លោកសួន​ សេរីរដ្ឋា​អំពាវ​នាវ​ចង​សម្ព័ន្ឋ​ជាមួយ​បក្ស​ដែល​គ្មាន​អាសន:​ក្នុង​សភា​ជាលើក​ទីបី​

31-01-2016 4:02 pm 2680

តាមរយ:បណ្តាញសង្គមFacebook លោក សួន សេរី​រដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ បាន​លើកឡើង ​នៅថ្ងៃទី៣១ មករា នេះថា បក្ស​អំណាច​ខ្មែរ​របស់លោកនឹង​អញ្ជើញគ្រប់​បក្ស​ដែល​ទើប​បង្កើត​ថ្មី និង​បក្ស​ដែលបាន​ចូល​រួប​បោះឆ្នោតកន្លងមក តែ​គ្មាន​អាសនៈ​ក្នុង​សភា ដើម្បី​បង្កើត​សម្ព័ន្ធ​គណបក្ស​គ្មាន​កៅអី​ក្នុង​សភាជាថ្មី​ម្តងទៀត ក្នុង​គោលបំណង​តស៊ូ​គោលនយោបាយ​រួម មុន​ការចូលរួម​បោះឆ្នោត នីតិកាល​ទី​៦ ឆ្នាំ​២០១៨ ខាងមុខ​។ លោកសេរីរដ្ឋា បានបញ្ជាក់ដោយប្រើសម្តីធ្ងន់ៗថា ការអញ្ជើញនេះគឺជាលើកទី៣ហើយ ​៖«​ចាំមើល​ការអញ្ជើញ​លើក​ទី​៣ នេះ តើ​មេបក្ស​ណា មាន​ជាតិ​និង​ទឹកដី នៅ​ពីលើ​ក្បាល​ពិតប្រាកដ​?»​។​
 

 

នៅលើបណ្តាញសង្គមដដែល លោកសេរីរដ្ឋា បានឲ្យដឹងដែរថា រហូតមកដល់ពេលនេះមាន ព្រះសង្ឃ យុវជន និងពលរដ្ឋខ្មែរ ទាំងក្នុងនិងក្រៅប្រទេស កាន់តែច្រើនឡើងៗ យល់ពីគោល​ការណ៍បេសកកម្មនយោបាយរបស់ គណបក្សអំណាចខ្មែរ។លោកថា ជំហ៊ានទី ១របស់គណបក្សលោក គឺការតស៊ូគោល យោបាយ មុនចូលរួមការបោះឆ្នោត ដើម្បីធ្វើនយោបាយឲ្យពលរដ្ឋឈ្នះ ។

 

 

សូមបញ្ជាក់ថាគណបក្ស​ថ្មី​ដែលលោកសួន សេរីរដ្ឋាមានបំណងចង់ចងសម្ព័ន្ឋនោះ គឺ គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​, គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​, គណបក្ស​ខ្មែរ​សាមគ្គី​, គណបក្ស​កម្ពុជា​សេរីភាព​, គណបក្ស​យុត្តិធម៌​ជាតិខ្មែរ​, គណបក្ស​ជនជាតិដើម​ប្រជាធិបតេយ្យ​កម្ពុជា និង​គណបក្ស​យុវជន​កម្ពុជា​៕

 

 

គួរបញ្ជាក់ផងដែរថា កន្លងមកការអំពាវនាវដើម្បីចងសម្ព័ន្ឋ របស់លោកសួន សេរីរដ្ឋានេះ មិនទទួលបានការស្វាគមន៍ ពីគណបក្សនយោបាយថ្មីៗទាំងនោះឡើយ៕ (ដោយ៖ខាត់ សុធី)


 

ព័ត៌មានផ្សេងទៀត