អូទ្រីស​ចាប់ខ្លួន​មនុស្ស​២​នាក់​សង្ស័យ​ជាប់​ពាក់ព័ន្ធ​​ការវាយ​ប្រ​ហារ​​នៅ​ទីក្រុង​​ប៉ារីស​​

18-12-2015 4:00 pm 987
កន្លែងគោរពវិញ្ញាណក្ខន្ធរបស់ជនរងគ្រោះដោយសារការវាយប្រហារនៅទីក្រុងប៉ារីស

ប៉ូលីស​អូទ្រីស​បាន​ចាប់ខ្លួន​មនុស្ស​២​នាក់ សង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​ការវាយប្រហារ​នៅ​ទីក្រុង​ប៉ារីស​កាលពី​ខែវិច្ឆិកា​កន្លង​ទៅ​។ ការចាប់ខ្លួន​នេះ បាន​ធ្វើឡើង​នៅក្នុង​មណ្ឌល​ជនភៀសខ្លួន ក្នុង​ទីក្រុង​Salzburg​ប្រទេស​អូទ្រីស​។ នេះ​បើ​តាម​ការិយាល័យ​រដ្ឋអាជ្ញា​អូទ្រីស​បាន​ប្រាប់​សារព័ត៌មាន​ចិន​ស៊ីន​ហួរ​តាំងពី​ថ្ងៃ​ទី​១៧​ធ្នូ​។ ​យ៉ាងណាក៏ដោយ ការិយាល័យ​រដ្ឋអាជ្ញា​អូទ្រីស​មិន​បាន​បញ្ជាក់ប្រាប់​ពី​អត្តសញ្ញា​ណ និង​សញ្ជាតិ​ជនសង្ស័យ​២​នាក់​នោះ​នៅឡើយ​ទេ តែ​រដ្ឋអាជ្ញា​ថា ពួកគេ​ទាំង​ពី​នាក់​មក​ពី​មជ្ឈឹម​ខាងកើត​។ បើ​តាម​កាសែត​ក្នុងស្រុក​ប្រទេស​អូទ្រីស បាន​ផ្សព្វផ្សាយ​ថា ពួកគេ​ជា​សញ្ជាតិ​បារាំង តែ​ប្រវត្តិ​របស់​ពួកគេ​ទាំង​ពីរ​នាក់​គឺ​១​ម្នាក់​នៅ​អាល់​ហ្សេ​រី និង​ម្នាក់​ទៀត​នៅ​ប្រទេស​ប៉ា​គី​ស្ថាន​។​


​ជនសង្ស័យ​ទាំង​ពីរ​នាក់ ត្រូវ​ចោទប្រកាន់​ថា បាន​ស្វែងរក​សុំ​សិទ្ធិ​ជ្រកកោណ ហើយ​ចូល​ទៅ​ប្រទេស​អឺរ៉ុប​តាមរយៈ​កោះ​ក្រិច​ក្នុង​ខែ​តុលា​។ ជនសង្ស័យ​ទាំង​នេះ បាន​ប្រើ​លិខិតឆ្លងដែន​ស៊ី​រី​ក្លែងក្លាយ​ចូល​ទៅ​អឺរ៉ុប​។ ពួកគេ​ទាំង​ពីរ​នាក់​សង្ស័យ​ជា​សមាជិក​ក្រុម​សកម្មប្រយយុទ្ធ​អ៊ីស្លាម​IS​។​នេះ​បើ​តាម​ការ​បញ្ជាក់បន្ថែម​របស់​ការិយាល័យ​រដ្ឋ​អាជ្ញា​អូទ្រីស​។


​ការិយាល័យ​រដ្ឋអាជ្ញា​អូទ្រីស​ក៏​បាន​បញ្ជាក់បន្ថែម​ដែរ​ថា ការចាប់ខ្លួន​នេះ​ក៏​ធ្វើ​ឡើង​ដោយ​មាន​ជំនួយ​ពី​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​បារាំង​ដែរ​។ យ៉ាងណាក៏ដោយ អូទ្រីស​និង​បារាំង​នៅតែ​សហការគ្នា ដើម្បី​ស៊ើបការណ៍​បន្តទៀត ដើម្បី​រក​ភស្តុតាង​ច្បាស់លាស់​។ ទាក់ទិន​រឿងរ៉ាវ​នេះ​ កាលពី​ថ្ងៃ​ទី​២៧​វិច្ឆិកា អាល្លឺម៉ង់​បាន​ចាប់ខ្លួន​បុរស​ម្នាក់​មិន​បញ្ចេញ​ឈ្មោះ អាយុ​៣៤​ឆ្នាំ ដោយ​សង្ស័យ​លក់​អាវុធ​ទៅឱ្យ​ក្រុម​ភេរ​វករ​បំផ្ទុះ​គ្រាប់បែក​នៅ​ទីក្រុង​ប៉ារីស​។ ព្រះរាជអាជ្ញា​អាល្លឺម៉ង់​បាន​បញ្ជាក់ទៀតថា បុរស​រូប​នេះ​លក់​អាវុធ​ទៅ​ឱ្យ​ក្រុម​សកម្មប្រយុទ្ធ​អ៊ីស្លាម​IS នៅ​ទីក្រុង​ប៉ារីស ក្នុងនោះ​មាន​កាំភ្លើង​ខ្លី​ចំនួន​៤​ដើម​។​


​គួរបញ្ជាក់​ថា ហេតុការណ៍​បាញ់ប្រហារ​និង​បំផ្ទុះ​គ្រាប់បែក​ជា​ប្រវត្ដិសាស្ដ្រ បាន​កើតឡើង​ក្នុង​ប្រទេស​បារាំង កាលពី​យប់​ថ្ងៃ​ទី​១៣​វិច្ឆិកា​ឆ្នាំ​២០១៥ បណ្ដាលឱ្យ​មនុស្ស​១៣០​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​និង​រាប់រយ​នាក់​ផ្សេង​ទៀត​រងរបួស​។ ការវាយប្រហារ​បាន​កើត​ឡើង​នៅក្នុង​ទីតាំង​៧​កន្លែង​ផ្សេង​គ្នា​ទាំង​ក្នុង​និង​ក្រៅ​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង ក្នុងនោះ​ក៏​មាន​នៅ​ភោជនី​ដ្ឋា​ន​ខ្មែរ​ក្នុង​ប្រទេស​បារាំង​មួយ​ផងដែរ​។ ដោយឡែក​នៅ​ពហុកីឡាដ្ឋាន​ប្រកួត​បាល់ទាត់​ក្នុង​ក្រុង​ប៉ារីស ក៏​មាន​ការវាយប្រហារ​ផង​ដែរ​ខណៈ​ការប្រកួត​កំពុងដំណើរការ​៕(​ដោយ​៖​លាង ធីតា​)

ព័ត៌មានផ្សេងទៀត