លោក​អ៊ូ វីរៈ​៖បញ្ហា​គ្រប់គ្រង​អាវុធ ពុករលួយ សំភារៈ​និយម ជា​កត្តា​កើតអំពើ​ឆក់ប្លន់​

19-12-2015 9:43 am 2464

​ក្នុង​រយៈពេល​ចុងក្រោយ​នេះ ករណី​ចោរកម្ម​លួច ឆក់ ប្លន់​ប្រដាប់អាវុធ បាន​កើតឡើង​ជា​ហូរហែ នៅតាម​បណ្តា​ខេត្ត​មួយចំនួន ពិសេស​ក្នុង​រាជធានី​ភ្នំពេញ​។ បញ្ហា​អសន្តិសុខ​សង្គម​នេះ​បាន​ក្លាយ​ជា​ក្តី​​​ព្រួយ​​​បារម្ភ និង​ការភ័យខ្លាច​យ៉ាងខ្លាំង ចំពោះ​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​។ ព្រួយបារម្ភ និង​ភ័យខ្លាច ដោយសារ​មាន​ករណីខ្លះ បណ្តាលឲ្យ​ជនរងគ្រោះ​ស្លាប់​បាត់បង់​ជីវិត​។

​លោក​នង វុ​ធ ជា​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ផ្សារ​ទួល​សង្កែ រាជធានី​ភ្នំពេញ បានបញ្ជាក់​ថា លោក​ភ័យ​ខ្លាច នៅពេល​ធ្វើដំណើរ​ទៅ​ណា​ម្តងៗ ដោយហេតុ​ថា ឃើញ​មាន​ករណី​បាញ់​ប្លន់​សម្លាប់​សាហាវៗ​ពេក ក្នុង​រយៈពេល​១​ខែ​ចុងក្រោយ​នេះ​។ លោកវុ​ធ បន្តថា មូលហេតុ​ដែល​នាំឲ្យ​កើត​មាន​បញ្ហា​នេះ​ឡើង អាចមកពី​មាន​ការដោះលែង​អ្នកទោស ដែល​ធ្លាប់​ប្រព្រឹត្ត​អំពើ​លួច ប្លន់ ហើយ​អ្នក​ទាំងនោះ​មិន​រៀងចាល មក​ធ្វើ​សកម្មភាព​លួច ប្លន់​ដដែល​។ ដោយឡែក លោក​បូរ៉ា ជា​ប្រជាពលរដ្ឋ​មកពី​ខេត្ត​ស្វាយរៀង ក៏​បាន​អះអាង​មិន​ខុស​ពី​លោក​នង វុ​ធ ដែរ​។​

​សំឡេង​លោក​នង វុ​ធ

​មិន​ថា​ពេល​ថ្ងៃ ឬ​ពេល​យប់​នោះ​ទេ បញ្ហា​ចោរ ឆក់ ប្លន់ គឺ​មាន​ការភ័យខ្លាច​ដូចគ្នា ព្រោះ​ឥឡូវ​មិនដឹង​ថា​យ៉ាង​មិច វា​សំបូរ​ចោរ​ពេក​។ នេះ​ជា​សំដី​របស់​អ្នកស្រី អ៊ុក សារ៉ាន់ អាជីវករ​លក់ដូរ នៅមុខ​ក្លោងទ្វារ​ច្រកចូល ពហុកីឡាដ្ឋាន ស្តា​ត​ចាស់​។ អ្នកស្រី អ៊ុក សារ៉ាន់ ក៏​បាន​បង្ហាញ​ពី​ក្តីបារម្ភ ចំពោះ​បញ្ហា​ប្រឈម ដល់​អាយុជីវិត របស់​ជនរងគ្រោះ​ផងដែរ​។​

សំឡេង​អ្នកស្រី​អ៊ុក សារ៉ាន់

​ស្ត្រី​អាជីវករ​រូបនេះ បាន​អះអាង​បន្តថា បញ្ហា នៃ​ការសេព​គ្រឿងញៀន និង​ការដោះលែង​អ្នកទោស ដែល​ជា​អតីត​ក្រុមចោរ​ដែល​សាហាវៗ អាច​ជា​មូលហេតុ​ចំបង​នៃ​ការកើតមាន​បញ្ហា​ចោរ​កម្មនេះ។ ទន្ទឹមនឹងនេះ អ្នកស្រី​ក៏​បាន​ស្នើ​ដល់​រដ្ឋាភិបាល ត្រូវមាន​វិធានការ​ទប់ស្កាត់ និង​ជួយ​ការពារ​ដល់​ប្រជាពលរដ្ឋ​។​

សំឡេង​អ្នកស្រី​អ៊ុក សារ៉ាន់​

​មាន​កត្តា​ជាច្រើន​ដែល​នាំឲ្យ​កើត​មាន​បញ្ហា​អសន្តិសុខស​ង្គ​ម តាមរយៈ​សកម្មភាព លួច ឆក់ ប្លន់​នេះ​។ បញ្ហា​នៃ​ការគ្រប់គ្រង​អាវុធ ជា​បញ្ហា​សំខាន់​ដែល​ត្រូវ​យកចិត្តទុកដាក់​, ការគ្រប់គ្រង​លើ​កងកម្លាំង​ប្រដាប់អាវុធ ដូចជា​ប៉ូលីស ទាហាន ប៉េអឹម កង​អង្គរក្ស ជា​អ្នក​ដែល​មាន​សិទ្ធិ​កាន់​អាវុធ​ស្របច្បាប់ ប៉ុន្តែ​បើ​មិន​មាន​ការគ្រប់គ្រង​ត្រឹមត្រូវ​ទេ អ្នក​ទាំងនោះ ក៏​អាច​ជា​ប្រភព​មួយ​បង្ក​ជា​បញ្ហា​អសន្តិសុខ​ដែរ​។ អំពើពុករលួយ ក្នុង​ក្រសួង​យុត្តិធម៌ សូកប៉ាន់​ដោះលែង​ក្រុមចោរ ដែល​សំបូរ​លុយ​។ ដោយឡែក បញ្ហា​សំភារៈ​និយម ចង់​ហ៊ឺហារ ក៏​អាច​ជា​មូលហេតុ​ចំបង បង្ក​ឲ្យមាន​អំពើ​ឆក់ ប្លន់​នេះ​ផងដែរ​។ នេះ​ជា​ការលើកឡើង​ពី​លោក​អ៊ូ វីរៈ ប្រធាន​វេទិកា​អនាគត និង​ជា​អ្នកតាមដាន​ស្ថានការណ៍​សង្គម​។​

