លោក ហោ ណាំហុង បញ្ជា​​ឲ្យ​ឯកអគ្គរាជទូ​ត​ទាំងអ​ស់​​​ត្រូវ​ការពារ​​ពលរដ្ឋ​ខ្មែរ​​ដែល​ធ្វើការ​​នៅ​ក្រៅ​ប្រទេស​​

31-01-2016 9:24 am 941

​រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ហោ ណាំហុង បាន​ធ្វើ​ការណែនាំ​ឲ្យ​ឯកអគ្គរាជទូត​/​អគ្គ​កុងស៊ុល​នៅ​ក្រៅ​ប្រទេស​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​ឲ្យបាន​ល្អ នូវ​ការងារ​សំខាន់​មួយ​ចំនួន ជា​ពិសេស​ការពារ​ពល​រដ្ឋ និង​ពលករ​ខ្មែរ ដែល​កំពុង​ធ្វើការ​នៅ​ក្រៅប្រទេស​។​

 

​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ជាមួយ​ឯកអគ្គរាជទូត និង​អគ្គ​កុងស៊ុល​កម្ពុជា​ទាំងអស់ នៅ​ទីស្តីការក្រសួង នៅ​ថ្ងៃ​ទី ៣០ ខែ​មករា ឆ្នាំ​២០១៦ លោក ហោ ណាំហុង​រដ្ឋមន្ត្រី​ការបរទេស និង​សហប្រតិបត្តិការ​អន្តរ​ជាតិ​​ ​បាន​ធ្វើ​ការណែនាំ​ឲ្យ​ឯកអគ្គរាជទូត​/​អគ្គ​កុងស៊ុល​ទាំងអស់​យកចិត្តទុកដាក់​អនុវត្ត​ឲ្យបាន​ល្អ នូវ​ការងារ​សំខាន់​មួយ​ចំនួន ជាអាទិ៍​៖

- យកចិត្តទុកដាក់​តាម​ដាន​សភាពការណ៍​នៅក្នុង​ប្រទេស ពិសេស​គឺ Facebook និង Website របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី និង​របស់​ក្រសួងការបរទេស និង​សហ​-​ប្រតិបត្តិការ​អន្តរជាតិ ឲ្យបាន​ជាប់​​ជា​រៀងរាល់ថ្ងៃ​។

- យកចិត្តទុកដាក់​តាម​ដាន​រាល់​ការផ្សាយ​ព័ត៌មាន​ទាក់ទង​នឹង​កម្ពុជា​របស់​ប្រព័ន្ធ ឃោសនា​ជាតិ​។​

- បន្ត​ធ្វើ​ការផ្សព្វផ្សាយ​ពី​ការរីកចំរើន​លើ​គ្រប់​វិស័យ​ក្នុង​កិច្ចអភិវឌ្ឍន៍​ប្រទេស​។

- យកចិត្តទុកដាក់​ដល់​ការការពារ និង​ជួយ​អោយបាន​ជា​អតិបរមា​នូវ​រាល់​បញ្ហា​របស់​ពលរដ្ឋ​កម្ពុជា ពិសេស​គឺ​ពលក​រទាំង​ស្របច្បាប់​និង​មិន​ស្របច្បាប់​នៅ​ប្រទេស​ថៃ​/ នៅ​សាធារណៈរដ្ឋ​កូរ៉េ ហើយ​និង​បញ្ហា​​ស្ត្រី​ខ្មែរ​នៅ​ប្រទេស​ម៉ាឡេស៊ី និង​ប្រទេស​ចិន ជាអាទិ៍​៖

• នៅ​ប្រទេស​ថៃ ត្រូវ​បន្ត​ជម្រុញ​ឲ្យ​អាជ្ញាធរ​ថៃ​ផ្តល់​ប័ណ្ណ​ការងារ (Work Permit) និង​ទិដ្ឋាការ​ស្នាក់នៅ​ដល់​ពលករ​ខ្មែរ ដោះស្រាយ​រាល់​ការរំលោភបំពាន​ផ្សេងៗ​របស់​និយោជក​មកលើ​ពលករ​ខ្មែរ ផ្តល់​ការ​គាំទ្រ​ផ្នែក​ច្បាប់​និង​ការផ្តល់​មេធាវី​ក្នុងករណី​ឡើង​តុលាការ ការទាមទារ​សំណង​ផ្សេងៗ សំរួល​ការធ្វើ​មាតុភូមិនិវត្តន៍​។​ល​។​

