សម្តេច​ហ៊ុន សែន​ ការ​ហាត់ប្រាណ​គឺ​ដើម្បី​សុខភាព​

31-01-2016 10:46 am 1875

​សម្តេច​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានឲ្យ​ដឹង​តាមរយៈ​គេហទំព័​ររបស់​សម្តេច​នៅ​ថ្ងៃ​ទី ៣១ ខែ​មករា ឆ្នាំ​២០១៦​នេះ​ថា​៖ "ថ្ងៃនេះ ខ្ញុំ​សូម​លើកយក​ការ​ហាត់ប្រាណ​ដើម្បី​សុខភាព​មក​និយាយ​។ តាមពិត​ទៅ​ខ្ញុំ​តែងតែ​មាន​គំនិត​ជំរុញ​ការ​ហាត់ប្រាណ​នេះ និង​បាន​គិត​ដល់​ការរៀបចំ​ទីកន្លែង​សាធារណៈ​ដើម្បី​ប្រជាពលរដ្ឋ​មាន​ទីធ្លា​ហាត់ប្រាណ​។

 

ខ្ញុំ​បាន​ចេញ​បទ​បញ្ជា​ទៅ​សាលា​រាជធានី និង​ទៅ​បណ្តា​ខេត្ត​នានា គឺ​មាន​ជាង​១​ទស្សវត្ស​កន្លងមកហើយ ដែល​ធ្វើអោយ​សាលា​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​បាន​រៀបចំ​សួនច្បារ​សាធារណៈ​ដែល​ពីមុន​សុទ្ឋសឹង​ជា​ដីក្រហម គឺ​បាន​កែប្រែ​ចាក់​ជា​ការី​ឡា (​កម្រាល​ឥដ្ឋ និង​បេតុង​កុំអោយ​ប្រឡាក់​ជើង​) ។

 

​ខ្ញុំ​សូម​កោត​ស​សរសើរ​សាលា​រាជធានី និង អាជ្ញាធរ​ខេត្ត​ទាំងអស់​ដែល​បាន​យកចិត្តទុកដាក់​អនុវត្តន៍​បទបញ្ជា​នេះ ដែល​មិន​ត្រឹម​តែ​លើក​សោភ័ណភាព​ទីក្រុង​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​បាន​ជួយ​លើក​សុខភាព​ពលរដ្ឋ​របស់​យើង ក្នុង​ការនាំ​កូនចៅ​ទៅ​ដើរលេង​តាម​សួនច្បារ ក៏ដូចជា​ប្រមូលផ្តុំ​ការ​ហាត់ប្រាណ​ទៅ​តាម​ចំណង់​ចំណូលចិត្ត​របស់​ពួគគាត់​។

 

ខ្ញុំ​ពិតជា​មាន​ការរីករាយ​ដែល​បាន​ឃើញ​ប្រជាពលរដ្ឋ​យ៉ាងច្រើន បាន​ចេញ​ទៅ​ហាត់ប្រាណ​នៅ​តាម​សួនច្បារ មិន​ថា​ពេលព្រឹក ពេល​ល្ងាច ឬ​ពេល​យប់ ដែល​ការ​ហាត់ប្រាណ​ទាំងនេះ បាន​បង្កើន​នូវ​សុខភាព និង​កាត់បន្ថយ​ជំងឺ​ទាំងឡាយ បន្ថែម​ទៅ​ដោយ​សា្មរតីមិត្ត​ភាព សាមគ្គីភាព​ក្នុងចំណោម​ប្រជាពលរដ្ឋ​ដែល​មក​ហាត់ប្រាណ​ជាមួយគ្នា ។

 

​ខ្ញុំ​សូម​អំពាវនាវ​ចំពោះ​ប្រជាពលរដ្ឋ​គ្រប់​វ័យ បង្កើន​ការ​ហាត់ប្រាណ​ដើម្បី​សុខភាព សាមគ្គីភាព មិត្តភាព និង​ការសប្បាយរីករាយ​នៅក្នុង​សង្គម​ប្រកបដោយ​សន្តិភាព និង​ស្ថេរភាព​។ ហើយ​ក៏​សូម​ឲ្យ​ពលរដ្ឋ​ជួយ​ថែរក្សា​អនាម័យ​នៅតាម​ទីកន្លែង​ហាត់ប្រាណ និង​ជួយ​ថែរក្សា​សំភា​រះ​ហាត់ប្រាណ ដែល​ជា​សម្បត្តិ​សាធារណៈ​អោយ​នៅ​ល្អ​ដើម្បី​ពលរដ្ឋ​អាច​ប្រើប្រាស់​បាន​យូរ​។"

 

សូម​បញ្ជាក់​ផង​ដែរ​ថា បច្ចុប្បន្ន​នេះ​គេ​តែងតែ​សង្កេតឃើញ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​នាំគ្នា​ទៅ​ហាត់ប្រាណ​នៅ​តាម​សួនច្បារ​សាធារណៈ​យ៉ាង​ច្រើន​មិនតែប៉ុណ្ណោះ​ពួកគាត់​គិត​ថា​ការ​ហាត់ប្រាណ​គឺ​វា​នាំមក​នូវ​សុខភាព​ល្អ​និង​កាត់បន្ថយ​នូវ​ជម្ងឺ​មួយ​ចំនួន​ផងដែរ​៕(​ដោយ​៖​ថា ចាន់​ធី​)

ព័ត៌មានផ្សេងទៀត