ស្នង​តំណែង​ពី​ឪពុក​៖ កូនប្រុសច្បងNot No, Not Yes រីឯកូនប្រុសពៅ ជា​បំណង​របស់​ខ្ញុំ​

30-12-2015 5:58 pm 8600

​បើ​និយាយ​ពី​ការ​ស្នង​តំណែង​នាយករដ្ឋមន្ត្រី ពី​ឪពុក​គេ​តែងតែ នឹកឃើញ​ដល់​បុគ្គល​៣​រូប នោះ​គឺ​លោក​ហ៊ុន ម៉ា​ណែ​ត លោក​ហ៊ុន ម៉ានិត និង​លោក​ហ៊ុន ម៉ា​នី​។ កន្លងមក​លោក​ហ៊ុន ម៉ា​ណែ​ត កូនប្រុស​ច្បង​សម្តេច​ហ៊ុន សែន មិន​ធ្លាប់​បាន​បញ្ជាក់​ឲ្យបាន​ច្បាស់​ពី​ការបន្ត​វេន​ពី​ឪពុក​ឡើយ (Not No, Not Yes) ខណៈ​ដែល​លោក​ហ៊ុន ម៉ា​នី កូនប្រុសពៅ បាន​បង្ហើប​ប្រាប់​ដល់​វិទ្យុ​វាយោ នៅ​ថ្ងៃ​៣០​ធ្នូ​នេះ​ថា ធ្វើ​ជា​នាយករដ្ឋមន្ត្រី ជា​បំណង​របស់​លោក ក៏​ដូចជា​យុវជន​ដទៃទៀត​។

ការបញ្ជាក់​ដ៏​កម្រ ពី​គោលបំណង​របស់ លោក​ហ៊ុន ម៉ា​នី នាពេលនេះ ធ្វើឡើង​នៅក្នុង​កម្មវិធី​វេទិកា​សង្គម និង​នយោបាយ របស់​វិទ្យុ​វា​យោ នៅ​ថ្ងៃ​ទី​៣០​ខែ​ធ្នូ​។ តំណាងរាស្ត្រ​វ័យក្មេង​រូបនេះ មាន​បន្តថា ក្លាយជា​នាយក​រដ្ឋមន្ត្រី គឺ​យុវជន​នីមួយៗ​គួរតែ​ដាក់​ក្តី​សុបិន ហើយ​ខិតខំ​ប្រឹងប្រែង​ដើម្បី ទទួលបាន​នូវ​តួនាទី​នេះ​។ តួនាទី​នាយករដ្ឋមន្ត្រី មិនមែន​ជា​ឋានៈ​ទេ ប៉ុន្តែ​គឺជា​កិត្តិយស​មួយ ដ៏​ធំធេង​ក្នុង​ការបំរើ​ប្រទេស​ជាតិ ដោយ​មាន​ភាព​ទទួល​ខុស​ត្រូវ ហើយ​នឹង​ដើម្បី​ជា​ការនាំ​ទិស និង​ថែរក្សា​នៅ​សុខសន្តិភាព និង​ការអភិវឌ្ឍ​ជា​បន្ត​ថែមទៀត​។​

សំឡេង​លោក​ហ៊ុន ម៉ា​នី​​

​ការបញ្ចូល​យុវជន ជា​សមាភាព​ចូលរួមចំណែក​ដឹកនាំ ពី​ជោគវាសនា​របស់​ប្រទេសជាតិ គឺជា​កត្តា​សំខាន់ ប៉ុន្តែ​ការចូលរួម​នេះ មិនមែន​សាមញ្ញ​ពេក​នោះ​ទេ​។ ម្យ៉ាងវិញទៀត  យុវជន​ជំនាន់​ថ្មី មិនមែន​បានន័យថា ខ្លួន​យើង​ត្រូវតែ​ទទួលខុសត្រូវ​ដាច់ខាត ដោយសារ​តែ​អាយុ​នោះទេ​។ ប៉ុន្តែ​យុវជន ត្រូវតែ​សិក្សា​ស្វែងយល់ និង​បង្កើន​សមត្ថភាព​បន្ថែម ជាពិសេស​គឺ​ត្រូវ ដឹង​ឲ្យ​ច្បាស់​ពី​ស្ថានភាព​ប្រទេស​របស់​ខ្លួនឯង​។ នេះ​ជា​ការលើកឡើង​បន្ថែម​ពី​លោក​ហ៊ុន ម៉ា​នី​។​

