អ្នក​មិន​ចូលចិត្ត​ពាក់មួក​សុវត្ថិភាព​នឹង​បន្ត​ទៀត​ទេ ពេល​ច្បាប់​ចរាចរណ៍​ថ្មី​អនុវត្ត​ផ្លូវការ​

21-12-2015 6:17 pm 1958

​ករណី​គ្រោះថ្នាក់​ចរាចរណ៍ បណ្តាលឲ្យ​ស្លាប់ និង​របួស​ត្រង់​ក្បាល​ធ្ងន់ធ្ងរ ដោយសារ​ការ​មិន​ពាក់មួក​ការពារ​សុវត្ថិភាព នៅតែ​ជា​ក្តីបារម្ភ ខណៈ​ប្រជាពលរដ្ឋ​ជាច្រើន នៅ​មិនទាន់​យល់ច្បាស់​ពី​អត្ថ​ប្រយោជន៍​​ នៃ​មួក​ការពារ​សុវត្ថិភាព​។ ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី នឹង​ចាប់ផ្តើម​អនុវត្ត​នៅ​ដើមឆ្នាំ​២០១៦​ខាងមុខ ដោយ​ផាកពិន័យ​លើ​អ្នកបើកបរ មិន​ពាក់​មួកសុវត្ថិភាព គុណ​នឹង​៥ លើ​តម្លៃ​ចាស់​(៣០០០​រៀល​*៥​ដង​)​។ ដូច្នេះ តើ​ពេល​ច្បាប់​ចរាចរណ៍​ថ្មី អនុវត្តន៍ អ្នក​ដែល​មិន​ចូល​ចិត្ត​ពាក់មួក​សុវត្ថិភាព នៅតែ​បន្ត​មិន​ពាក់​ទៀត​ឬ​យ៉ាងណា​?


​ខណៈដែល​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី មិនទាន់​ត្រូវបាន​អនុវត្ត​ជា​ផ្លូវការ គ្រោះថ្នាក់​ចរាចរណ៍ បណ្តាលឲ្យ​របួស​ក្បាល​ធ្ងន់ធ្ងរ និង​ស្លាប់ ដោយសារ​មិន​ពាក់មួក​សុវត្ថិភាព នៅតែ​កើតមាន​ជា​រៀងរាល់ថ្ងៃ​។ បើ​តាម​របាយការណ៍​ប្រចាំ​ថ្ងៃ​ទី​១៩ ខែ​ធ្នូ របស់​អគ្គស្នងកា​រន​គរ​បាល​ជាតិ បានឲ្យដឹងថា ក្នុងចំណោម​ជនរងគ្រោះ​២៩​នាក់ ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍ គឺមាន​១៦​នាក់ មិន​ពាក់មួក​ការពារ​សុវត្ថិភាព​។ តើ​មាន​កត្តា​អ្វីខ្លះ ដែល​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ភាគច្រើន មិន​ចូល​ចិត្ត​ប្រើប្រាស់​មួក​ការពារ​សុវត្ថិភាព ពេល​ធ្វើដំណើរ​ទៅ​ណា​ម្តងៗ​?

​កន្លងមក​មាន​ការលើក​ឡើង​ថា ការ​ពាក់មួក​សុវត្ថិភាព ធ្វើឲ្យ​បាត់បង់​ភាពស្រស់សង្ហារ ខូច​ម៉ូត​សក់ ធ្ងន់​ចង្អៀត​ក្បាល​។ ហើយ​ក៏​ធ្លាប់​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ដោយសារតែ ជិះ​ម៉ូតូ​គេច​ពី​ប៉ូលីស ព្រោះ​មិន​ចង់​ពាក់មួក​ការពារ​សុវត្ថិភាព​។ ប៉ុន្តែ​ការលើកឡើង​នេះ ត្រូវបាន​គេ​មើលឃើញថា ជា​ការប្រថុយប្រថាន​ចំពោះ​អាយុជីវិត​របស់​ខ្លួន​។ មាន​ការផ្តល់​ជា​ដំបូន្មាន ជា​ស្ពតពាណិជ្ជកម្ម តាម​វិទ្យុ និង​ទូរទស្សន៍​ថា គួរតែ​ប្រើប្រាស់​មួក​ការពារ​សុវត្ថិភាព​នូវ​រាល់​ពេល ធ្វើដំណើរ ទោះ​ជា​ទៅ​ទី​ជិត​ក្ដី ទី​ឆ្ងាយ​ក្ដី ដើម្បី​ការពារ​គ្រោះថ្នាក់​ដែល​អាច​កើតឡើង​។ ចូរ​ចងចាំ​ថា រាល់​ពេល​ធ្វើដំណើរ យើង​អាច​នឹង​ជួប​គ្រោះថ្នាក់​គ្រប់ពេលវេលា​។ ហើយ​គ្មាន​អ្នកណា ម្នាក់​ដឹង​ជាមុន​ទេ​ថា យើង​នឹង​មាន​គ្រោះថ្នាក់​នៅ​វិនាទី​ណា​នោះទេ​។​

