ម្ចាស់ស្ថានីយទូរទស្សន៍ក្នុងប្រទេសកម្ពុជាទាំងអស់បាន ឯកភាព ក្នុងការអនុវត្តន៍តាមសេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មាន ដោយមិនធ្វើការចាក់ផ្សាយភាពយន្តបរទេសនៅក្នុងចន្លោះម៉ោងចាប់ពីម៉ោង ៧ ដល់ម៉ោង ៩យប់ ទៀតទេ។ ការមិនចាក់ផ្សាយភាពយន្តបរទេសនេះ គឺដើម្បីយកភាពយន្តខ្មែរ ឬកម្មវិធីផ្សេងៗដែល ផលិតដោយខ្មែរ មកចាក់ជំនួសនៅក្នុងម៉ោងនេះវិញ។ នេះបើតាមគេហទំព័រទីភ្នាក់ងារសារព័ត៌មានជាតិ។
ស្របពេលឯកភាពមិនចាក់ផ្សាយភាពយន្តបរទេសនេះ ម្ចាស់ស្ថានីយទូរទស្សន៍មួយចំនួនបានសំដែងពីការព្រួយបារម្ភក្នុងការបាត់បង់ចំណូល ហើយអ្នកទស្សនានឹងបែរទៅមើលប៉ុស្តិ៍ទូរទស្សន៍ខ្សែកាបវិញ ព្រោះទូរទស្សន៍ខ្សែកាប្តិ៍មានរឿង បរទេសដែលមានគុណភាព និងល្អមើលជាងខ្សែភាពយន្តខ្មែរ ដែលគុណភាពនៅមានកម្រិតនៅឡើយ។
លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា ក្រសួងព័ត៌មាន ធ្វើដូច្នេះ ក្នុងគោលបំណង ដើម្បីលើកស្ទួយវិស័យវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរ ហើយក៏ជា ការឆ្លើយតបទៅនឹងមតិមហាជនមួយចំនួន ដែលបានរិះគន់អំពីការចាក់ផ្សាយភាពយន្តបរទេស យ៉ាងច្រើន តាមបណ្តាស្ថានីយទូរទស្សន៍ក្នុងស្រុកផងដែរ។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានប្រជុំ ជាមួយម្ចាស់ស្ថានីយទូរទស្សន៍ក្នុងប្រទេសកម្ពុជាទាំងអស់ នៅទីស្តីការក្រសួងព័ត៌មាន អំពីការកំណត់ម៉ោងចាក់ផ្សាយភាពយន្តបរទេស៕
(ដោយ៖ គីម ចាន់ចាវ)