គណបក្ស​​សង្គ្រោះ​ជាតិ​​ស្ទាក់​ស្ទើ​​ក្នុង​កា​រ​​បញ្ចូន​​តំណាង​រាស្ត្រ​​៥៥​​រូប​​ចូល​រួម​​ប្រជុំ​​សភា​​នៅ​​ថ្ងៃ​​ច័ន្ទ​

29-11-2015 5:06 pm 1189

រហូតមកដល់​ថ្ងៃ​ទី​២៩ ២៩​វិច្ឆិកា​នេះ គណបក្ស​សង្គ្រោះ​ជាតិ នៅ​មិនទាន់​សម្រេច​ថា នឹង​ត្រូវឲ្យ អ្នកតំណាងរាស្ត្រ​របស់​ខ្លួន​ទាំង​៥៤ រូប ចូលរួម​ក្នុង​កិច្ចប្រជុំ​រដ្ឋសភា​ពេញអង្គ​នា​ព្រឹក​ថ្ងៃ​ចន្ទ​ទី​៣០​វិច្ឆិកា រឺ​យ៉ាងណា​នៅឡើយ​ទេ​។​នេះ​បើ​តាម​ការលើកឡើង​ពី​លោក យ៉ែម បុញ្ញ​ឫទ្ធិ អ្នកនាំពាក្យ​រង​គណបក្ស​សង្គ្រោះ​ជាតិ​។​

 

​លោក​យ៉ែម បុញ្ញឫទ្ធិ​បានបញ្ជាក់​បន្តថា ខុទ្ទកាល័យ​របស់​លោក​កឹម​សុខា ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ទាក់ទង​ទៅខាង​ខុទ្ទកាល័យ​លោក​ស​ខេង ដែល​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុម​មតិ​ភាគច្រើន​នៅ​រដ្ឋសភា ដើម្បី​ឲ្យមាន​ជំនួប នៅមុខ​កិច្ចប្រជុំពេញអង្គ​រដ្ឋសភា នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​៣០​វិច្ឆិកា​។ ក៏​ប៉ុន្តែ​រហូត​ដល់​រសៀល​ថ្ងៃអាទិត្យ គឺ​មិន​ទាន់​មាន​ការឆ្លើយតប​បែប​ណា​ពី​គណបក្ស​ប្រជាជន​កម្ពុជា​នៅឡើយ​ទេ​។​

តាម​គម្រោង ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​នឹង​ជួប​ចរចា​ជាមួយ ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​អំឡុង​សប្តាហ៍​ក្រោយនេះ ដើម្បី​ដោះស្រាយ​ស្ថានភាព​នយោបាយ នៅក្នុង​ប្រទេស​។​អ្នក​នៃ​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​បានបញ្ជាក់​ថា នៅ​សប្តាហ៍​ក្រោយ​នឹងមាន​ជំនួប​តែ​នៅ​មិនទាន់​បាន​កំណត់​ពី​ពេលវេលា​និង​របៀបវារៈ​នៅឡើយ​ទេ​។​

សម្រាប់​លោក យឹម សុ​វ ណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រាប់​វិទ្យុ​វាយោ​ថា ករណី​សំខាន់​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​លើក​មក​ពិភាក្សា គឺ​ករណី​លោក​សម​រង្ស៊ី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។​អ្នកនាំពាក្យ​រូប​នេះ បាន​បន្ថែម​ថា​គ្មាន​អ្វី​សំខាន់​ជាង​ករណី​លោក​សម រង្ស៊ី​នោះ​ទេ ពីព្រោះ​ករណី​នេះ បាន​ធ្វើឲ្យ​ភ្ញាក់ផ្អើល​ដល់​ឆាក​អន្តរជាតិ​។​
​តែ​មើលទៅ​ប្រហែលជា​មិន​អាច​ផ្តើម​កិច្ចប្រជុំ​រវាង​ថ្នាក់ដឹកនាំ​គណបក្សនយោបាយ​ទាំងពីរ​បាន​ឡើយ ពីព្រោះ​តែ​កិច្ចប្រជុំសភា ពេញអង្គ​គ្រោង​នឹង​រៀបចំ​ធ្វើ​នៅ​ព្រឹក​ថ្ងៃ​ទី​៣០​វិច្ឆិកា​រួចរាល់​ហើយ​។​
​តាម​នីតិវិធី ទោះបីជា អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់ មិន​ចូលរួម​ប្រជុំ​រដ្ឋសភា ក៏​រដ្ឋសភា ដែល​មាន​តែ​អ្នកតំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ៦៨ រូប នៅតែ​អាច​ដំណើរការ​ទៅ​បាន​។​កន្លង​មក​កាលពី​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១៥ រដ្ឋសភា ដែល​មាន​តែ​តំណាងរាស្ត្រ ៦៨ រូប​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រជុំ​បោះឆ្នោត ទម្លាក់​លោក​កឹម​សុខា ចេញ​ពី​អនុប្រធាន​ទី​១​រដ្ឋសភា​។​

សូម​រម្លឹកថា រដ្ឋសភា នឹង​បើក​កិច្ចប្រជុំពេញអង្គ នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​៣០ ខែវិច្ឆិកា ស្អែក​នេះ ដើម្បី​ពិភាក្សា និង​អនុម័ត​លើ​សេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង ឆ្នាំ​២០១៦ ឬ​ច្បាប់​ថវិកាជាតិ ឆ្នាំ​២០១៦ ក្នុងនោះ​ក៏​មាន​ការពិភាក្សា និង​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​ស្ថិតិ ព្រមទាំង​សេចក្តីព្រាងច្បាប់ ស្តីពី ទូរគមនាគមន៍ ផងដែរ​។​តើ​កិច្ចប្រជុំ​នៅ​ថ្ងៃ​ច័ន្ទ​ទី​៣០​វិច្ឆិកា ជា​កិច្ចប្រជុំសភា​មាន​តំណាងរាស្ត្រ​គ្រប់​ចំនួន រឺ​ជា​កិច្ច​ប្រជ​ម​ដែល​មាន​តែ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​គ្មាន​វត្ត​មាន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​៕

ព័ត៌មានផ្សេងទៀត