លោក​យ៉ែម បុញ្ញ​ឫទ្ធិ​៖​​ការ​ចាប់​ខ្លួន​​សកម្មជន​​គណបក្ស​​សង្គ្រោះ​ជាតិ​​គឺ​ជា​​រឿង​​នយោបាយ​

01-12-2015 5:00 pm 1531

យោង​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន ដែល​ចេញ​ដោយ​លោក កោ វណ្ឌី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់ឲ្យ​ចាប់ខ្លួន​ជំនួយការ​លោក​ហុង សុខ​ហួរ សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី និង​អ្នក​កាន់ផេ​ក​ហ្វេស​ប៊ុ​កលោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។​ក្នុង​ដីកា​ដដែល​បាន បញ្ជាក់បន្ថែម​ថា​បុគ្គល​ទាំង​ពីរ​នាក់ ត្រូវបាន​ចោទប្រកាន់ ពី​បទ​សមគំនិត​ក្នុង​អំពើ​ក្លែងបន្លំ​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​ក្លែង  និង​ញុះញង់​បង្កឲ្យមាន​ភាពវឹកវ​រ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១២ និង​ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០១៥ ដែល​ផ្តន្ទាទោស​តាម​មាត្រា​២៩ , មាត្រា​៦២៩,​មាត្រា​៦៣០​និង​មាត្រា​៤៩៥​នៃ​ក្រម​ព្រហ្មទណ្ឌ​។​

ដីកា​ដដែល​បាន​បង្ហាញថា ជនសង្ស័យ​ទាំង​ពីរ​រូប ទី​មួយ​គឺ លោក ស​ត្យា សម្បត្តិ ជា​ជំនួយការ​របស់​លោក ហុង សុខ​ហួរ និង​ម្នាក់​ទៀត​ឈ្មោះ អ៊ឹង ជុង​លាង ជា​អ្នក​កាន់​គណនី​ហ្វេ​សប៊ុក​របស់ លោក សម រង្ស៊ី​។​ ​វី​អូ​ឌី​មិនទាន់​អាច​សុំ​ការឆ្លើយតប​ពី លោក ស​ត្យា សម្បត្តិ លោក អ៊ឹង ជុង​លាង បាន​នៅឡើយ​ទេ​។
​បើ​តាម​ដីកា តុលាការ​បាន​បញ្ជា​ដល់​កម្លាំង​សាធារណៈឲ្យ​ស្រាវជ្រាវ​រក​ចាប់ខ្លួន​និង​នាំខ្លួន​មក​ប្រគល់ជូន​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

ទាក់ទង​នឹង​ដីកាចាប់ខ្លួន​ជំនួយការ​លោក​ហុង សុខ​ហួរ​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី​នេះ លោក​យ៉ែម បុញ្ញ​ឫទ្ធិ​អ្នកនាំពាក្យ​រង​គណបក្ស​សង្គ្រោះ​ជាតិ​បានឲ្យដឹង​ថា​នេះ គឺជា​រឿង​នយោបាយ​សុទ្ធសាធ​។​លោក​យ៉ែម បុញ្ញឫទ្ធិ​បាន​បន្ត​ឲ្យដឹងថា គណបក្ស​សង្គ្រោះ​ជាតិ​កំពុងតែ​រក​មេធាវី​ដើម្បី​ត​ទាល់​នឹង​ករណី​នេះ​។​

​សំឡេង​លោក យ៉ែម បុញ្ញ​ឫទ្ធិ​


​យ៉ាងណា​ក៏​ដោយ​លោក​យ៉ែម បុញ្ញឫទ្ធិ​បានបញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​ប្រកាន់​ជំហរ ជជែក​ពិភាក្សា​គ្នា ដោយ​ប្រើប្រាស់​វប្បធម៌​សន្ទនា អហិង្សា មិន​ថា​រឿង​នោះ ជា​រឿង​នយោបាយ រឺ​ជា​បុគ្គល​ក៏ដោយ​។​

