លោក​ម៉ម សូណង់ដូ​៖ បើ​ខ្ញុំ​ក្លាយជា​នាយក​រដ្ឋមន្ត្រី​នឹង​ទាមទារ​យក​អ្វី​ជា​របស់​ខ្មែរ​មក​វិញ​

12-12-2015 3:35 pm 3313

​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ដែល​មាន​លោក​ម៉ម សូណង់ដូ ជា​ប្រធាន បាន​រៀបចំ​រចនាសម្ព័ន្ធ​គណបក្ស​ជា​ថ្មី​ឡើងវិញ​ហើយ បន្ទាប់ពី​ធ្វើ​សមាជ​នា​ថ្ងៃទី​១២​ធ្នូ​នេះ​។ សម្រាប់​ឯកសារ​ទាក់ទង​នឹង ការផ្លាស់ប្តូរ​រចនាសម្ព័ន្ធ​ថ្មី​នេះ នឹង​បញ្ជូន​ទៅកាន់​ក្រសួងមហាផ្ទៃ នាពេលខាងមុខ ដើម្បី​ឲ្យមាន​ការទទួល​ស្គាល់​ពី​ក្រសួង​។​

​ក្រោយ​បញ្ចប់​អង្គសមាជ លោក​ម៉ម សូណង់ដូ បាន​មានប្រសាសន៍​ប្រាប់​ដល់​អ្នកសារព័ត៌មាន​ថា «​ក្រោយ​សមាជ​ថ្ងៃទី​១២ ខែ​១២ ឆ្នាំ​២០១៥​នេះ​តទៅ គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ នឹង​មាន​ដំណើរកា​ររ​លូន ហើយ​រឹងមាំ​ដើម្បី ស្តារ​អនាគត​ប្រទេសជាតិ យើង​ឡើងវិញ​»​។ ជាមួយគ្នានេះ លោក​ម៉ម សូណង់ដូ ក៏​បាន​បដិសេធ​ផងដែរ ចំពោះ​ការចោទប្រកាន់​ពី​គណបក្ស​សង្គ្រោះ​ជាតិ នា​ពេល​កន្លងមក​ថា លោក​បង្កើត​គណបក្ស​សំបុក​ឃ្មុំ​នេះ ដើម្បី​បំបែក​សំឡេង​គណបក្ស​ប្រឆាំង​។

លោក​បន្តថា ហើយ​លោក​មិន​មាន​បំណង​ទៅ​ប្រកួតប្រជែង​យក​អំណាច ពី​គណបក្ស​សង្គ្រោះ​ជាតិ​ទេ ប៉ុន្តែ​លោក​ឃើញថា ជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ មិន​រឹងមាំ និង​មិន​មាន​ភាពស្មោះត្រង់ ជាមួយ​យ​ប្រជាពលរដ្ឋ ដែល​បាន​បោះឆ្នោត​ឲ្យ​ខ្លួន ហើយ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ អសមត្ថភាព​។​ ​ប្រធាន​គណបក្ស​ទើប​បង្កើត​ថ្មី​រូបនេះ បញ្ជាក់​ដោយ​សង្កត់ធ្ងន់​ថា លោក​អាច​បោះបង់​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​បាន តែ​លោក​មិន​អាច​បោះបង់​អាយុជីវិត​ប្រទេស​កម្ពុជា​បាន​ទេ​។

លោក​ម៉ម សូណង់ដូ បញ្ជាក់ទៀតថា ការបង្កើត​គណបក្ស​សំបុក​ឃ្មុំ​នេះ មិនមែន​ដើម្បី​ដណ្តើម​អំណាច និង​ដើម្បី​សន្សំ​កៅអី​ទេ​។ ប៉ុន្តែ​សម្រាប់​ការបោះឆ្នោត​អាណត្តិ​ក្រោយ លោក​សង្ឃឹមថា នឹង​ទទួលបាន​អាសនៈ​យ៉ាងតិចណាស់​ក៏​៥០​បូក​១​ដែរ​។ ក្រោយពី​លោក​កាន់អំណាច ឬ​ក្លាយជា​នាយក​រដ្ឋមន្ត្រី លោក​នឹង​ទាមទារ យក​កោះត្រល់  ភ្នំ​បូកគោ ចំការកៅស៊ូ ជូន​ជាតិ​ឡើងវិញ ហើយក៏​មិន​មែន ជា​ការ​ធ្វើ​ប្រជាភិថុត​ដែរ​។​

​ជា​ចុងក្រោយ​លោក​ម៉ម សូណង់ដូ ក៏​បាន​ប្រហើរ​ពាក្យ​មួយ​ឃ្លា​ថា “​មក​ពី​គ្មាន​អ្នកណា​ផ្តួល លោក​ហ៊ុន សែន​បាន ទើប​ម៉ម សូណង់ដូ ចង់​សាក​។ មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ អត់​មាន​ភាពក្លាហាន យើង​ត្រូវតែ​ផ្លាស់ប្តូរ​អ្នក​ដឹកនាំ ហើយ​រើស​មេដឹកនាំ​មួយ ដែល​មាន​ភាពក្លាហាន​ស្មោះស​”៕ ដោយៈ​សៅ វិសាល​

 

ព័ត៌មានផ្សេងទៀត