សម្ត​ច ហ៊ុន សែន ដាក់​កម្មវិធី​ខ្ញុំ​ជា​យុវជន​គំរូ​កម្ពុជា​ប្រកួត​លើ ហ្វេ​ស ប៊ុក​

31-01-2016 11:18 am 2059


​នៅលើ​គេហទំព័រ ហ្វេ​ស ប៊ុក របស់​សម្តេច​ហ៊ុន សែន​បាន​ប្រកាស​ដាក់​នូវ​កម្ម​វិធី​មួយ​ដែល​មានឈ្មោះ​ថា​ខ្ញុំ​ជា​យុវជន​គំរូ​កម្ពុជា ។​សម្តេច​បាន​សរសេរថា កម្មវិធី​នេះ​មាន​ទិសដៅ​សំខាន់​ក្នុងការ ប្រមូល​ទាក់ទាញ​យុវជន​អោយ​ក្លាយ​ជា​ពលរដ្ឋ​គំរូ​ល្អ​ក្នុងសង្គម ក្នុងគោលបំណង​ដើម្បី​លើកទឹកចិត្ត​យុវជន​យុវនារី​អោយ​ចូលរួម​កសាង​អំពើ​ល្អ​នៅក្នុង​សង្គម​អោយ​កាន់តែ​ច្រើន​។​

 

​ដោយឡែក​ចំពោះ​លក្ខខ័ណ្ឌ​នៃ​ការប្រកួរប្រជែង​វិញ​គឺ​យុវជន​អាច​ជ្រើស​ប្រធានបទ​ដែល​ខ្លួន​កំពុង​មាន​សកម្មភាព​ជាក់ស្តែង និង ប្រធានបទ​ណា​ដែល​ខ្លួន​គិត​​ថា​នឹង​ទទួលបាន​ការគាំទ្រ​ច្រើន​ដូចជាៈ​

១-​សកម្មភាព​អប់រំ​លើកស្ទួយ​ការគោរព​ច្បាប់​ចរាចរ

២-​សកម្មភាព​នៃ​អំពី​ល្អ​ទាំងឡាយ​ដែល​ជួយ​ទៅ​លើ​កុមារ​កំព្រា ស្ត្រី​មេម៉ាយ​ទីទាល់ក្រ និង​ជន​ចាស់ជរា​គ្មាន​ទី​ពឹង និង​ជនពិការ​

៣-​សកម្មភាព​ជួយ​យកអាសារ​ជនរងគ្រោះ​ដូចជា គ្រោះថ្នាក់​ចរាចរ អគ្គីភ័យ និង​គ្រោះ​ទឹកជំនន់ -ល-

៤-​សកម្មភាព​សំអាត​អនាម័យ សំរាម​នៅ​តាម​ទីធ្លា​សាធារណៈ និង​ក្នុង​ទីក្រុង​

៥-​សកម្មភាព​ទប់ស្កាត់​និង​លុបបំបាត់​គ្រឿងញៀន។

 

​ដោយឡែក​សម្រាប់​ជំនាញ​និង​ឯកទេស​ផលិត​យុវជន​អាច​ជ្រើស​ការផលិត​អោយ​ចេញ​ជា​សាច់​រឿង​ទៅ​តាម​ឯកទេស​និង​ជំនាញ ៤ ប្រភេទ​ដែល​ខ្លួន​មាន​ដូចជា​៖១.​កំណាព្យ និង​អត្ថបទ ២.​វីដេអូ ៣.​ចំរៀង ៤.​គំនូរ​។​រីឯ​ការ​ដាក់​ពាក្យ​ចូលរួម​ប្រកួតប្រជែង និង​វិធី​ដាក់​អោយ​ពលរដ្ឋ​បោះឆ្នោត​គឺ​តាមរយៈ​ហ្វេ​ស ប៊ុក​សម្តេច​ហ៊ុន​​ ​សែន ហើយ​ការចេញ​សេចក្តីប្រកាស​ផ្លូវការ​អំពី​កម្មវិធី និង​លក្ខខ័ណ្ឌនៃ​ការប្រកួត​ក្នុង​កម្មវិធី (​ខ្ញុំ​ជា​យុវជន​គំរូ​កម្ពុជា​- I am a Khmer youth Role Model) គឺនៅក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ​។ កម្មវិធី​នឹង​កំណត់​ទទួល​ការ​ដាក់​ពាក្យ​ក្នុង​ពេល​ម្តងៗ​គឺ​១០០ នាក់​។ នៅពេល​ដែល​អ្នកដាក់ពាក្យ​គ្រប់​១០០​នាក់​ហើយ​គឺ Web site នឹង​បិទ​ដោយ​ស្វ័យប្រវត្តិ​។