​តម្លៃ​ក្នុង​ការទិញ​មួកសុវត្ថិភាព យកមក​ប្រើប្រាស់​ក៏​ជា​បញ្ហា​មួយ​ផងដែរ សម្រាប់​ប្រជាពលរដ្ឋ​មួយចំនួន​។ ប៉ុន្តែ​កាលពី​អំឡុង​ខែ​តុលា​ឆ្នាំ​២០១៥ អនុប្រធាននាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ​ក្រសួងមហាផ្ទៃ បាន​ស្នើ​ឲ្យ​រាជរដ្ឋាភិបាល បន្ធូរបន្ថយ​ពន្ធ​នាំចូល​មួក​សុ​វត្ថ​ភាព ដើម្បី​សម្រួល​ដល់​សេចក្តី​ត្រូវការ​ប្រើប្រាស់​ជូន​ដល់​ប្រជាពលរដ្ឋ​។ ការស្នើ​នេះ ក៏​មាន​ការ​សាទរ​ផងដែរ ពី​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​។ ជាមួយគ្នានេះ អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​មួយ​នេះ ក៏​បាន​បង្ហាញ​របាយការណ៍​ថា បច្ចុប្បន្ននេះ ក្នុងចំណោម​អ្នករួមដំណើរ ជា​មនុស្សពេញវ័យ​មានរ​ហួត​ដល់ ១៥%​ពាក់មួក​សុវត្ថិភាព កុមារ​ធ្វើ​ដំណើរ​រួម​ជាមួយ​កើន​ដល់ ១៧% ពាក់មួក​សុវត្ថិភាព​។​
 
​ជា​ការពិត​ណាស់ ការកើនឡើង នៃ​ចំនួន​យានយន្ត ការសេព​គ្រឿង​ស្រវឹង ការ​មិន​គោរព​ច្បាប់​ចរាចរណ៍ ជា​មូលហេតុ​ចំបង នាំឲ្យ​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​។ រី​ឯ​ចំនួន​អ្នកស្លាប់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នេះ គឺជា​បញ្ហា​ប្រឈម​ដ៏​ធំ​មួយ សម្រាប់​សង្គមជាតិ​។ គ្រោះថ្នាក់​ចរាចរណ៍ បង្ក​ឲ្យមាន​ការខាតប​ង់​ទ្រព្យសម្បត្តិ អាយុជីវិត​មនុស្ស និង​បន្សល់ទុក​នូវ​បញ្ហា​ពិការភាព កុមារកំព្រា  ចាស់​ឥត​ទីពឹង និង​បញ្ហា​សង្គម​ផ្សេងៗ​មួយចំនួនទៀត​។

​ថ្ងៃទី​០១ ខែ​មករា ឆ្នាំ​២០១៦ ជា​ថ្ងៃ​ចាប់ផ្តើម​អនុវត្ត​ផ្លូវការ ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​។ នឹង​មាន​ការផាកពិន័យ ចំពោះ​អ្នក​មិន​ពាក់មួក​ការពារ​សុវត្ថិភាព និង​អ្នក​លើ្មសច្បាប់​ចរាចរណ៍​មួយចំនួនទៀត​។ ប្រាក់​ចំនួន ១៥០០០​រៀល នឹង​ពិន័យ​លើ​អ្នកធ្វើដំណើរ ដែល​មិន ពាក់​សុវត្ថិភាព​។ ការពិន័យ ដែល​មាន​តម្លៃ​គុណ​នឹង​៥​ដង នៃ​ច្បាប់​ចរាចរណ៍​ចាស់ គឺ ដើម្បី​ចូលរួម​កាត់បន្ថយ គ្រោះថ្នាក់​ចរាចរណ៍ ដែល​ប៉ះពាល់ ខ្លាំង​ត្រង់​ក្បាល និង​អាច​ឈាន​ដល់ ការស្លាប់ បាត់បង​ជីវិត​ដោយសារ ការមិន​ពាក់មួក​សុវត្ថិភាព ដែល​មាន​ភាគរយ​ច្រើន​។​

គួររម្លឹកថា សម្តេច​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ធ្លាប់​បាន​អំពាវនាវ និង​ស្នើ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​ប្រើប្រាស់ ទោចក្រយានយន្ត​គ្រប់​ប្រភេទ ត្រូវ​ប្រើប្រាស់​មួក​ការពារ​សុវត្ថិភាព​ឲ្យបាន​គ្រប់ៗ​គ្នា ដើម្បី​កាត់បន្ថយ​អត្រា​ស្លាប់ និង​របួស​ត្រង់​ក្បាល ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​។

​ប្រមុខ​រដ្ឋាភិបាល ក៏​ធ្លាប់​មានប្រសាសន៍​ផងដែរ​ថា គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា សព្វថ្ងៃ ជា​ឃាតករ​សម្លាប់​មនុស្ស​ឈរ​នៅ​លំដាប់​ទី​១​។ ហើយ​ដើម្បី ឲ្យមាន​ការប្រើប្រាស់​មួក​ការពារ​សុវត្ថិភាព​ប្រកបដោយ​ប្រសិទ្ធភាព សម្តេចនាយក​រដ្ឋមន្ត្រី បាន​តម្រូវ​ឲ្យ​មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ ជា​អ្នក​អនុវត្តន៍​មុនគេ​។​

​បើ​តាម​របាយការណ៍រ​បស់​អគ្គស្នងការ​នគ​របាល​ជាតិ បានបង្ហាញ​ថា ក្នុង​រយៈពេល​១១​ខែ ឆ្នាំ​២០១៥​នេះ មាន​ប្រជាពលរដ្ឋ​រងគ្រោះ​ចំនួន ៩,៧៧៥​នាក់ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​៤,៥៩៥​លើក​។ ចំនួន​នេះ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៤ មាន​ការថយចុះ​២៤៥​លើក ដែល​ស្មើនឹង​៥% ។ ដោយឡែក​មនុស្ស​ចំនួន​២,២៦៥​នាក់​បាន​ស្លាប់ ដោយ​គិត​ជា​មធ្យម​ក្នុង​១​ថ្ងៃ​ស្លាប់ ៦​នាក់​។

ព័ត៌មានផ្សេងទៀត