លោក​យឹម សុវណ្ណ​៖​​​តើ​​បក្ស​ទាំង​​២​​​នៅ​​បន្ត​ឈ្លោះ​​​ដណ្តើម​អំណាច​គ្នា ​ឬ​រក​ដំណោះ​ស្រាយ​​ដើម្បី​​ជាតិ​?​​​

02-12-2015 6:35 pm 2838

​បើ​យោង​តាម​ដីកា​កោះហៅ របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃ​ទី ០១ ធ្នូ ឆ្នាំ​២០១៥ បាន​បង្គាប់​ឲ្យ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ចូលខ្លួន​បំភ្លឺ នៅ​តុលាការ នា​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​​​​​២០១៦ ខាងមុខនេះ វេលា​ម៉ោង​៨៖៣០​នាទី​ព្រឹក ដើម្បី​សាកសួរ​ពាក់ព័ន្ធ​នឹង​បណ្តឹង​បរិហាកេរ្តិ៍ លោក​ហេង សំរិន តាមរយៈ​បណ្តាញ​សង្គម Facebook កាលពី​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៥ ។ ជា​ពាក្យ​បណ្តឹង​ថ្មី​មួយ​ផ្សេងទៀត បន្ទាប់ពី​លោក​ហោ ណាំហុង បាន​សើរ​រើ​ពាក្យបណ្តឹង ដែល​បាន​ចោទប្រកាន់​លោក​សម រង្ស៊ី ថា​បាន​បរិហាកេរ្តិ៍​រូបលោក​ជា​សាធារណៈ និង​ញុះ​ញ៉ុង​ឲ្យមាន​ការរើសអើង​។​

​សម្រាប់​ពាក្យបណ្តឹង​ថ្មី របស់​លោក​ហេង សំរិន ត្រូវបាន​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក​យឹម សុវណ្ណ អះអាងថា ជា​រឿង​នយោបាយ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ មិន​ចាប់​អារម្មណ៍ និង​ភ្ញាក់ផ្អើល​តទៅ​ឡើយ ចំពោះ​ការយក​ប្រព័ន្ធតុលាការ ដើម្បី​មក​កៀបសង្កត់​មក​លើ​លោក​សម រង្ស៊ី​។ លោក​យឹម សុវណ្ណ ក៏​បាន​ប្រៀបធៀប​ទៅ​ករណី​វាយ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នា​ពេល​កន្លងមក​ថា តុលាការ​ហាក់​មិន​អើ​រពើ​ទេ តែ​បែរជា​មក​ចេញ​ដី​ការបង្គាប់​ជា​បន្តបន្ទាប់​មក​លើ​លោក​សម រង្ស៊ី​ទៅវិញ​។ លោក​បន្ថែមថា បើ​គេ​ចង់​ធ្វើ​យ៉ាងណា​ក៏​ធ្វើទៅ ប៉ុន្តែ​គ្រាន់តែ​មាន​ក្តីបារម្ភ នៅ​ថ្ងៃ​អនាគត​។​

សំឡេង​លោក​យឹម សុវណ្ណ

​លោក​អ៊ូ វីរៈ ប្រធាន​វេទិកា​អនាគត ធ្លាប់​បាន​បញ្ជាក់ថា សង្គម​ប្រជាធិបតេយ្យ គណបក្ស​នីមួយៗ​តែងតែ​ចង់បាន នូវ​ការ​កេងចំណេញ​នយោបាយ ប៉ុន្តែ​ការ​កេងចំណេញ​នយោបាយ មិន​គួរ​ធ្វើ​ឡើង​ដោយ​ខ្វះ​សេចក្តីថ្លៃថ្នូរ ការដើរ​និយាយ​ដោយ​គ្មាន​មូលដ្ឋាន រួម​នឹង​ការ​យក​ប្រព័ន្ធ​តុលាការ ជា​ឧបករណ៍​នយោបាយ​ឡើយ​។  

​សំឡេង​លោក​អ៊ូ វីរៈ

​ដោយឡែក លោក​សូ ចន្ថា សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ និង​នយោបាយ ក៏​ធ្លាប់បាន​លើកឡើង​ពី បញ្ហា​ប្តឹង​លោក​សម រង្ស៊ី ផងដែរ​ថា ស្ថានការណ៍​នយោបាយ នាពេល​បច្ចុប្បន្ន​នេះ គឺជា​ការបង្កើត​ព្រឹត្តិការណ៍ ដើម្បី​បំភ្លេច​ព្រឹត្តិការណ៍​ផ្សេងទៀត​ចោល ដូច​ជា​ការ​វាយ​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​២​រូប បញ្ហា​ជម្លោះ​ដីធ្លី រួម​នឹង​បញ្ហា​ជាច្រើន​ទៀត​។

សំឡេង​លោក​សូ ចន្ថា​​

​ករណី​ប្តឹង​លោក​សម រង្ស៊ី ដែល​ត្រូវបាន​គេ​មើលឃើញ​ថា ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​នោះ ត្រូវបាន​លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បដិសេធ ដោយ​អះអាង​ថា ជា​រឿង​បុគ្គល​នឹង​បុគ្គល មិន​មាន​ពាក់ព័ន្ធ​នឹង​គណបក្ស​នយោបាយ​ឡើយ​។​

សំឡេង​លោក​សុខ ឥសាន​

​កន្លងមក គណបក្ស​នយោបាយ​ទាំង​២ ធ្លាប់​មាន​គម្រោង​ជួប​ពិភាក្សា​គ្នា ដើម្បី​បន្ធូរបន្ថយ បញ្ហា​កើនឡើង​កម្តៅ​នយោបាយ​។ ប៉ុន្តែ​គម្រោង​នេះ ត្រូវបាន​បដិសេធ​ពី​ភាគី​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​អះអាង​ថា គ្មាន​ពេលវេលា​ដែល​ត្រូវ​និយាយ​ជាមួយ គណបក្ស​សង្គ្រោះ​ជាតិ​នោះទេ ប្រសិនបើ​ការជួបគ្នា​នោះ ជជែក​ពី​ករណី លោក​សម រង្ស៊ី និង​លោក​កឹម សុខា​។​

យ៉ាងណាក៏ដោយ លោក​យឹម សុវណ្ណ បាន​អះអាង​ថា ប្រសិនបើ​គណបក្ស​ធំ​ទាំង​២ នៅតែ​មាន​ការប្រទាំងប្រទើស​គ្នា ដោយ​មិន​រក​ដំណោះស្រាយ​ទេ​នោះ អ្នករងគ្រោះ​គឺ​ជា​ប្រជាពលរដ្ឋ​។ លោក​យឹម សុវណ្ណ បាន​ផ្តល់​ជា​សំនួរ​ថា តើ​ការបន្ត​យក​តុលាការ​មក​ដាក់​សម្ពាធ​លើ​គណបក្ស​សង្គ្រោះ​ជាតិ ជា​រឿង​ល្អ ឬ ការជជែក​គ្នា ស្វែងរក​ដំណោះស្រាយ គៀងគរ​អ្នកវិនិយោគ ទាក់ទាញ​ជំនួយ​បរទេស ផ្តល់​សេចក្តីសុខ ដល់​ប្រជាពលរដ្ឋ ជា​រឿង​ល្អ​?

សំឡេង​លោក​យឹម សុវណ្ណ​


ព័ត៌មានផ្សេងទៀត