ឯកឧត្តម​សម រង្ស៊ី​៖ ​គ្មាន​អ្នកណា​​អាច​​កម្ចាត់​​សម រង្ស៊ី​ ចេញ​ពី​​​កម្ពុជា​បាន​​ឡើយ​​

11-01-2016 11:53 am 6521

"​អ្នកណា​ចង់​កម្ចាត់ វត្តមាន សម រង្ស៊ី នៅ​កម្ពុជា បរាជ័យ​ហើយ ពីព្រោះ​មិន​មែន​មាន​តែ សម រង្ស៊ី រូបខ្ញុំ ម្នាក់​ទេ តែ​មាន​សម រង្ស៊ី រាប់លាន​នាក់ នៅ​ទូទាំង​ប្រទេស​កម្ពុជា​"​។ ពាក្យ​មួយ​ឃ្លា​នេះ គឺជា​ការ លើក ឡើង របស់​ឯកឧត្តម សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ថ្លែង​ទៅ​កាន់​ប្រជាពលរដ្ឋ នៅ​ទី​រួម​ខេត្តព្រៃវែង តាមរយៈ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេត ហៅ​ថា​ស្កេប (Skype) ។​


​តាមរយៈ​ឃ្លីប​វីដេអូ​មួយ មាន​រយៈពេល​ជិត​៣​នាទី ដែល​បង្ហោះ​នៅក្នុង​ទំព័រ​ហ្វ៊េ​សប៊ុក ឯកឧត្តម សម រង្ស៊ី កាលពី​រាត្រី​ថ្ងៃទី​១០ មករា  បាន​ថ្លែងថា រដ្ឋអំណាច ព្រម​ទាំង​អាជ្ញាធរ​កម្ពុជា ខ្លាច​គណបក្ស​សង្គ្រោះ​ជាតិ ជាពិសេស​ខ្លាច​រូប​ឯកឧត្តម​តែម្ដង ដែល​ជា​និមិត្ត​រូ​ម​ប្រឆាំង​អំណាច​ផ្ដាច់ការ អំណាច​បម្រើ​បរទេស និង​ប្រឆាំង​រាល់​អំពើ​អយុត្តិធម៌ មកលើ​ប្រជារាស្ត្រ​ខ្មែរ​។   


​សំឡេង​ឯកឧត្តម សម រង្ស៊ី ៖


​សូម​ជម្រាប​ថា​ប្រធាន​គណបក្សប្រឆាំង​រូបនេះ កំពុង​ស្ថិត​ក្នុង​ការ​តាម​ចាប់ខ្លួន ពី​សំណាក់​សមត្ថកិច្ច​កម្ពុជា ក្រោម​ការចោទប្រកាន់​ពី​បទ​បរិហារកេរិ៍្ត លោក​ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា និង​សម្ដេច​ហេង សំរិន ប្រធានរដ្ឋសភាជាតិ​។  


​ដោយឡែក កាលពី​ថ្ងៃ​ទី​១០ មករា ឯកឧត្តម កឹម សុខា ​ប្រធានស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ និង​ថ្នាក់ដឹកនាំ​មួយចំនួនទៀត បាន​ចុះ​ជួប​សកម្មជន​តាម​មូលដ្ឋាន ស្ថិតនៅ​ភូមិ​លេខ​៨ សង្កាត់​កំពង់លាវ ក្រុង​ព្រៃវែង ខេត្ត​ព្រៃវែង​។ ក្នុង​នោះ​ផង​ដែរ​ក៏​មាន​វត្តមាន​ឯកឧត្តម​សម រង្ស៊ី ប្រធាន​គណបក្ស ចូលរួម​ផង​ដែរ តាមរយៈ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេត ពី​ក្រៅ​ប្រទេស​។​


​ថ្លែង​ក្នុង​វេទិកា​សកម្មជន​ន​តាម​មូលដ្ឋាន ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បង្ហាញ​នូវ​យុទ្ធសាស្ត្រ​ចំនួន ៧​ចំណុច សម្រាប់​ថ្នាក់​មូលដ្ឋាន​គឺ ដំណើរ​ឆ្ពោះ​ទៅរក​ការបោះឆ្នោត ដើម្បី​សិទ្ធិមនុស្ស និង​ការផ្លាស់ប្ដូរ​។ ឆ្លៀត​ក្នុង​ឱកាស​នោះ ឯកឧត្តកឹ​ម សុខា បាន​អំពាវនាវ​ឲ្យ​សកម្មជន​ថ្នាក់ដឹកនាំ​មូលដ្ឋាន ផ្ដោតទៅលើ   ផែនការ​សកម្មភាព ដែល​បាន​ដាក់ជូន ចៀសវាង​កុំ​ចំណាយពេល ទៅ​ឆ្លើយឆ្លង ឬ ឈ្លោះ​ជាមួយ​នរណា​៕

(​ដោយ​៖ ចេ​ន សុជាតា​)

ព័ត៌មានផ្សេងទៀត