ្ងាយ​ពី​ង្គោ​ល​បារាំង មិនមែន​ត្រឹមតែ ៣​ម ទៅ​៥​ម នោះទេ​។ ៣​ម ទៅ​៥​ម គឺ​បោះ​ក្បែរ​បង្គោល​នា​ទសវត្ស​១៩៨០​។​”


​លោក សុខ ទូច ប្រធាន​ក្រុម​ស្រាវជ្រាវ​កិច្ចការ​ព្រំដែន​របស់​រដ្ឋាភិបាល​បាន​រ៉ាយរ៉ាប់​ប្រាប់​សារព័ត៌មាន   ក្នុង​ស្រុក​ថា ក្រុមការងារ​របស់​លោក បាន​ចុះ​ស្រាវជ្រាវ​រកឃើញ​បង្គោល​ព្រំដែន​រវាង​កម្ពុ​ជា​វៀតណាម​ដែល​បោះ​ហើយ ភាគច្រើន​បង្គោល​ទាំងនោះ លោក​ថា​ភាគី​វៀតណាម​បោះ​ចូល​ទឹកដី​កម្ពុជា​ពី​៣​ទៅ​៥​ម៉ែត្រ​ពី​បង្គោល​ចាស់ សម័យ​អាណានិគម​បារាំង​។​


​យ៉ាងណាក៏ដោយ រឿងរ៉ាវ​នៃ​ការបោះបង្គោល​ព្រំដែន​នេះ នឹង​លម្អិត​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី “​ដំណើរការ​ទូទៅ​នៃ​ការស្រាវជ្រាវ​ព្រំដែន​កម្ពុជា​-​វៀតណាម​” នា​ថ្ងៃ​ទី​០៤ ខែ​កុម្ភៈ ឆ្នាំ​២០១៦ ខាងមុខនេះ ដែល​រៀបចំ​ដោយ​ក្រុម​ស្រាវជ្រាវ​ព្រំដែន​កម្ពុជា នៃ​រាជបណ្ឌិតសភា​កម្ពុជា​៕


(​ដោយ​៖ ចេ​ន សុជាតា​)

ព័ត៌មានផ្សេងទៀត