លោក​ហ៊ុន ម៉ា​នី​៖ ​កម្ពុជា​ចាំបាច់​​បង្កើត​​មិត្តភាព​​ជាមួយ​​គ្រប់​​បណ្តា​​ប្រទេស​​ដើម្បី​​អភិវឌ្ឍន៍​ជាតិ​​

24-01-2016 11:38 am 1901

នៅក្នុង​ដំណើរ​បេសកកម្ម​នៅ​ទីក្រុង​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក លោក ហ៊ុន ម៉ា​នី​បាន​អញ្ជើញ ធ្វើជា វាគ្មិន​ក្នុង​កិច្ច​ពិភាក្សា​តុមូល ស្តីពី​គោលនយោបាយ​នានា​ស្តីពី​កម្ពុជា នៅ​ថ្ងៃ ទី​១៩ ខែ​មករា ឆ្នាំ​២០១៦ ដែល​រៀបចំ​ដោយ​វិទ្យាស្ថាន​សហរដ្ឋអាមេរិក​កូរ៉េ (US Korea Institute) នៅ​មហាវិទ្យាល័យ​សិក្សា​អន្តរជាតិ​ជាន់ខ្ពស់ (School of Advanced International Studies) នៃ​សកល​វិទ្យាល័យ​ច​ន​ហប​ឃី​ន (Johns Hopkins University) នៅក្នុង​ទីក្រុង វ៉ា​ស៊ី​ង​តោន​។


​ក្នុង​កិច្ចពិភាក្សា ដែល​មាន​ការចូលរួម​ពី​អ្នកជំនាញ​ផ្នែក​គោលនយោបាយ​ការបរទេស ផ្នែក​កិច្ចការ​សន្តិសុខ ផ្នែក​សិទ្ធមនុស្ស និង​អ្នកជំនាញ​ផ្នែក​សិក្សា​អាស៊ី​អាគ្មេយ៍ និង សាស្ត្រាចារ្យ​ក្នុង​មុខជំនាញ  ពាក់ព័ន្ធ លោក ហ៊ុន ម៉ា​នី បាន​សង្កត់ធ្ងន់​ទៅលើ​ស្ថានភាព​កម្ពុជា បច្ចុប្បន្ន និង​អាទិ​ភាពចាំបាច់​នៃ​គោលនយោបាយ​ការបរទេស និង​ការអភិវឌ្ឍ​កម្ពុជា ក៏ដូចជា ស្ថានភាព​ពាក់ព័ន្ធ​មួយចំនួន​នៅក្នុង​តំបន់ ដែល​ក្នុងនោះ​កម្ពុជា​ត្រូវការ​ជា​ចាំបាច់​ក្នុង​ការបង្កើត មិត្តភាព​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់ ក៏​ដូច​ជា​អន្តរជាតិ​ក្មុង​ទិសដៅ​បំពេញ​តម្រូវការ​អភិវឌ្ឍ ជាតិ ហើយ​ដែល​គោលដៅ​ចុង​ក្រោយ​នៃ​ការអភិវឌ្ឍ​ទាំងនោះ គឺ​ដើម្បី​ប្រជាជន​កម្ពុជា​។


​នា​ខណៈ​នោះ​ផង​ដែរ ក៏​មាន​ការលើកឡើង និង​ពិភាក្សា​អំពី​បញ្ហា​មួយចំនួន ដែល​រួម ទាំង​ដំណើរការ និង​ការពង្រឹង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។ លោក ហ៊ុន ម៉ា​នី បានបង្ហាញ ជា​យោបល់​ថា កម្ពុជា​បច្ចុប្បន្ន កំពុង​ធ្វើដំណើរ​ទៅ​មុខ ជាមួយនឹង​របៀបវារៈ និង​ការងារ​អាទិភាព​ជាច្រើន​ទាំង​ក្នុង និង​ក្រៅ   ប្រទេស ហើយ​ដំណើរការ​ប្រជាធិបតេយ្យ​នា​ពេលកន្លងមក គឺជា​ដំណើ​រវិ​វ​ឌ្ឍ​ទៅ​មុខ​ដ៏​ល្អ​មួយ​សម្រាប់   កម្ពុជា​ជា​រួម និង​នៅ​តែ​ជា​កត្តា​សំខាន់​មួយ​ក្នុងចំណោម​កត្តា​ជា​ចលករ​ជាច្រើន​ទៀត សម្រាប់​សង្គម​បច្ចុប្បន្ន ដែល​រាជរដ្ឋាភិបាល ក្នុងនាម​ជា អ្នកទទួលខុសត្រូវ​លើ​ផលប្រយោជន៍​ជាតិ​ត្រូវ​ធ្វើ​ការថ្លឹងថ្លែង​នឹង​អនុវត្ត​ជា​បន្តបន្ទាប់​ដើម្បី​សម្រេចបាន​នូវ​សមិទ្ធផល​ជាក់ស្តែង​ដែល​ជា​តម្រូវការ​របស់​ប្រជាពលរដ្ឋ​។


​ដូចគ្នា​ដែរ រាល់​គំនិត​ផ្តួចផ្តើម សកម្មភាព និង​ការចូលរួម​របស់​រាជ​រដ្ឋាភិបាល ទាំង​នៅក្នុង​តំបន់ និង​អន្តរជាតិ រួម​ទាំង​ការលើកឡើង​អំពី​ការចូល​ជា​សមាជិក​ធនាគារ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី (Asian Infrastructure Investment Bank, AIIB) ដោយ​លោក​បាន បញ្ជាក់ថា កម្ពុជា​ក្នុង​បរិការ​បច្ចុប្បន្ន​កំពុង​មានត​ម្រូ​វ​ការ​ខ្ពស់​ក្នុង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្ត​ក្នុងស្រុក ក៏ដូចជា​ដើម្បី​ត​ភ្ជាប់​ខ្លួន​ជាមួយ​នឹង​បណ្តា​ប្រទេស​អាស៊ាន​ដ៏ទៃទៀត​។ ដូច្នេះ លោក​សង្ឃឹមថា ការចូល​ជា​សមាជិកភាព​នេះ​នឹង​ធ្វើឲ្យ​កម្ពុជា​ទទួលបាន​នូវ​ផល​ជា​វិជ្ជមាន ច្រើន​ជាង​អ្វីដែល​រំពឹងទុក​។


​ជា​កិច្ចបញ្ចប់​នៃ​កិច្ច​ពិភាក្សា​តុមូល​រយៈពេល​២​ម៉ោង​នោះ លោក​បណ្ឌិត JAE KU នាយក​នៃ​វិទ្យាស្ថាន​កូរ៉េ អាមេរិក ប្រចាំ​ទីក្រុង​វ៉ា​ស៊ី​ង​តុ​ន ដែល​បាន​ចូលរួម​ក្នុង​កិច្ចពិភាក្សា​នោះ បាន​ធ្វើ​ការវាយតម្លៃ​ខ្ពស់​ពី​លទ្ធផល​នៃ​កិច្ចពិភាក្សា និង​បាន​ស្នើសុំ​ឲ្យ​សមាជិក​ទាំងអស់​បន្ត​នូវ ទំនាក់ទំនង​ជា​វិជ្ជាជីវៈ និង​ផ្ទាល់ខ្លួន​ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ការងារ​ជាក់ស្តែង​ក្នុង​ថ្ងៃ អនាគត​៕

ព័ត៌មានផ្សេងទៀត