សម្តេច​ហ៊ុន សែន ផ្តល់​ប្រាក់បន្ថែម​ដល់​ក្រុម​Cambodia All Stars​សរុប​៤៣២​លាន​រៀល​

30-01-2016 10:03 am 2594

​សម្តេច​នាយករដ្ឋមន្ត្រី​ហ៊ុន សែន បាន​ផ្តល់​ប្រាក់​ឧបត្ថម្ភ​រួចហើយ ដល់​កីឡាករ និង​គ្រូបង្វឹក នៃ​ក្រុមបាល់ទាត់ Cambodian All Stars ចំនួន​១, ០០០​ដុល្លារ​ក្នុង​ម្នាក់ៗ បន្ទាប់ពី​ទទួលបាន​ជ័យជំនះ​លើ​ក្រុម Buriram United មកពី​ប្រទេស​ថៃ នៅក្នុង​ការប្រកួត​ខួប​មិត្តភាព​ថៃ​កម្ពុជា​លើក​ទី ៦៥​។ ប៉ុន្តែ​ថ្ងៃទី​២៨ ខែ​មករា សម្តេច​ហ៊ុន សែន បានសម្រេច​ផ្តល់​ថវិការ​បន្ថែម​ទៀត សម្រាប់​ម្នាក់ៗ​១២​លាន​រៀល សម្រាប់​គ្រូបង្វឹក និង​កីឡាករ ទាំង​៣៦​នាក់ ដែល​សរុប​ទឹកប្រាក់ ៤៣២​លាន​រៀល តាម​ការស្នើសុំ​ពី​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​។

​សូមជម្រាបថា សម្រាប់​ការប្រកួត​មិត្តភាព​សប្បុរសធម៌ និង​ការពង្រឹង​ចំណង​ការទូត​កម្ពុជា​-​ថៃ នា​ថ្ងៃ​ទី​២៣ មករា​កន្លងទៅ​នេះ គឺជា​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ ដែល​ក្លឹប​លំដាប់​កំពូល​នៅ​តំបន់​អាស៊ី (Buriram United) របស់​ថៃ បាន​ស្មើ​ក្រុម Cambodia All Star របស់​កម្ពុជា ក្នុង​លទ្ធផល​បច្ចេកទេស ២-២ តែ​ក្រុម​ថៃ​បាន​ចាញ់​គ្រាប់​បាល់​ប៉េណាំង​ទី​របស់​ក្រុម​កម្ពុជា ក្នុង​លទ្ធផល​៤-៣ ដែល​ធ្វើឲ្យ​ក្រុម Cambodia All Star របស់​កម្ពុជា​លើ​កពាន នៅ​ចំពោះមុខ​អ្នកគាំទ្រ​ជា​ង​៥​ម៉ឺន​នាក់ យ៉ាង​អស្ចារ្យ​ជាទីបំផុត​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា ក៏​បាន​អំពាវនាវ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក ដោយ​អំពាវនាវ​ឲ្យដល់​សប្បុរសជន ដែល​មាន​ទ្រព្យធន​ទាំងអស់ មេត្តា​ជួយ​ឧបត្ថម្ភ​ដល់​វិស័យ​កីឡា និង​ឲ្យ​អាជ្ញាធរ​ជួយ​បង្កលក្ខណៈ ងាយស្រួល​ជួយ​រៀបចំ​ទីកន្លែង សម្រាប់​កីឡា​ហើយ​ក៏​សូម​អំពាវនាវ​ចំពោះ​ប្រជាពលរដ្ឋ ក្មេង ចាស់ ប្រុស ស្រី ចូលរួម​គាំទ្រ​ដល់​វិស័យ​កីឡា​គ្រប់ៗ​គ្នា​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត