កូរ៉េខាងត្បូង​​ទទូច​ឲ្យ​​ភាគី​ពាក់ព័ន្ធ​​ចាប់ផ្ដើម​​កិច្ចពិភាក្សា​​កម្មវិធី​​នុយក្លេអ៊ែរ​​ឡើងវិញ​

22-01-2016 4:19 pm 862
ប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រីPark Geun-hye

​បន្ទាប់​ពី​កូរ៉េ​ខាងជើង​បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​០៦​មករា​ថា បាន​ធ្វើតេស្ដ​ដោយ​ជោគជ័យ​នូវ​គ្រាប់បែក​អ៊ីដ្រូសែន កូរ៉េ​ខាងត្បូង​ដែល​ជា​បងប្អូន​មិន​ត្រូវ​គ្នា​ជាមួយ​កូរ៉េ​ខាងជើង​បាន​ឆ្លេរ​ឆ្លា​រក​គេរ​កឯក​ឲ្យជួយ​ដាក់​សម្ពាធ​លើ​កូរ៉េខាងជើង ព្រោះ​សកម្មភាព​កូរ៉េខាងជើង​ហាក់​មិន​គោរព​តាម​ការហាម​ឃាត និង​ចង់​បង្កហេតុ​នៅលើ​ឧបទ្វីប​កូរ៉េ​។ ក្រៅពី​កូរ៉េខាងត្បូង នៅ​មាន​អាមេរិក​ជា​សម្ព័ន្ធមិត្ដ​កូរ៉េខាងត្បូង មាន​ជប៉ុន និង​ប្រទេស​ជាច្រើន​ទៀត បាន​ប្រតិកម្ម​នឹង​កូរ៉េខាងជើង​ដូចគ្នា​។


​ប៉ុន្ដែ​ចំពោះ​កូរ៉េខាងត្បូង ហាក់​ភ័យ​ស្លន់ស្លោ​ជាងគេ ដោយសារ​ខ្លួន​នៅ​ជិត​កូរ៉េខាងជើង ហើយ​ក៏​ធ្លាប់​រកាំរកូស​ជាមួយ​គ្នា​ច្រើន​លើក​មក​ហើយ​រឿង​អាវុធ​នុយក្លេអ៊ែរ​នេះ​។ ប្រធានាធិបតី​កូរ៉េខាងត្បូង​លោកស្រី Park Geun-hye បាន​និយាយ​នៅ​ថ្ងៃ​ទី​២២​មករា​នេះ​ថា ក្រុម​ពិភាក្សា​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ដែល​មាន​សមាជិក​៦​ភាគី គួរតែ​ជួបគ្នា​គិតគូរ​បញ្ហា​នេះ​ឡើងវិញ​។ កូរ៉េខាងត្បូង​បញ្ជាក់ដែរថា កិច្ចពិភាក្សា​ថ្មី​នេះ​ត្រូវ​ដក​សមាជិក​មួយ​ចេញ​គឺ​កូរ៉េខាងជើង​។​


​លោកស្រី​ប្រធានាធិបតី​កូរ៉េខាងត្បូង​បាន​និយាយទៀតថា ទោះបីជា​កិច្ចពិភាក្សា​៦​ភាគី​មាន​ប្រសិទ្ធភាព​ក្នុង​ការដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​ពី​មុន​ក៏ដោយ តែ​បច្ចុប្បន្ន​ប្រសិទ្ធភាព​នៃ​កិច្ច​ពិភាក្សា​នេះ​កំពុង​ត្រូវ​គេ​ចោទសួរ ហើយ​កិច្ចពិភាក្សា​ទៀត​សោត​ក៏​មិន​បាន​ជួយ​អ្វី​ដល់​ការកាត់បន្ថយ​កម្មវិធី​នុយក្លេអ៊ែរ​លើ​ឧបទ្វីប​កូរ៉េ​ឡើយ​ពេលនេះ​។​លោកស្រី Park​បាន​ណែនាំ​ដល់​មន្ដ្រី​ពាក់ព័ន្ធ ត្រូវ​ប្រឹងប្រែង​តាមផ្លូវ​ការទូត ដើម្បី​ដាក់ទណ្ឌកម្ម​ប្រឆាំង​កូរ៉េខាងជើង​ឲ្យ​ខ្លាំង​និង​មាន​ប្រសិទ្ធភាព និង​ត្រូវ​ទាញ​ឲ្យ​អង្គការសហប្រជាជាតិ​មើល​ឡើង​វិញ​ផងដែរ ព្រោះ​វា​មាន​សារៈសំខាន់​ខ្លាំងណាស់ ក្នុង​ការបង្កើត​បរិបទ​មួយ​ដែល​អាច​បង្ខំ​ឲ្យមាន​ការផ្លាស់ប្ដូរ​នៅ​កូរ៉េខាងជើង​។​


​សូមបញ្ជាក់​ថា​កិច្ចពិភាក្សា​៦​ភាគី បង្កើតឡើង​សម្រាប់​កាត់បន្ថយ​កម្មវិធី​នុយក្លេអ៊ែរ​លើ​ឧបទ្វីប​កូរ៉េ​។ ប្រទេស​ដែល​ពាក់ព័ន្ធ​មាន​កូរ៉េខាងត្បូង កូរ៉េខាងជើង ចិន អាមេរិក ជប៉ុន និង​រុស្ស៊ី ប៉ុន្ដែ​កិច្ច​ពិភាក្សា​បាន​ផ្អាក​តាំងពី​ចុងឆ្នាំ​២០០៨​ម្ល៉េះ​៕​​ដោយ​៖​ពេញ ផេង​


ព័ត៌មានផ្សេងទៀត