ស្ថានភាព​បាតុកម្ម​នៅ​ក្រុង​បាវិត កាន់តែ​ធ្ងន់ធ្ងរ​ខ្លាំង​ខណៈ​ចំនួន​បាតុករ​កើនឡើង​

22-12-2015 11:01 am 36310


​កម្លាំង​បាតុកម្ម​កើន​ឡើង​ខ្លាំង នៅក្នុង​ក្រុង​បាវិត ខេត្ត​ស្វាយរៀង នា​ព្រឹក​ថ្ងៃទី​២២ ខែ​ធ្នូ​នេះ​មានការ​ផ្ទុះ​ឡើង​កាន់តែ​ធ្ងន់ធ្ងរ ដោយ​ផ្ដើមដំបូង​ចេញពី​តំបន​សេដ្ឋកិច្ច​ពិសេស​មេន​ហា​ធេន មុនគេ ក្រោយមក​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​តាយសេង មាន​បាតុកម្ម​ព្រម​គ្នា​។ នេះ​បើ​យោង​តាម​លោក ប៉ាវ ស៊ីណា​ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​។​


​លោក​បន្តថា នៅ​តំបន់​សេដ្ឋកិច្ច​ទាំងពីរ មាន​ចំនួន​កម្មករ​ចេញមក​តវ៉ា​កើនឡើង​ច្រើន​ជាង​ប៉ុន្មាន​ថ្ងៃមុន​។ ទាក់ទង​នឹង​បញ្ហា​ដែល​ថា បាតុករ​មាន​កាន់ ឧបករណ៍​ដូចជា​ដុំថ្ម​ជាដើម លោក​ប៉ាវ ស៊ីណា ប្រាប់​មិន​ច្បាស់ការ​ឡើយ​ដោយ​ចំនួន​កម្មករ​ច្រើន​មិន​អាច​ក្ដាប់​ជុំ​។​


​ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ រូប​នេះ​បញ្ជាក់ថា មាន​ការពង្រាយ​រថយន្ត​ទឹក រួម​ជាមួយនឹង​កម្លាំង​សមត្ថកិច្ច នៅ​កន្លែង​ណា​មាន​ការជួបជុំ​គ្នា​ដើម្បី​ត្រៀម​បំបែក​កម្លាំង​បាតុករ​។​ជា​បន្ត​សូម​ស្ដាប់​ប្រសាសន៍​លោក​ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​៖


​សំឡេង​៖


​សូមបញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃទី​២១ ខែ​ធ្នូ ឆ្នាំ​២០១៥​សមត្ថកិច្ច​បាន​សម្រេច​ប្រើប្រាស់​រថយន្ត​បាញ់​ទឹក ដើម្បី​បង្ក្រាប​ក្រុមកម្មករ​ជាង​១​ម៉ឺន​នាក់ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស តាយសេង ស្ថិត​នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង ដែល​បាន​នាំគ្នា​បាតុកម្ម​តវ៉ា​ម្ដងទៀត នៅ​ខាង​មុខ​រោងចក្រ​ដើម្បី​ទាមទារ​ដំឡើង ប្រាក់​ឈ្នួល​បន្ថែម តាំង​ពី​ថ្ង​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៥​មក​។​នេះ​បើ​យោង​តាម​ក្រុម​សហជីព​ដែល​បាន​ចូលរួម​នៅក្នុង​បាតុកម្ម​នេះ ប្រាប់​ដល់​វិទ្យុ​វា​យោ កាលពី​ពេល​ថ្មីៗ​នេះ​៕
(​ដោយ​៖​គីម ចាន់​ចាវ​)​

ព័ត៌មានផ្សេងទៀត