អគ្គស្នងកា​រ​ដាក់​ផែនការ​​ពង្រឹង​សន្តិសុខ​​ដល់​ភ្ញៀវទេសចរ​​បរទេស​​ក្រោយកើត​​​​បទល្មើស​​ច្រើន​​

30-01-2016 10:00 am 1561

មន្ដ្រីជាន់ខ្ពស់​នៃ​អគ្គស្នងការ​រង​នគរបាលជាតិ បាន​ដាក់ចេញ​នូវ​ផែនការ​ពង្រឹង​សន្តិសុខ​ដល់​ភ្ញៀវទេសចរ​បរទេស​ដើម្បី​ធានា​បរិយាកាស​ល្អ​ប្រសើរ​សម្រាប់​វិស័យ​ទេសចរណ៍ និង​វិស័យ​វិនិយោគ​នៅ​កម្ពុជា​។ នេះ​បើ​តាម​កិច្ចប្រជុំ​បូក​សរុប​ការងារ​នគរបាល​ទេសចរណ៍​ឆ្នាំ​២០១៥ និង​ទិសដៅ​បន្ត​ឆ្នាំ​២០១៦​កាលពី​ថ្ងៃ​ទី​២៩​មករា នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។


​ក្នុង​កិច្ចប្រជុំ​នោះ​ប្រធាន​នាយកដ្ឋាន​នគរបាល​ទេសចរណ៍​បានបញ្ជាក់​ថា នាយកដ្ឋាន​នគរបាល​ទេសចរណ៍ បាន​ធ្វើ​ផែនទី​រួមមួយ ដើម្បី​តាមដាន​គ្រប់គ្រង អ្នកទេសចរ នៅតាម​តំបន់​ភូមិសាស្ត្រ​ទទួលខុសត្រូវ​របស់​ខ្លួន ដូចជា ផ្ទះសំណាក់ សណ្ឋាគារ ក្លឹប​កម្សាន្ត​នានា ព្រមទាំង​ត្រៀម​ជួយសង្គ្រោះ​ពេល​មាន​ហេតុការណ៍​កើតឡើង​ផង​ដែរ​។​


​លោក​បន្ថែមថា កម្លាំង​សមត្ថកិច្ច​ក៍​បាន​បង្កើន​ការដឹកនាំ​ធ្វើ​សកម្មភាព​អនុវត្តន៍​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព នៅក្នុង​ភូមិ​ស្រា​ស្ត្រទ​ទួលខុសត្រូវ​របស់​ខ្លួន ដោយ​បំផុស​ចលនា​ចូល រួម​ពី​សំណាក់​ប្រជាជន មហាជន ដើម្បី​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់ នៅ​គ្រប់​មូលដ្ឋាន​ទេសចរណ៍​ឱ្យបាន​រឹងមាំ​។​


​សូមបញ្ជាក់​ថា ការ​ដាក់​ផែនការ​នេះ​ឡើង បាន​ធ្វើឡើង​បន្ទាប់​ពី នៅតាម​តំបន់​ទេសចរណ៍​នានា បាន​កើត​នូវ​បទល្មើស​ដូច​ជា ជួញដូរ​គ្រឿងញៀន ជួញដូរ​ផ្លូវភេទ លើ​ស្ត្រី​និង​កុមារ សកម្មភាព​ចាប់ជំរិត ជាពិសេស​ឈានដល់​កើត​អំពើ​ភេរវកម្ម បង្កឡើង​ដោយ​ភ្ញៀវទេសចរ​បរទេស​។ នេះ​បើ​តាម​សារព័ត៌មាន​ជាតិ​AKp​។​យោងតាម​របាយការណ៍​ក្រសួង​ទេសចរណ៍ បានឱ្យដឹងថា កាលពី​ឆ្នាំ​២០១៥​កន្លងទៅ កម្ពុជា ទទួលបាន​ភ្ញៀវទេសចរ​ចំនួន​៤​លាន​៧​សែន​នាក់ កើនឡើង​៦,១​ភាគរយ ធៀប​នឹង​ឆ្នាំ​២០១៤ ៕(​ដោយ​៖​លាង ធីតា​)

ព័ត៌មានផ្សេងទៀត