នៅឆ្នាំនេះសម្តេច ហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជន បានថ្លែងសុន្ទរកថាបើកអង្គមីទ្ទិញទិវាជ័យជម្នះ ៧ ឆ្នាំ១៩៧៩ - ៧មករា ឆ្នាំ២០១៦មករា ខួបលើកទី៣៧ ដែលប្រារព្ធឡើងនៅទីស្នាក់ការកណ្តាលគណបក្សប្រជាជន ឋិតនៅខណ្ឌចំការមន។
ខុសពីបណ្តាឆ្នាំមុនៗ សម្តេចហ៊ុន សែន បានឡើងថ្លែងសុន្ទរកថា ជំនួសសម្តេចជាស៊ីម ដែលបានទទួលមរណភាព កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៥។ សម្តេចហ៊ុន សែនថ្លែងថា “ ខួបអនុស្សាវរីយ៍លើក ទី៣៧ នៃទិវាជ័យជម្នះជាប្រវត្តិសាស្ត្រនាថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ ដែលបានផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត សង្គ្រោះប្រជាជាតិឲ្យរស់ឡើងវិញ ហើយបានឋិតឋេរ គង់វង្ស និងរីកចម្រើនរហូតមកដល់បច្ចុប្បន្ន”។
សម្តេច ហ៊ុន សែន បន្តថា “រយៈពេល ៣៧ ឆ្នាំកន្លងទៅ ផ្តើមពីជ័យជម្នះ៧មករា ប្រជាជនកម្ពុជា បានសម្រេចនូវការផ្លាស់ប្តូរសង្គមយ៉ាងធំធេង ដែលគ្មានអ្នកណាអាចនឹកស្មានដល់។ កម្ពុជា បានប្រែក្លាយពីវាលពិឃាត នៃរបបប្រល័យពូជសាសន៍ ពីសមរភូមិនៃសង្គ្រាមដ៏រ៉ាំរ៉ៃ ពីការបែកបាក់ជាតិ និងការបែងចែកទឹកដី ក្លាយជាប្រជាជាតិមួយ ដែលមានសុខសន្តិភាព សេរីភាព ឯកភាព ស្ថិរភាព និងអភិវឌ្ឍន៍លើគ្រប់វិស័យ ធ្វើឲ្យជីវភាពប្រជាជន ត្រូវបានលើកកម្ពស់ឥតឈប់ឈរ”។
ជាចុងក្រោយសម្តេចហ៊ុន សែនបានសង្កត់ធ្ងន់ថា “ការពិតជាក់ស្តែង ដូចបានលើកឡើងទាំងអស់នេះ គឺគ្មានជនណា ឫមជ្ឈដ្ឋានណា អាចមកបដិសេធ ឫមួលបង្កាច់បានឡើយ បើគ្មានរដ្ឋប្រហារថ្ងៃ១៨ មីនា ឆ្នាំ១៩៧០ ក៍គ្មានរបបប្រល័យពូជសាសន៍ប៉ុលពត បើគ្មានរបបប្រល័យពូជសាសន៍ក៍គ្មានជ័យជម្នះ ៧មករា បើគ្មានជម្នះ ៧មករា គឺគ្មានអ្វីៗនៅថ្ងៃនេះឡើយ។ ថ្ងៃ ៧មករា គឺជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា”។
គួរបញ្ជាក់ថាគណបក្សប្រជាជនកម្ពុជា តែងតែប្រារព្ធថ្ងៃជ័យជម្នះ ៧ មករា ជារៀងរាល់ឆ្នាំ។ ថ្ងៃ ៧មករា ត្រូវបានអ្នកនយោបាយដែលមាននិន្នាការផ្ទុយគ្នាយកមកបកស្រាយខុសៗគ្នា។ ការបកស្រាយរបស់អ្នកនយោបាយលើថ្ងៃ ៧មករា ត្រូវបានអ្នកវិភាគ ក៍ដូចជាអ្នកតាមដានស្ថានការណ៍នយោបាយមួយចំនួនលើកឡើងថា ជាការបកស្រាយដើម្បីកេញចំណេញនយោយ៕ ដោយ៖សឿម ឧត្តម