• នៅ​ប្រទេស​កូរ៉េ ត្រូវ​បន្ត​ចុះសួរសុខទុក្ខ​ពលករ ហើយ​ដោះស្រាយ​នូវ​រាល់​បញ្ហា ដែល​ពលករ​ជួបប្រទះ​។​

• នៅ​ប្រទេស​ចិន ត្រូវ​បន្ត​សហការ​ជាមួយ​អាជ្ញាធរ​ចិន​ជួយសង្គ្រោះ​និង​រៀបចំ​ការធ្វើ​មាតុភូមិ​និវត្តន៍​របស់​ស្ត្រី​ខ្មែរ​ដែល​រងគ្រោះ​ដោយសារ​ការជួញដូរ​ស្ត្រី​។​

• នៅ​ប្រទេស​ម៉ាឡេស៊ី ត្រូវ​បន្ត​ការការពារ​ផលប្រយោជន៍​ស្ត្រី​ខ្មែរ​ដែល​ទៅ​ធ្វើការ​ជា​អ្នក​បម្រើ​តាម​ផ្ទះ ដូច​ជា​ការបង្ខំ​អោយ ធ្វើ​ការងារ​ហួសកំណត់ ការបំពាន​លើ​រាងកាយ ការផ្តល់​ប្រាក់​បៀវត្ស​មិន​បាន​ត្រឹមត្រូវ និង​ទៀងទាត់​តាម​ការកំណត់ ការជួយ​សម្រួល​ដល់​ការធ្វើ​មាតុភូមិនិវត្តន៍ ។​ល​។​

• នៅ​ប្រទេស​ឥណ្ឌូនេស៊ី បន្ត​ជួយ​សង្គ្រោះ​ពលរដ្ឋ​កម្ពុជា​ដែល​ទទួល​រងគ្រោះ​ទៅ​ធ្វើ​ជា​កម្មករ​លើ​ទូក​នេសាទ​របស់​ថៃ​/​របស់​ម៉ាឡេស៊ី​។​

- យកចិត្តទុកដាក់​ស្វែងរក​អាហារូបករណ៍​សំរាប់​និស្សិត​កម្ពុជា យកចិត្តទុកដាក់​ចំពោះ​និស្សិត​ដែល​កំពុង​សិក្សា​នៅ​ក្នុង​ប្រទេស​តាំងនៅ ក៏ដូចជា​ចំពោះ​និស្សិត​ដែល​ជា​ពលរដ្ឋ​ខ្មែរ​កំពុង​រស់នៅ​ក្នុង​ប្រទេស​តាំងនៅ ដូចជា​នៅ​ប្រទេស​បារាំង បណ្តា​ប្រទេស​សមាជិក​EU សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី នូវែល​ហ្សេ​ឡង់ ។​ល​។ និង​ជួយ​ដោះស្រាយ​រាល់​បញ្ហា​របស់​និស្សិត​។​

- យកចិត្តទុកដាក់​ចំពោះ​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​តាំងនៅ ទោះជា​មាន​សញ្ជាតិ​បរទេស​ក៏ដោយ​ក៏​គេ​នៅតែ​ជា​ខ្មែរ​ដែរ​។ រាល់​ការ​ចេញ​លិខិតបញ្ជាក់​ផ្សេងៗ និង​ការផ្តល់​សេវា​កុងស៊ុល ត្រូវធ្វើ​ដោយ​ឥតគិតថ្លៃ និង​ឆាប់រហ័ស​ទាន់ពេលវេលា​។​

- ដើម្បី​ជំរុញ​ភ្ញៀវ​ទេសចរណ៍​មក​កម្ពុជា​ឲ្យបាន​កាន់តែ​ច្រើន​ថែមទៀត ការផ្តល់​ទិដ្ឋាការ​ចូលមក​កម្ពុជា​ត្រូវធ្វើ​ឲ្យបាន​ឆាប់រហ័​ស និង​ជៀសវាង​ការ​យក​តម្លៃ​លើសពី​ការកំណត់ របស់​រដ្ឋ​។​

- ដើម្បី​ទាក់ទាញ​វិនិយោគគិន ត្រូវ​យកចិត្តទុកដាក់​ផ្សព្វផ្សាយ​ពី​កត្តា​អនុគ្រោះ​សំរាប់​ការវិនិយោគ​នៅ​កម្ពុជា​៕

(ដោយ៖គួន សំបូរ)

ព័ត៌មានផ្សេងទៀត