លោក ហ៊ុន សែន​​៖​​កម្ពុជា​​ប្រកាន់​​ជំហ​ដាច់​ខាត​​ក្នុង​​ការក​សាង​​ព្រំដែន​​តាម​ការ​បន្សល់​​ទុក​​ដោយ​​បារាំង​​

26-12-2015 4:24 pm 2929

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​នៅ​ព្រឹក​នេះ​បាន​អះអាង​ថា ការកសាង​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ ដែល​រហូត​មកដល់ពេលនេះ នៅសល់​ប្រមាណ ១៦,៨% ទៀត​ប៉ុណ្ណោះ នឹង​បញ្ចប់​បាន​ព្រំដែន​គោក​​ទាំងស្រុង​ខ្សែ​ព្រំដែន​កម្ពុជា វៀតណាម ដែល​មាន​ប្រវែង​សរុប ១២៧០ គីឡូម៉ែត្រ ហើយ​បន្ទាប់​ពី​នេះ ប្រទេស​ទាំង​ពីរ​នឹង​ឈាន​ទៅ​ចរចា​កំណត់​ព្រំដែន​សមុទ្រ​ជា​បន្ត​ទៀត​។​

​សំឡេង​៖

 

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​ជា​ថ្មី នៅ​ចំពោះមុខ​នាយករដ្ឋមន្ត្រី​វៀតណាម​ង្វៀន តាន់​យ៉ុង​ថា រាជរដ្ឋាភិបាល​កម្ពុជា នៅ​តែ​ប្រកាន់​ជំហ​ដាច់ខាត ក្នុង​ការកសាង​ព្រំដែន​កម្ពុជា និង​វៀត​ណាម ឲ្យ​ត្រឹមត្រូវ និង​ច្បាស់លាស់ ដែល​ឈរ​លើ​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ ព្រមទាំង​អនុវត្ត​ជា​អន្តរជាតិ ស្តី​ពី​ការទទួលស្គាល់​ខ្សែ​ព្រំដែន មិន​កែប្រែ ដែល​អាណានិគមនិយម​បារាំង បាន​បន្សល់​ទុកឲ្យ​។​

​សំឡេង​៖

 

​គួរបញ្ជាក់​ថា នៅ​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៥​នេះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា និង​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​វៀតណាម បាន​សម្ពោធ​បង្គោល​ព្រំដែន​លេខ​៣០ នៅ​ច្រក​អូយ៉ាដាវ ខេត្ត​រតនគិរី និង​ព្រំដែន​លេខ​២៧៥ នៅ​តំបន់​ភ្នំ​ដិន ខេត្តតាកែវ​។

 

​បើ​តាម​ប្រធាន​គណៈកម្មការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា លោក វ៉ា គីម​ហុង បាន​អះអាង​ថា បង្គោល​ព្រំដែន​ទាំងពីរ​ដែល​បាន​ដាក់​សម្ពោធ​នៅ​ថ្ងៃនេះ ក្រុមការងារ​នៃ​គណៈកម្មការ​ចម្រុះ​កិច្ចការ​ព្រំដែន​រវាង​​ប្រទេស​កម្ពុជា​-​វៀតណាម បាន​ធ្វើការ​ចរចា​គ្នា​ដោយ​ប្រើ​រយៈពេល​ជិត​៥​ឆ្នាំ​ទើប​សម្រេចបាន​។​

​សំឡេង​៖

 

​យ៉ាងណាក្តី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​ជំហ​រថា កម្ពុជា​នឹង​ខិតខំ​ប្រឹងប្រែង​ជាមួយ​នឹង​រដ្ឋាភិបាល​វៀតណាម​បន្ថែមទៀត ដើម្បី​ធ្វើឲ្យ​ប្រទេស​ទាំងពីរ មាន​ខ្សែបន្ទាត់​ព្រំដែន​សមស្រប​មួយ ជា​ព្រំដែន​អន្តរជាតិ ដោយ​ប្រែក្លាយ​ខ្សែ​ព្រំដែន ដែល​មាន​តែ​លើ​ផែនទី ឲ្យទៅ​ជា​បង្គោល​ព្រំដែន នៅលើ​ដី​ជាក់ស្តែង​។​

 

​លោក​ថា ខ្សែ​ព្រំដែន​នេះ ត្រូវ​ដើរ​ស្របគ្នា​ទៅនឹង​ការកាន់កាប់​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ ដែល​រស់នៅ​តាម​បណ្តោយ​ព្រំដែន ដើម្បី​បញ្ចប់​បាតុភាព​នានា និង​ធ្វើ​យ៉ាណា​កែប្រែ​តំបន់​ព្រំដែន​រវាង​កម្ពុជា​-​វៀតណាម​នេះ ឲ្យទៅជា​តំបន់​គ្មាន​ការភ័យខ្លាច នឹង​ជា​តំបន់​មាន​ការអភិវឌ្ឍន៍​៕

(ដោយ៖គួន សំបូរ)

 


ព័ត៌មានផ្សេងទៀត