កូរ៉េ​ខាងជើង​​និង​​កូរ៉េខាងត្បូង​​បើក​កិច្ចចរចា​​កម្រិត​ខ្ពស់​​នៅ​ថ្ងៃ​​សុក្រ​​នេះ​

11-12-2015 10:46 am 1828
រូបភាពជំនួបចរចារវាងកូរ៉េខាងជើងនិងកូរ៉េខាងត្បូងកាលពីពេលកន្លងទៅ

​បន្ទាប់​ពី​ប្រឈមមុខដាក់គ្នាហៀបនឹងផ្ទុះអាវុធកាលពីប៉ុន្មានខែ​ចុងក្រោយ​នេះ នៅ​ទីបំផុត ពេលវេលា​នៃ​ការផ្សះផ្សារ​រវាង​កូរ៉េ​ខាងជើង​និង​កូរ៉េខាងត្បូង​ក៏​បាន​មកដល់​។ នោះ​គឺជា​កិច្ចពិភាក្សា​កម្រិត​ខ្ពស់​ដែល​កម្រ​នឹង​កើតមាន ហើយ​វា​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​សុក្រ​ទី​១១​ធ្នូ​នេះ នៅ​តំបន់​ឧស្សាហកម្ម​Kaesong ស្ថិត​នៅលើ​ទឹកដី​កូរ៉េខាងជើង​។

 

​សមាសភាព​ចូលរួម​ការពិភាក្សា​ដ៏​មាន​សារៈសំខាន់​នេះ កូរ៉េខាងត្បូង​បាន​ចាត់តាំង​លោក​Hwang Boo-gi​ប្រមុខ​នៃ​ក្រសួង​បង្រួបបង្រួម​ទីក្រុង​សេ​អ៊ូ​ល ជា​តំណាង​ក្រុម​ចរចា​កូរ៉េខាងត្បូង​។ ដោយឡែក​តំណាង​ក្រុម​ចរចា​កូរ៉េ​ខាងជើង​គឺ​លោក Jon Jong-su​អនុប្រធាន​គណៈកម្មាកា​រ​របស់​កូរ៉េខាងជើង សម្រាប់​ការបង្រួបបង្រួម​ដោយ​សន្តិភាព​។ អ្វី​ដែល​ជា​ការកត់សំគាល់ ភាគី​ទាំងពីរ​មិនបាន​កំណត់​អំពី​របៀបវារៈ ដើម្បី​ពិភាក្សា​នោះទេ​។ ប៉ុន្តែ​តំណាង​ក្រុម​ចរចា​ទាំងពីរ សុទ្ធតែ​បាន​ដឹង​ច្បាស់​ថា​អ្វី​ជា​របៀបវារៈ​អទិភាព​ដែល​ត្រូវ​លើក​មក​និយាយ​នៅពេល​នេះ​។​

 

​បញ្ហា​ដែល​កូរ៉េ​ទាំង​ពីរ​លើក​មក​និយាយ​នៅក្នុង​ជំនួប​លើក​នេះ ជា​ញ្ហា​មួយដែល​ពួកគេ​បាន​ចំណាយពេល​ជិត​២​ឆ្នាំ​ហើយ ប៉ុន្តែ​នៅតែ​មិន​ទទួលបាន​លទ្ធផល​គាប់ចិត្ត​នៅឡើយ​។ ការស្វែងរក​ចំណុច​រួមមួយ ដើម្បី​ប្រាកដថា​ភាគី​ទាំងពី​រឈប់​ឈ្លោះ​គ្នា​ប្រហែល​មិន​ងាយ​ស្រូល​ទេ​។ បើ​យាម​អ្នកវិភាគ​នៅ​ទីក្រុង​ស៊េ​អ៊ូ​លលោក​Cheong Seong-chang​និយាយថា បញ្ហា​ដែល​លើក​មក​ចរចា​លើក​នេះ អាច​នឹង​បន្ត​ទុក​យក​មក​ពិភាក្សា​ជា​ថ្មី​នៅ​ឆ្នាំ​បន្ទាប់​ទៀត​។ ទោះបីជា​ការពិភាក្សា​លើ​ក​នេះ ភាគី​ទាំងពីរ​បាន​ផ្តល់​សញ្ញា​វិជ្ជា​មាន​ក៏​ដោយ ប៉ុន្តែ​បើ​ក្រឡេក​មើល​អតីតកាល​អ្វីៗ​មិន​ទៅ​ដោយ​រលូន​នោះទេ​។ នោះ​គឺ​ភាព​មិន​ទុកចិត្ត​គ្នា​ដែល​កប់​យ៉ាងជ្រៅ​រវាង​ប្រទេស​ទាំង​ពីរ ជា​រឿង​ជូ​ចត់​បន្សល់​ទុក​ពីអំឡុង​សង្គ្រាម​ពុះ​ចែក​ទឹកដី​កូរ៉េ​ឆ្នាំ​១៩៥០-១៩៥៣៕(​ដោយ​៖​អ៊ុន សុខ​ឡា​)

ព័ត៌មានផ្សេងទៀត