លោក​ហ៊ុន សែន​៖ ទោះ​​​​​កម្ពុជា​គ្មាន​ការព្រមាន​ពី​ក្រុម​អ៊ីស្លាម​IS តែ​កម្ពុជា​អាច​ជា​កន្លែង​លាក់ខ្លួន​

09-12-2015 5:46 pm 15133

ក្នុង​រយៈពេល​ចុងក្រោយ​នេះ មាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង ទាំង​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ ចំពោះ​ព័ត៌មាន នៃការ​សាយភាយ​វត្ត​មាន​ក្រុម​រដ្ឋ​អ៊ីស្លាម​IS ចូលមក​ដល់​ប្រទេស​ក្នុង​តំបន់​អាស៊ី ពិសេស​​​​ក្នុង​ប្រទេស​ថៃ​។ បច្ចុប្បន្ននេះ អាជ្ញាធរ​ថៃ បាន​នឹង​កំពុង​តាម​ស្វែងរក​ជនជាតិ​ស៊ី​រី​៤​នាក់ ដែល​កាន់​លិខិតឆ្លងដែន​ផុត​សុពលភាព​។ ការស្វែងរក​នេះ ធ្វើឡើង​បន្ទាប់​ពី​រដ្ឋាភិបាល​រុស្ស៊ី បាន​ព្រមាន​ថា មាន​បណ្តាញ​ក្រុម​អង្គការ​រដ្ឋ​អ៊ីស្លាម​(ISIS)​ចំនួន​១០​នាក់ បាន​ធ្វើដំណើរ​ចូល​ប្រទេស​ថៃ​កាលពី​ខែ​តុលា ហើយ​ប្រទេស​ថៃ អាច​ប្រឈម​នឹង​ការវាយប្រហារ​ភេរវកម្ម​ផងដែរ​។  ការព្រមាន​នេះ បាន​ជំរុញ​ឲ្យ​ថៃ​ពង្រឹង​សន្តិសុខ​ជុំវិញ​តំបន់​មួយចំនួន ដែល​អាច​ជា​គោលដៅ​វាយប្រហារ របស់​បណ្តាញ​ក្រុម​រដ្ឋ​អ៊ីស្លាម ដែល​រួមមាន​ដូចជា Pattaya និង​Phuket​។​

 

ចំពោះ​ព័ត៌មាន​ទាក់ទង​នឹង​ក្រុម​រដ្ឋ​អ៊ីស្លាម​IS​នេះ ក៏​បាន​ធ្វើអោយ​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​កម្ពុជា មាន​ក្តីព្រួយបារម្ភ​ផងដែរ ដោយ​ខ្លាច​ថា ក្រុម​IS​នេះ ចូលមក​កម្ពុជា​។​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា បាន​ថ្លែង នៅក្នុង​ពិធី​បើក​កិច្ចប្រជុំ​សភា​តំបន់​អាស៊ី (APA) លើក​ទី​៨ ចំពោះមុខ មេដឹកនាំ​សភា​តំបន់​អាស៊ី ជា​សមាជិក​ចំនួន​២៣​ប្រទេស នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ នា​ថ្ងៃ​ទី​០៩ ខែ​ធ្នូ​នេះ​ថា គេ​និយាយថា ប្រទេស​កម្ពុជា​មិន​មាន​ក្រុម ISIS មកដល់​ទេ ប៉ុន្តែ​កម្ពុជា​ក៏​មិន​ត្រូវ​ភ្លេចខ្លួន​នោះដែរ​។ ទោះបីជា ប្រទេស​កម្ពុជា មិន​មាន​ការវាយប្រហា​រ​ណាមួយ ពី​ក្រុម​ឧទ្ទាម​នេះ​ក៏ដោយ ប៉ុន្តែ​ក្រុម​នេះ ក៏​អាច​នឹង​យក​កម្ពុជា​ធ្វើជា​ជំរក​លាក់​ខ្លួន​ដែរ​។​

 

​លោករ​ស់ រ៉ាវុធ អ្នកតាមដាន​ស្ថានការណ៍​អន្តរជាតិ បានបញ្ជាក់​ថា គេថាក្រុម​IS អាច​នឹង​ចូលមក​កម្ពុជា នេះ​គ្រាន់តែ​ជា​ការសន្និដ្ឋាន ដោយ​ប្រើ​ពាក្យ​ប្រសិន​បើ​តែ​ប៉ុណ្ណោះ​។ ប៉ុន្តែ​បើ​តាម​បទពិសោធ​នា​ពេលកន្លងមក ក្រុម​សង្គម​ងងឹត​មួយ​ចំនួន តែ​យក​កម្ពុជា​ជា​កន្លែង​លាក់ខ្លួន​។

សំឡេង​លោករ​ស់ រ៉ាវុធ

 

​លោក​បន្តថា យើង​មិនគួរណា​មាន​ការព្រួយបារម្ភ​​​ហួស​​ហេតុ​ពេក​នោះ​​​​ទេ ដែលនាំអោយ​មាន​ជន​ឱកាសនិយម ឆ្លៀត​ឱកាស​បង្ក​ភាពចលាចល​ណាមួយ ដើម្បី​ធ្វើ​វិច្ឆេទកម្ម​សេដ្ឋកិច្ច​។ ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ រដ្ឋាភិបាល​គួរតែមាន​វិធានការ ពង្រឹង​សន្តិសុខ​អោយបាន​តឹងរឹង ពិសេស​នៅតាម​ច្រកព្រំដែន​។

សំឡេង​លោករ​ស់ រ៉ាវុធ​

 

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក​យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​លើកឡើង​ថា កម្ពុជា​ត្រូវតែ​មាន​ការប្រុងប្រយ័ត្ន ដោយ​មិន​ចំពោះ​តែ​ក្រុម​រដ្ឋ​អ៊ីស្លាម​IS តែ​មួយ​នោះ​ទេ គឺ​គ្រប់​បណ្តា​ក្រុម​ភេ​រករ​ទាំងអស់​។ ទន្ទឹមនឹងនេះ លោក​យឹម សុវណ្ណ បាន​សង្កត់ធ្ងន់ថា លោក​ជូនពរ ធ្វើយ៉ាងណា កុំអោយ​វត្តមាន​ក្រុម​សកម្មប្រយុទ្ធ​ទាំងនោះ ក្នុង​ទឹកដី​កម្ពុជា​។ រដ្ឋាភិបាល​គឺ​មាន​កាតព្វកិច្ច​ចំបង ក្នុង​ការពង្រឹង​សន្តិសុខ និង​ទប់ស្កាត់​លំហូរ​នៃ​ភេរ​វករ​។​

សំឡេង​លោក​យឹម សុវណ្ណ​​

 

​សកម្មភាព​របស់​ក្រុម ISIS នា​ពេលកន្លងមក បាន​ធ្វើអោយ​ពិភពលោក​ថ្កោលទោស​យ៉ាងខ្លាំង ទៅលើ​ការវាយប្រហារ​នៅ​តំបន់​មជ្ឈឹម​បូព៌ា បង្ក​ភេរវកម្ម​នៅ​តំបន់​អឺរ៉ុប និង​ការប្រើ​ទារុណកម្ម​សម្លាប់​មនុស្ស​​​យ៉ាង​​ឃោរឃៅ​។​ ថ្មីៗ​នេះ ប្រទេស​ចំនួន​២ នៅ​តំបន់​អឺរ៉ុប នោះ​គឺ​ប្រទេស​បារាំង និង​អាមេរិក ក៏​ទទួលរង​នូវ​ការវាយប្រហារ​ភេរវកម្ម បណ្តាលឲ្យ​មាន​មនុស្ស ស្លាប់​និង​របួស​ជាច្រើន​រយ​នាក់​៕​ដោយៈ​​សៅ វិសាល​

 

ព័ត៌មានផ្សេងទៀត