សំឡេង​លោក យ៉ែម បុញ្ញ​ឫទ្ធិ​


​សូមបញ្ជាក់​ថា យុវជន​ទាំង​ពីរ​នាក់​ខាងលើ​នេះ បាន​រត់គេចខ្លួន ទៅ​ក្រៅប្រទេស បន្ទាប់ពី​ប៉ូលិស​ចាប់ខ្លួន​លោក​ហុង​សុខ​ហួរ កាលពី​ថ្ងៃ​ទី​១៥​សីហា​។​ ​ចំនែក​សំណុំរឿង​របស់​លោក​សម រង្ស៊ី ក៏​ត្រូវបាន​តុលាការ​ចេញ​ដីកាកោះ​ឲ្យចូល​ខ្លួន​ឆ្លើយបំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នា​២០១៥ ខាងមុខនេះ ដើម្បី​សាកសួរ​ពី​រឿង​សមគំនិត​ក្នុង​អំពើ​ក្លែងបន្លំ​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​ក្លែង​និង​ញុះញង់​បង្កឲ្យមាន​ភាពវឹកវ​រ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​។​

 

​ដោយឡែក​ករណី​លោក​ហុង សុខ​ហួរ ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន ដោយ​ចោទ​លោក​៣​បទ​ចោទ គឺ​ការ​ក្លែង​ឯកសារ​សាធារណៈ ការប្រើប្រាស់​ឯកសារ​ក្លែងក្លាយ​និង​ញុះញង់​ឲ្យមាន​អសន្តិសុខ ពាក់ព័ន្ធ​នឹង​សន្ធិសញ្ញា​កម្ពុជា​និង​វៀតណាម​នៅ​ឆ្នាំ​១៩៧៩​។ លោក ហុង សុខ​ហួរ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន ពីរ​ថ្ងៃ​បន្ទាប់​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​បញ្ជា​ឲ្យ​ចាប់ខ្លួន ដោយ​ចោទ​ថា​ក្លែង​ឯកសារ​សន្ធិសញ្ញា​កម្ពុ​ជា​និង​វៀតណាម​នៅ​ឆ្នាំ​១៩៧៩​។ កន្លង​មក​តុលាការ​ធ្លាប់​បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដែល​កំពុង​នៅ​ក្រៅប្រទេស ឲ្យចូល​ខ្លួន​មក​មក​តុលាការ​នៅ​ថ្ងៃ​ទី​៤​ខែ​ធ្នូ ឆ្នាំ​២០១៥ ពាក់ព័ន្ធ​នឹង​សំណុំរឿង លោក ហុង សុខ​ហួរ ។

 

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពី​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង កាលពី​ថ្ងៃ​ទី​២៥​ខែតុលា បាន​ព្រមាន​ថា​លោក សម រង្ស៊ី អាច​នឹង​ជាប់ពន្ធនាគារ ដោយ​លោក​ថា​ប្រធាន​គណបក្សប្រឆាំង​រូបនេះ​បាន​ឲ្យ​ទំព័រ​ហ្វេ​សប៊ុក​របស់​លោក​ក្នុងការប​ង្ហោះ​ឯកសារ​របស់​អតីត​សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី លោក ហុង សុខ​ហួរ​។ លោក ហ៊ុន សែន បាន​ថ្លែង​ធ្ងន់ៗ​ករណី លោក ហុង សុខ​ហួរ ថា​បាន​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង ដោយសារតែ​លោក​បាន​ធ្វើ​អត្ថាធិប្បាយ​ភ្ជាប់​ជាមួយ​ឯកសា​រលើ​ប្រព័ន្ធ​សង្គម​ហ្វេ​សប៊ុក​។​ កាលពី​ថ្ងៃ​ទី​៨​ខែ​កញ្ញា ឆ្នាំ​២០១៥ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ឲ្យ​អ្នក​ដែល​រត់គេចខ្លួន​ទៅ​ក្រៅប្រទេស ពាក់ព័ន្ធ​នឹង​លោក ហុង សុខ​ហួរ ចូលខ្លួន​មក​សារភាព​ផងដែរ​៕

ព័ត៌មានផ្សេងទៀត