 

ចំពោះ​ការ​ដាក់​ពាក្យ​គឺ​ក្រោយពី​បាន​ទទួល​បាន ១០០ វីដេអូ​ឬ ១០០​កំណាព្យ​ឬ​១០០​ចំរៀង​ឬ ១០០​គំនូរ ពី​អ្នកដាក់ពាក្យ​ហើយ គឺ​នឹងដាក់​ផ្សាយ​នៅ​លើ Website សម្តេច​ហ៊ុន សែន អោយ​សាធារណៈជន​ចូល​បោះឆ្នោត រយៈពេល​ចំនួន​៤​ថ្ងៃ ដើម្បី​ជ្រើសរើស​បេក្ខជន​ដែល​មាន​លំដាប់​ខ្ពស់​ជាងគេ ១០ នាក់ (Top 10) ដែល​ត្រូវ​យក​ទៅ​បង្ហោះ​លើ ហ្វេ​សប៊ុក សម្តេច​ហ៊ុន សែន ចំនួន ៣ ថ្ងៃ​ថែមទៀត​ដើម្បី​ជ្រើសរើស​យក​លេខ​១​ប្រចាំ​សប្តាហ៌ (Top 1) (​មាន​រយៈពេល​៧ ថ្ងៃ​) ។​បេក្ខជន​ដែល​ទទួលបាន​ការគាំទ្រ (Likes) ច្រើនជាងគេ​គឺ​នឹង​ទទួល​រង្វាន់ Iphone 6(16GB) ពី​កម្មវិធី និង​លិខិត​សរសើរ ពី​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

 

លក្ខន្តិកៈ​សម្រាប់​អ្នកចូលរួម​លេង​ក្នុង​កម្មវិធី​ខ្ញុំ​ជា​យុវជន​គំរូ​កម្ពុជា​គឺ​៖

១-​មាន Account Facebook លេខ​ទូរស័ព្វ និង Email​ពិត​

២-​មាន​ស្នាដៃ ឬ​មាន​បំណង​បង្កើត​ស្នាដៃ​គំរូ​សម្រាប់​យុវជន និង​សង្គមជាតិ​

៣-Add/Like Page Samdech Hun Sen, Cambodian Prime Minister

៤-​ត្រូវ​ដាក់​ពាក្យ និង​ឯកសារ​ប្រកួតប្រជែង​នៅ​គេហទំព័រ​សម្តេច​តេជោ ហ៊ុន សែន ទៅតាម​ថ្ងៃ​ដែល​បាន​​ប្រកាស​ជា​​សាធារណៈ (www.samdechhunsen.gov.kh)

៥- ទទួល​តែ ឯកសារ (​វីដេអូ កំណាព្យ ឬ​អត្ថបទ​ចម្រៀង និង​គំនូរ ចំនួន ១០០ ដែល​បាន​ផ្ញើរ​មក​មុនគេ​)​។

 