សំឡេង​លោក​អ៊ូ វីរៈ​​

​តែ​យ៉ាងណាក៏ដោយ លោក​អ៊ូ វីរៈ បាន​បន្តថា ការ​កក្រើក​ករណី​លួច ប្លន់ នាពេលនេះ មិន​មែន​ពេល​កន្លងៗ​មក មិន​មាន​អំពើ​ឆក់​ប្លន់​នោះទេ ប៉ុន្តែ​ដោយសារ​តែ​បច្ចុប្បន្ន ប្រព័ន្ធ​ផ្សព្វផ្សាយ មាន​ភាព​​​ទូលំ​​ទូលាយ ដែល​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ទទួលបាន​ព័ត៌មាន​ច្រើ​ន​។ ប៉ុន្តែ​អ្វី​ដែល​សំខាន់ គឺ​មាន​ដាក់​ចេញ​វិធានការ​ទប់ស្កាត់ និង​បង្ក្រាប​។​

សំឡេង​លោក​អ៊ូ វីរៈ​

​អំពើ​ឆក់ ប្លន់ នេះ​មិន​ត្រឹម​តែ​បង្ក​ភាពភ័យខ្លាច សម្រាប់​ប្រជាពលរដ្ឋ​នោះទេ ប៉ុន្តែ​ក៏​ធ្វើឲ្យប៉ះពាល់ វិស័យ​ទេសចរណ៍​ផងដែរ ពិសេស​លើ​ភ្ញៀទេសចរ​។ ដោយសារ​មើលឃើញ​ពី​បញ្ហា​នេះ ប្រមុខ​រដ្ឋាភិបាល ធ្លាប់​បាន​ចេញ​បញ្ជា​ឲ្យ​ក្រសួង ស្ថាន​ប័ន ពាក់ព័ន្ធ​ទាំងអស់ ត្រូវមាន​វិធានការ​ទប់ស្កាត់​ជាបន្ទាន់​។ ដោយឡែក នៅ​ថ្ងៃ​ទី​១៨ ធ្នូ ក្រសួង​យុត្តិធម៌ ក៏​បាន​ជួបប្រជុំ​ជាមួយ​មន្ត្រី​តុលាការ​ទូទាំងប្រទេស ដើម្បី​ពិនិត្យ​មើល​ពី​មូលហេតុ ដែល​នាំឲ្យ​កើត​មាន​ករណី​អសន្តិសុខ យ៉ាង​កក្រើក​នេះ​ផងដែរ​។

ក្នុង​កិច្ចប្រជុំ​នេះ លោក អង្គ វង្ស​វឌ្ឍនា រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ បាន​បង្គាប់​ឲ្យ​ព្រះអាជ្ញា​ទូទាំងប្រទេស ដាក់​វិធានការ​ឱ្យបាន​ម៉ឺងម៉ាត់​បំផុត ចំពោះ​ជនល្មើស​លួច ឆក់ ប្លន់ និង​ការផ្តន្ទាទោស​ព្រហ្មទណ្ឌ ក្នុង​កម្រិត​អតិបរមា ទៅ​ដល់​ជន​ពាក់ព័ន្ធ ក្នុងករណី​នេះ​ជាដើម​។ លោក កើត រិទ្ធ រដ្ឋលេខាធិការ​នៃ​ក្រសួង​យុត្តិធម៌ មានប្រសាសន៍​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន  ក្រោយ បញ្ចប់    កិច្ចប្រជុំ​ថា “​ក្រៅពី​ធ្វើ​ការណែនាំ​ដល់ ព្រះរាជអាជ្ញា​ទូទាំងប្រទេស ឲ្យ​បង្កើន   កិច្ចសហការ​ស្អិតរ​មួ​ត​ជាមួយនឹង មន្ត្រីនគរបាល​យុត្តិធម៌ នគរបាល​ជាតិ ក៏ដូចជា​កងរាជអាវុធហត្ថ​។  លោក​រដ្ឋមន្ត្រី ក៏​បាន​ណែនាំ​ឱ្យ​ពិនិត្យឡើងវិញ នៅ​រាល់​សំណុំរឿង​ទាំងឡាយ ដែល​កំពុង​តែ​ចាត់ការ ដោយ​តំណាង​អយ្យការ​តុលាការ ដោយ​ធ្វើ​យ៉ាងម៉េច​ជំរុញ​កិច្ចការ​នេះ ឲ្យបាន​ឆាប់រហ័ស ហើយ​អនុវត្ត​ប្រកបដោយ​ស្មារតី ទទួលខុសត្រូវ​ខ្ពស់ គឺ​អនុវត្ត​ដោយ​ម៉ឺងម៉ាត់ និង​ម៉ត់ចត់​”៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត