ស្ថានភាព​បាតុកម្ម​នៅ​ក្រុង​បាវិត ឈាន​ដល់​ការ​ប្រើ​រថយន្ត​បាញ់​ទឹក

21-12-2015 12:13 pm 1789

​នៅ​ព្រឹក​ថ្ងៃទី​២១ ខែ​ធ្នូ សមត្ថកិច្ច​បាន​សម្រេច​ប្រើប្រាស់ រថយន្ត​បាញ់​ទឹក ដើម្បី​បង្ក្រាប​ក្រុមកម្មករ​ជាង​១​ម៉ឺន​នាក់ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស តា​យ សេង ស្ថិត​នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង ដែល​បាន​នាំគ្នា​បាតុកម្ម​តវ៉ា​ម្ដងទៀត នៅ​ខាង​មុខ​រោងចក្រ ដើម្បី​ទាមទារ​ដំឡើង ប្រាក់​ឈ្នួល​បន្ថែម​។ នេះ​បើ​តាម​លោក ឃុន សុខុម មន្ត្រី​សម្របសម្រួល​សហជីព​ការងារ​កម្ពុជា ប្រចាំ​ខេត្ត​ស្វាយរៀង​។​


​លោក បន្ត​ថា​ការបាញ់ទឹក​នេះ មិនបាន​ធ្វើ​ឱ្យមាន​កម្ម​ក​រ រងរបួស​ឡើយ ប៉ុន្តែ​បាន​ធ្វើឱ្យ​បាតុករ​ទាំងនោះ​ភ័យ​ខ្លាច ដោយ​មួយចំនួន​ត្រូវ​រត់​ចូល​ព្រៃ និង​មួយចំនួនទៀត​ត្រូវ​ចេញ​ឆ្ងាយ​ពី​តំបន់​តាយសេង ជាង​១០០​មែត្រ​។​ជា​បន្ត​សូម​ស្តាប់​ប្រសាសន៍​លោក ឃុន សុខុម មន្ត្រី​សម្របសម្រួល​សហជីព​ការងារ​កម្ពុជា ប្រចាំ​ខេត្ត​ស្វាយរៀង​៖


​សំឡេង​៖


​ចំនែក នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស មេន​ហា​ធេន លោក ឃុន សុខុម បញ្ជាក់ថា  ការធ្វើ​បាតុកម្ម​មិនសូវ​មាន​សកម្មភាព​ខ្លាំង​ក្លា​ឡើយ ដោយសារ មាន​កម្លាំង​សមត្ថកិច្ច ឈរជើង​គ្រប់​គោលដៅ​ទាំងអស់ ជាពិសេស​នៅ​មុន​រោងចក្រ​។​


​សូមបញ្ជាក់​ថា កម្មករ​ប្រមាណ​ជាង​៣​ម៉ឺន​នាក់ នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស មេន​ហាត​ធេន និង​តាយសេង បាន​នាំគ្នា​ធ្វើ​កុបកម្ម​ទាមទារ​ប្រាក់​ឈ្នួល​គោល​បន្ថែម​លើ​ចំនួន​១៤០​ដុល្លារ ដែល​រដ្ឋាភិបាល បាន​ប្រកាស​ផ្តល់​ឱ្យ​កាលពីដើម​ខែ​តុលា​។ បាតុកម្ម​ត្រូវបាន​ចាប់ផ្ដើម​តាំងពី​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៥​មក​។​

​(​ដោយ​៖ គីម ចាន់​ចាវ​)

ព័ត៌មានផ្សេងទៀត