បេក្ខជន​ទាំង ១០០ នេះ​នឹង​ធ្វើ​ការបោះឆ្នោត​ជម្រុះ​ដោយ​សាធារណៈជន នៅ​វេបសាយ (www.samdechhunsen.gov.kh) រយៈពេល ៤ ថ្ងៃ ចាប់ពី​ថ្ងៃ​ប្រកាស​បញ្ចប់​ការទទួល​ពាក្យ​។ បន្ទាប់មក​គឺ នឹង​ជ្រើស​រើស​បេក្ខជន​ចំនួន១០ នាក់​តែ​ប៉ុណ្ណោះ ដែល​បាន​បោះឆ្នោត​គាំទ្រ​ដោយ​សាធារណៈជន​។ បេក្ខជន​ទាំង ១០ នាក់​នេះ នឹង​យក​ទៅ​ប្រកួត​នៅលើ Facebook សម្តេច​ហ៊ុន សែន​ចំនួន៣​ថ្ងៃ ដើម្បី​អោយ​សាធា​រណៈជន​បោះឆ្នោត Likes​។ បេក្ខជន​ណាមួយ​ដែល​ទទួលបាន Likes ច្រើនជាងគេ គឺ​នឹង​ទទួល​ជ័យលាភី​ពី​កម្ម​វ​ធី ។ សាធារណៈ​ជន​មាន​រយៈពេល​៣​ថ្ងៃ​ដើម្បី​ចូល​មក​បោះឆ្នោត Likes បេក្ខជន​ដែល​ខ្លួន​ពេញចិត្ត​។

 

​ចំពោះ​សិទ្ឋិ​ចូលរួម​ប្រកួត​ប្រកួតប្រជែង​ចំពោះ​បេក្ខជន បេ​ក្ខ​នារី​ដែល​បាន​ប្រកួត​ឈ្នះ គឺ​ពុំ​មាន​សិទ្ឋិ​ចូលរួម​ប្រកួតប្រជែង​ទៀតឡើយ​។​រីឯ​បេក្ខជន​បេ​ក្ខ​នារី​ដែល​បាន​ធ្លាក់​លើ​ប្រធានបទ​ណាមួយ​គឺ​មាន​សិទ្ឋិ​ដាក់ពាក្យ​ចូលរួម​ប្រកួតប្រជែង​នៅក្នុង​កម្មវិធី​ប្រចាំ​សប្តាហ៌​ជា​បន្ត​ទៀត​ទៅលើ​ប្រធានបទ​ផ្សេង​។​ការប្រគល់​រង្វាន់ និង​ប័ណ្ណសរសើរ​ចំពោះ​ជ័យលាភី​ប្រចាំ​សប្តាហ៌ គឺ​នឹង​ទទួល​រង្វាន់ និង​ប័ណ្ណសរសើរ​ពី​សម្តេច​ហ៊ុន ​សែន នៅ​វិមាន​សន្តិភាព ។

 

សូម​បញ្ជាក់​ផង​ដែរ​ថា នេះ​ជា​ពង្រាង​លក្ខន្តិកៈ​នៃ​ការចូលរួម​ក្នុង​កម្មវិធី ខ្ញុំ​ជា​យុវជន​គំរូ​កម្ពុជា​( I am a Khmer youth Role Model) នៅក្នុង​គេហទំព័រ​បណ្តាញ​សង្គម​ហ្វេ​ស ប៊ុ​ករបស់ សម្តេច ហ៊ុន សែន ។ សូម​ប្រជាពលរដ្ឋ នឹង​សាធារណៈជន​ចូលរួម​ផ្តល់​ជា​មតិយោបល់ ប្រសិនបើ​មាន​ចំណុច​ខ្វះខាត​ត្រង់​ណា​មួយ ដើម្បី​អោយ​កម្មវិធី​នេះ​កាន់តែ​មាន​ប្រយោជន៍​ដល់​យុវជន និង​សង្គមជាតិ​យើង​។ ការចូលរួម​ផ្តល់​មតិ​យោបល់ គឺ​ចាប់​ទទួល​ពី​ពេល​នេះ​រហូត​ដល់​ថ្ងៃ ពុធ ទី ៣ វេលាម៉ោង៥ល្ងាច ៕(​ដោយ​៖​ថា ចាន់​ធី​)

ព័ត៌មានផ្សេងទៀត