ក្រសួង​​សុខាភិបាល​​៖​រហូតដល់​ម៉ោង​នេះ​​គ្មាន​វីរុស​​ហ្ស៊ី​ការឡើយ​​នៅ​កម្ពុជា​​

30-01-2016 3:31 pm 1058

រហូតមកដល់​ម៉ោង​នេះ ជម្ងឺ​ហ្ស៊ី​ការ​នៅ​តែ​ពុំ​ទាន់​កើត​មាន​នៅឡើយ​ទេ​នៅ​កម្ពុជា​។ នេះ​បើ​តាម​ការបញ្ជាក់​ពី​លោក​លី សុវណ្ណ​អនុប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួង​សុខាភិបាល​។ ប៉ុន្តែ លោក​លី សុ​វណ្ណា​ថា ក្រសួង​សុខាភិបាល​នៅ​តែ​ចាត់​វិធានការ​ប្រឆាំង​ជម្ងឺ​ហ្ស៊ី​ការ ទោះបី​នៅ​តែ​ពុំទាន់​មាន​នៅ​កម្ពុជា​ក៏​ដោយ​។


​សំឡេង​៖


​លោក​លី សុវណ្ណ​ថា ក្រសួង​សុខាភិបាល​បាន​ដាក់ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា ដើម្បី​ទប់ស្កាត់​ការ​រាលដាល​ជំងឺ​ខាងលើ​។ លោក​បញ្ជាក់ថា ក្រសួង​សុខាភិបាល​បាន​ត្រៀម​លក្ខណៈ​នូវ​មន្ទីរពិសោធន៍ សម្រាប់​ប្រជាពលរដ្ឋ​ធ្វើតេស្ត​។ យ៉ាងណាក៏ដោយ លោក​លី សុវណ្ណ​រូបនេះ​បាន​ណែនាំ​ឱ្យ​ប្រជាពលរដ្ឋ ត្រូវតែ​ការពារ​ខ្លួន ដើម្បី​ជៀសវាង​ការ​កើត​ជំងឺ​ហ្ស៊ី​ការនេះ​។​


​សំឡេង​៖


​សូមបញ្ជាក់​ថា ជម្ងឺ​នេះ​ពុំទាន់​មាន​វ៉ាក់សាំង​ណា  ឬ​ការព្យាបាល​ជាក់លាក់​ណាមួយ សម្រាប់​ជំងឺ​ហ្ស៊ី​កានេះទេ​។ បច្ចុប្បន្ន​នេះ​វីរុស​ហ្ស៊ី​កា កំពុង​រាតត្បាត​នៅ​ប្រទេស​ក្នុង​តំបន់​អាមេរិក​ខាងត្បូង និង​កណ្តាល ហើយ​ការ​រាតត្បាត​នេះ​រីក​រាលដាល​នៅ​ប្រទេសប្រេ​ស៊ីល កាលពី​ឆ្នាំ​២០១៤​។


​ជម្ងឺ​ហ្ស៊ី​កានេះ​ឆ្លង​តាម​រយះ​មូស​ខ្លា​ខាំ ដែល​ជា​ប្រភេទ​មូស​បង្ករ​ឲ្យមាន​ជម្ងឺគ្រុនឈាម និង​មាន​រោគសញ្ញា​ស្រដៀង​ជម្ងឺគ្រុនឈាម​ដែរ មានដូចជា គ្រុ​នក្តៅ ឈឺក្បាល កន្ទួល​ក្រហម​លើ​ស្បែក ក្រហម​ភ្នែក និង​ឈឺសន្លាក់ ជាដើម​។ ភាគច្រើន​នៃ​ជម្ងឺ​នេះ​នឹង​ជាសះស្បើយ​ឡើងវិញ​ក្នុង​អំឡុង​២​ទៅ​៧​ថ្ងៃ និង​មាន​អត្រា​ស្លាប់​តិចតួច​ណាស់​។ មាន​ករណី​តិចតួច​បំផុត​ដែល​អាច​វិវត្តន៍​ទៅ​ជា​ទន់ដៃទន់ជើង ហើយ​បើ​កើតមាន​លើ​ស្ត្រី​មាន​ផ្ទៃពោះ គឺ​អាច​ឲ្យ​ទារក​ស្លាប់​ក្នុង​ផ្ទៃ ឫ​ក្បាល​ទារក​អាច​តូច​ជាង​ធម្មតា​។​


​ដោយឡែក នៅ​កម្ពុជា​ជម្ងឺ​នេះ​ធ្លាប់​បាន​រកឃើញ​មួយ​ករណី​ដែរ​កាលពី​ឆ្នាំ​២០១០ ប៉ុន្តែ​អ្នក​ជម្ងឺ​បាន​ជាសះស្បើយ ហើយ​ចាប់ពីពេលនោះ​មក​ដល់​បច្ចុប្បននេះ ពុំ​រកឃើញ​ករណី​ដូចនេះ​ទៀត​ទេ​៕(​ដោយ​៖​លាង ធីតា​)

 

 

ព័ត៌មានផ្សេងទៀត