ប្រមុខការទូតកម្ពុជា-អាមេរិក កំពុងជួបពិភាក្សាគ្នា នៅព្រឹកថ្ងៃទី២៦ ខែមករានេះ នៅទីស្តីការក្រសួងការបរទេសកម្ពុជា។ កិច្ចជំនួបរវាងលោកហោ ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោក ចន ឃែរី (John Kerry)រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក នឹងពិភាក្សាលើការងារមួយចំនួន ដើម្បីជំរុញបន្ថែមទៀតនូវទំនាក់ទំនងរវាងកម្ពុជា-អាមេរិក ក៏ដូចជាពិភាក្សាអំពីការរៀបចំនូវកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នាខែក្រោយផងដែរ។
គួរបញ្ជាក់ថា នេះជាលើកទី១ហើយ ដែលប្រមុខការទូតប្រទេសមហាអំណាចពិភពលោក លោក John Kerry បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា បន្ទាប់ពីរូបលោកបានឡើងធ្វើជារដ្ឋមន្ត្រីការបរទេសនៅឆ្នាំ២០១៣។ ក្នុងដំណើរទស្សនកិច្ចលើកដំបូងនេះ លោកចន ឃើរី ក៏នឹងជួបពិភាក្សាជាមួយលោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ព្រមទាំងជួបស្តាប់មតិយោបល់ របស់មន្ត្រីអង្គការសង្គមស៊ីវិល ក្រៅរដ្ឋាភិបាលផងដែរ៕ ដោយៈសៅ វិសាល