កូរ៉េខាងត្បូង​​បន្ត​ដាក់​ប្រដាប់​​បំពង​សំឡេង​​នៅតាម​ព្រំដែន​​ចាប់​ពី​ល្ងាច​​ថ្ងៃទី​០៨​មករា​​

08-01-2016 3:25 pm 1606
ប្រដាប់បំពងសំឡេងរបស់កូរ៉េខាងត្បូងដាក់នៅតាមព្រំដែនកូរ៉េខាងជើង​

ភាព​តានតឹង​រវាង​កូរ៉េ​ខាងត្បូង​និង​កូរ៉េខាងជើង​កាន់តែ​ឡើងកម្ដៅ​ម្ដងទៀត​ហើយ បន្ទាប់​ពី​កូរ៉េខាងជើង ធ្វើតេស្ត​នុយក្លេអ៊ែរ​បាន​ជោគជ័យ​កាលពី​ថ្ងៃ​ទី​០៦​មករា ដោយ​មិន​ខ្វល់​ពី​ប្រទេស​ជិតខាង​ខ្លួន​រួមទាំង​អន្តរជាតិ​។ នៅ​ថ្ងៃ​ទី​០៧​មករា ការិយាល័យ​កូរ៉េខាងត្បូង​បានបញ្ជាក់​ថា ខ្លួន​បាន​បន្ត​ផ្សាយ​ឃោសនា​ដោយ​ដាក់​ប្រដាប់​បំពង​សំឡេង​នៅ​តាម​ព្រំដែន​ជាមួយ​ព្រំដែន​កូរ៉េខាងជើង ដោយ​គិត​ចាប់​ពី​ល្ងាច​ថ្ងៃទី​០៨​មករា​នេះ​តទៅ​។ លោក​Cho Tae-Yong​អនុប្រធាន​ទី​មួយ​នៃ​ការិយាល័យ​សន្តិសុខកូរ៉េខាងត្បូង​បាន​ធ្វើ​ការបន្ត​ផែនការ​របស់​ខ្លួន ហើយ​ទង្វើ​នេះ​កូរ៉េ​ខាងជើងបាន​ចោទថា ជា​ទង្វើ​ប្រកាស​សង្គ្រាម​។​


​ការដាក់​ប្រដាប់​បំពង​សំឡេង​របស់​កូរ៉េខាងត្បូង បាន​បញ្ឈប់​ផ្សាយ​ម្ដង​រួចមកហើយ បន្ទាប់​ពី​បងប្អូនកូរ៉េចុះ​កិច្ចព្រមព្រៀង​បញ្ចប់​ភាព​តានតឹង​កាលពី​ថ្ងៃ​ទី​២៥​សីហា ឆ្នាំ​២០១៥។ កាលណោះ ទីប្រឹក្សា​យោធា​របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោកស្រី​Park Geun-hye និង​យោធា​របស់​មេដឹកនាំ​កូរ៉េខាងជើង​លោក​KimJong Un​បាន​ពិភាក្សា​គ្នា​ដើម្បី​បញ្ចប់​ភាព​តានតឹង​។​


​លោក​Cho Tae-Yong​និយាយថា ការ​ធ្វើ​តេស្ត​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង គឺជា​ការរំលោភ​ធ្ងន់ធ្ងរ​ទៅ​លើ​កិច្ចព្រមព្រៀង​បញ្ចប់​ភាព​តានតឹង​កាលពី​ខែ​សីហា ឆ្នាំ​២០១៥​។ ដូចនេះ កូរ៉េខាងត្បូង​ក៏​បន្តធ្វើ​សកម្មភាព​របស់​ខ្លួន​ដូច​គ្នា​តាម​កិច្ចព្រមព្រៀង​។ លោក​Cho Tae-Yong​និយាយទៀតថា ការ​ធ្វើ​តេស្ត​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​លើក​ទី​៤​ហើយ ក្នុង​នោះ​ធ្វើឡើង​នៅ​ឆ្នាំ​២០០៦ ឆ្នាំ​២០០៩ ២០១៣ និង​២០១៦​។ យោធា​កូរ៉េខាងត្បូង​នឹង​រក្សា​ជំហរ​ការពារ​ជាតិ​ពេញលេញ​ប្រឆាំងនឹង​ការ​បង្កហេតុ​ពី​កូរ៉េខាងជើង​។​


​បើ​តាម​អ្នកវិភាគ​បាន​ព្រមាន​ថា បើសិន​បងប្អូន​កូរ៉េ​នៅតែ​បន្ត​សងសឹក​ដាក់គ្នា​ទៅវិញទៅមក​មិន​ចេះ​ចប់​ទៀត​នោះ ជម្លោះ​ប្រដាប់អាវុធ​នឹង​អាច​ផ្ទុះ​ឡើង​ដូច​កាលពី​ខែ​សីហា​ឆ្នាំ​មុន​។ គួរបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​០៦​មករា ទូរទស្សន៍​កូរ៉េ​ខាងជើង​បាន​ចេញផ្សាយ​ថា ការ​ធ្វើ​តេស្ត​ដោយ​គ្រាប់បែក​អ៊ីដ្រូសែន​ដំបូង​របស់​សាធារណៈរដ្ឋកូរ៉េខាងជើង​ បាន​អនុវត្ត​ដោយ​ជោគជ័យ​នៅ​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​០៦​មករា ឆ្នាំ​២០១៦​។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បានបញ្ជាក់​ថា ខ្លួន​នឹង​ចាត់​វិធានការ​ថ្មី ប្រឆាំង​នឹង​កូរ៉េខាងជើង​ដែល​ធ្វើ​តេសន្ត​នុយក្លេអ៊ែ​រមិន​ខ្វល់​ពី​អន្តរជាតិ​ដូច្នេះ​៕(​ដោយ​៖​លាង ធីតា​)

ព័ត៌មានផ្សេងទៀត