​សំឡេង​លោក​ហ៊ុន ម៉ា​នី​

​បើ​និយាយ​ពី​ការ​ស្នង​តំណែង​នាយករដ្ឋមន្ត្រី​ពី​ឪពុក គេ​តែង​លើក​ពី​បុគ្គល​៣​រូប នោះ​គឺ​លោក​ហ៊ុន ម៉ា​ណែ​ត កូនប្រុស​ច្បង លោក​ហ៊ុន ម៉ានិត កូនប្រុស​កណ្តាល និង​កូនប្រុស​ពៅ លោក​ហ៊ុន ម៉ា​នី​។ ក៏​មាន​សំណួរ​ចោទសួរ​ផងដែរ​ថា រវាង​បុគ្គល​ទាំង​៣​រូបនេះ តើ​អ្នកណា ជា​អ្នក​ស្នង​តំណែង​ជា​នាយករដ្ឋមន្ត្រី​ពី​ឪពុក​? ត្រូវបាន​លោក​ហ៊ុន ម៉ា​នី ឆ្លើយថា អាស្រ័យ​លើ​ប្រជាពលរដ្ឋ​។ ប៉ុន្តែ​លោក​បញ្ជាក់​បន្ថែមថា លោក​មិន​អាច​ឆ្លើយ ជំនួស​បងប្រុស​របស់​លោក​ទេ ពី​ការចង់​ឈរ​តំណែង ជា​នាយករដ្ឋមន្ត្រី រឺក៏​អត់​?

​គួរ​រម្លឹក​បន្តិច​ថា កាលពី​អំឡុង​ខែតុលា ឆ្នាំ​២០១៥ ក្នុង​ដំណើរ​ទស្សនកិច្ច នៅ​ប្រទេស​អូស្ត្រាលី លោក​ហ៊ុន ម៉ា​ណែ​ត កូនប្រុស​ច្បង​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ ក៏​ធ្លាប់បាន​ឆ្លើយ​សំណួរ ទាក់ទង​នឹង​ការ​ស្នង​តំណែង​ពី​ឪពុក​នេះ ផងដែរ​។ ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​អ្នកកាសែត នៃ​វិទ្យុ​ABC អូស្ត្រាលី លោក ហ៊ុន ម៉ា​ណែ​ត បាន​ឆ្លើយថា Not No, Not Yes ។

​ដោយឡែក សម្រាប់​លោក​ហ៊ុន ម៉ានិត ដែល​ត្រូវជា​កូនប្រុស​កណ្តាល របស់​សម្តេច​នាយករដ្ឋមន្ត្រី​វិញ ហាក់បីដូច​ជា​មិន​សូវ​ឃើញ​ចេញ​មុខមាត់ នៅតាម​បណ្តា​សារព័ត៌មាន​ឡើយ ខណៈ​ពេល​ថ្មីៗ​នេះ លោក​ត្រូវបាន​ដំឡើង​ឋានន្តរស័ក្ដិ​ជាន់ខ្ពស់​ក្នុង​ជួរ​យោធា នោះ​គឺជា​ប្រធាន​នាយកដ្ឋាន​ចារកិច្ច​នៃ​ក្រសួង​ការពារជាតិ​។ តាមរយៈ​សកម្មភាព​កន្លងមក លោក​ហ៊ុន ម៉ានិត ក្នុងនាម​តំណាង​ឲ្យ​សម្តេច​ហ៊ុន សែន តែងតែ​ចុះ​សួរសុខទុក្ខ និង​ចែក​អំណោច​ដល់​គ្រួសា​រកងទ័ព រួម​នឹង​សកម្មភាព​នៅ​តាម​មូលដ្ឋាន​ជា​ច្រើន​ទៀត​។​

​យ៉ាងណាក៏ដោយ ទាក់ទង​នឹង​បញ្ហា​នេះ អ្នកតាមដាន​ស្ថានការណ៍​សង្គម រួម​នឹង​អ្នកវិភាគ​មួយ​ចំនួន បាន​លើកឡើង​ថា អ្នកដឹកនាំ​មិន​សំខាន់​លើ​វ័យ​នោះទេ តែ​សំខាន់​ការជ្រើសរើស​មេដឹកនាំ​វៃឆ្លាត ទាំង​បុគ្គលិកលក្ខណៈ ទាំង​សមត្ថភាព ដែល​នាំឲ្យ​មាន​ការអភិវឌ្ឍ ការរីកចម្រើន​ដល់​ប្រទេសជាតិ​។​


ព័ត៌មានផ្សេងទៀត