ប្រធានាធិបតី​​កូរ៉េខាងត្បូង​​ទទូច​ឲ្យ​​ចាត់វិធានកា​រ​ក្ដៅ​​ឆ្លើយតប​នឹង​​កូរ៉េ​ខាងជើង​

13-01-2016 3:34 pm 1225
ប្រធានាធិបតី​កូរ៉េខាងត្បូង​លោកស្រីPark Geun-hye​ថ្លែងក្នុង​ពេល​ធ្វើសន្និសីទ​កាសែត

​នៅ​មិនទាន់​ស្ងប់ស្ងាត់​នោះទេ ក្រោយពេល​កូរ៉េខាងជើង​ប្រកាសថា បាន​បាញ់​សាកល្បង​គ្រាប់បែក​អ៊ីដ្រូសែន​ដោយ​ជោគជ័យ​កាលពី​ថ្ងៃ​ទី​០៦​មករា ការ​ថ្កោលទោស​បាន​ធ្វើឡើង​ជា​បន្ដ​បន្ទាប់​ពី​ប្រទេស​មហាអំណាច និង​ប្រទេស​ដទៃ​ជាច្រើន​។ ប្រទេស​ដែល​លេចមុខ​ខ្លាំងជាងគេ មាន​អាមេរិក ជប៉ុន ជាពិសេស​គឺ​កូរ៉េខាងត្បូង ព្រោះ​ជា​ប្រទេស​ជិត​ខាង​កូរ៉េ​ខាងជើង ហើយក៏​ជា​បងប្អូន​ដែល​មិន​ត្រូវ​គ្នា​នឹង​កូរ៉េខាងជើង​។


​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោកស្រី ប៉ាក់ គុន​ហេ នៅ​ថ្ងៃ​ទី​១៣​មករា​នេះ បាន​ជំរុញ​ឲ្យ​សហគមន៍​អន្ដរជាតិ ជាពិសេស​គឺ​ប្រទេស​ចិន ត្រូវតែ​រួមគ្នា​ចាត់វិធានការ​ឲ្យ​កូរ៉េខាងជើង​ទទួល​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​មួយ បន្ទាប់​ពី​ការ​ធ្វើ​តេស្ដ​អាវុធ​នុយក្លេអ៊ែរ​របស់​គេ​។ ការបាញ់​សាកល្បង​គ្រាប់បែក​អ៊ីដ្រូសែន​របស់​កូរ៉េខាងជើង ត្រូវ​អន្ដរជាតិ​ចោទ​ថា​ជា​ការ​ធ្វើ​តេស្ដ​អាវុធ​នុយក្លេអ៊ែរ​លើក​ទី​បួន​របស់​កូរ៉េខាងជើង​។​


​លោកស្រី​ប្រធានាធិបតី​កូរ៉េខាងត្បូង​បាន​និយាយទៀតថា ទង្វើ​របស់​កូរ៉េខាងជើង​ថ្មីៗ​នេះ ជា​ទង្វើ​មិន​អាច​ទទួលយក​បាន​ឡើយ ព្រោះ​វា​ប្រឈម​នឹង​បញ្ហា​សន្ដិភាព និង​បញ្ហា​សន្ដិសុខ​ជា​សាកល​។ ដូច្នេះ ត្រូវតែ​ចាត់វិធានការ​តឹងរឹង​ទៅលើ​អំពើ​ផ្គើន​របស់​ទីក្រុង​ព្យុងយ៉ាង​។ ចំណាត់ការ​របស់​សហ​គម​ន៍​អន្ដរជាតិ ប្រឆាំង​ការធ្វើ​តេស្ដ​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​ថ្មីៗ​នេះ ត្រូវតែ​ខុសគ្នា​ពី​ចំណាត់ការ​លើក​មុន​។ នេះ​ជា​សម្ដី​របស់​លោកស្រី​ប្រធានាធិបតី​កូរ៉េខាងត្បូង​ក្នុង​ពេល​ធ្វើ​សន្និសីទកាសែត​ប្រចាំឆ្នាំ​។


​លោកស្រី​សង្កត់ធ្ងន់ថា ខណៈ​ដែល​កំពុង​ធ្វើការ​ជាមួយ​អង្គការ​សហប្រជាជាតិ​ដើម្បី​សម្រេច​ចេញ​នូវ​ដំណោះស្រាយ​ជាមួយ​កូរ៉េខាងជើង ទីក្រុង​សេ​អ៊ូ​ល​ក៏​នឹង​ពិភាក្សា​ពី​ការដាក់ទណ្ឌកម្ម​បន្ថែម​ជា​មួយ​អាមេរិក និង​សម្ព័ន្ធមិត្ដ​របស់គេផ​ង​ដែរ​។​


​សូមបញ្ជាក់​ថា ការអំពាវនាវ​ជា​ថ្មី​របស់​លោកស្រី​ប៉ាក់ គុន​ហេ​នេះ ធ្វើឡើង​បន្ទាប់​ពី​សមាជិក​សភា​អាមេរិក បោះឆ្នោត​គាំទ្រ​លើសលុប​ក្នុង​ការដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​លើ​កូរ៉េខាងជើង​។ ជា​ការដាក់​សម្ពាធ​ផ្នែក​ហិរញ្ញវត្ថុ ដែល​បាន​ធ្វើ​រួច​ហើយ​លើ​ទីក្រុង​ព្យុងយ៉ាង ដែល​កំពុង​ដឹកនាំ​ដោយ​លោក​គីម ជុង​អ៊ុន​។ ដោយឡែក ចំពោះ​ការលើកឡើង​ពី​ប្រទេស​ចិន​វិញ ដោយសារ​កូរ៉េ​ខាងត្បូង​គិតថា ចិន​ជា​ដៃគូ​ជិតស្និទ្ធ​របស់​កូរ៉េខាងជើង ហើយក៏​ជា​សម្ព័ន្ធមិត្ដដ៏​សំខាន់​ខាង​ផ្នែក​សេដ្ឋកិច្ច​ដែរ ដូច្នេះ​អាច​មានសង្ឃឹម​ច្រើន ប្រសិនបើ​ចិន​ចេញមុខ​អន្ដរាគមន៍ ហើយក៏​មាន​សារៈសំខាន់​ខ្លាំង​ដែរ ចំពោះ​ការធានា​ថា​មាន​ប្រសិទ្ធភាព​ខ្ពស់ នៅពេល​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ​ដាក់ចេញ​នូវ​ដំណោះស្រាយ​៕​​​ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត