រដ្ឋាភិបាល​គួរ​មាន​ដំណោះស្រាយ​បែបណា ក្រោយ​កើត​បញ្ហា​ដាច់​ភ្លើង​ជា​ប្រវត្តិសាស្ត្រ​?

27-11-2015 6:50 pm 1522

​នៅ​យប់​ថ្ងៃ​បង្ហើយ​នៃ​ពិធី​បុណ្យ​អុំទូក ថ្ងៃ​២៦​វិច្ឆិកា ប្រទេស​កម្ពុជា បាន​ជួប​នៅ​ឧប្បទ្ទវហេតុ​ជា​ប្រវត្តិសាស្ត្រ គឺ​ការ​ដាច់​ចរន្តអគ្គិសនី​ទូទាំងប្រទេស​។ ភ្លាមៗ​ក្រោយ​កើត​ឧប្បទ្ទវហេតុ​នេះ បាន​ធ្វើឲ្យ​ប្រជាពលរដ្ឋ​កើត​ក្តី​ព្រួយបារម្ភ ខ្លាច​កើត​មាន​នៅ​បញ្ហា​វឹកវរ​ណាមួយ ព្រោះ​មិន​បានដឹង​ពី​មូលហេតុ​ពិតប្រាកដ​។ ក៏ប៉ុន្តែ​បន្តិច​ក្រោយ​បញ្ហា​នេះ ត្រូវបាន​ប្រមុខ​រដ្ឋាភិបាល និង​អគ្គិសនី​កម្ពុជា ចេញមុខ​អះអាង​ថា មូលហេតុ​នៃ​ការ​ដាច់​ចរន្តអគ្គិសនី​ទូទាំង​ប្រទេស​នេះ ដោយសារ​ឆ្លង​ប្រព័ន្ធ​ខ្សែ​សៀ​គ្វី នៃ​ខ្សែ​បញ្ជូន​ថាមពល ពី​ប្រទេស​វៀតណាម​មក​កម្ពុជា មិនមែន​ជា​សញ្ញា​នៃ​ការ​កើត​មាន​អំពើ​ភេរវកម្ម​នោះ​ឡើយ​។​

យ៉ាងណាក៏ដោយ បញ្ហា​ឆ្លង​ចរន្តអគ្គិសនី​នៅ​ប្រទេស​វៀតណាម បណ្តាលឲ្យ​ដាច់​ចរន្តអ​គ្គិ​ស​នី​នៅ​កម្ពុជា​នេះ ត្រូវបាន​ដោះស្រាយ​រួចរាល់​ហើយ​។ ប៉ុន្តែ​ចំពោះ​ការ​ដាច់​ចរន្តអគ្គិសនី​ម្តងទៀត នៅ​ព្រឹក​ថ្ងៃទី​២៧​វិច្ឆិកា​នេះ គឺ​ដោយសារតែ​បញ្ហា​បច្ចេកទេស​បន្តិចបន្តួច តែ​ត្រូវបាន​មន្ត្រី​អគ្គិសនី​ដោះស្រាយ​រួចរាល់​ហើយ​ដែរ​។ នេះ​ជា​ការបញ្ជាក់​ពី​លោក​កែវ រតនៈ អគ្គនាយក​អគ្គិសនី​កម្ពុជា​។​

​សំឡេង​លោក​កែវ រតនៈ​

 

​លោក​អ៊ូ វីរៈ ប្រធាន​វេទិកា​អនាគត បាន​បង្ហាញ​ពី​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង ចំពោះ​មូលហេតុ​ដែល​ថា ការឆ្លង​ចរន្តអគ្គិសនី​នៅ​ប្រទេស​វៀតណាម បណ្តាលឲ្យ​ដាច់​ភ្លើង​ស្ទើរ​ទូ​ទាំង​ខេត្ត​នៅ​ប្រទេស​កម្ពុជា​។ លោក​ថា ហេតុផល​នេះ​លោក​មិន​ទាន់​ជឿ​១០០%​ទេ ព្រោះ​កម្ពុជា​មិនមែន​ទទួល​ថាមពល​អគ្គិសនី​ពី​ប្រទេស​វៀតណាម​ទាំង​ស្រុង​ឡើយ​។​

​សំឡេង​លោក​អ៊ូ វីរៈ​

 

​លោក​អ៊ូ វីរៈ បន្តថា​បញ្ហា​ថាមពល​អគ្គិសនី ប្រសិនបើ​រដ្ឋាភិបាល​មិន​គិតគូរ​ដោះស្រាយ​ឲ្យ​ល្អប្រសើរ​ទេ នោះ​បញ្ហា​សេដ្ឋកិច្ច លើ​វិស័យ​ឧស្សាហកម្ម​មាន​ការធ្លាក់​ចុះ ប្រទេសជាតិ​គ្មាន​ការរីកចំរើន​ឡើយ​។ ជាមួយគ្នានេះ លោក​អ៊ូ វីរៈ បាន​ផ្តល់​ជា​អនុសាសន៍​ទាក់ទង​នឹង​ដំណោះស្រាយ​ក្នុង​ការប្រើប្រាស់​ថាមពល​អគ្គិសនី​។ ជម្រើស​ទី​១ គឺ​ការបង្កើត​ទំនប់​វា​រី​អគ្គិសនី សម្រាប់​ប្រើប្រាស់​នៅតាម​ទីប្រជុំជន​។ បើទោះបី​វា​រី​អគ្គិសនី​ប៉ះពាល់​ដល់​បរិស្ថាន ប៉ុន្តែ​ផលប៉ះពាល់​តិច​ជាង​ផលចំណេញ ជម្រើស​ទី​២ ប្រជាពលរដ្ឋ​នៅ​តាម​ទីជនបទ​អាច​ប្រើប្រាស់​បន្ទះ​សូ​ឡា ក្នុងការ​ផលិត​ថាមពល​ប្រើប្រាស់ និង​ជម្រើស​ទី​៣ ការប្រើប្រាស់​ថាមពល​ធ្យូង​ថ្ម សម្រាប់​រោងចក្រ​ឧស្សាហកម្ម​។​

​សំឡេង​លោក​អ៊ូ វីរៈ​​

 

​តែងតែ​មាន​ការរិះគន់​ថា ចុះ​ហេតុអ្វី​បាន​ជា​ប្រទេស​កម្ពុជា​នៅតែ​ពឹងផ្អែក​លើ​ការទិញ​ថាមពល​អគ្គិសនី​ពី​ប្រទេស​ជិតខាង ខណៈ​ដែល​កម្ពុជា​បាន​បង្កើត​នៅ​ទំនប់​វា​រី​អគ្គិសនី​ជា​ច្រើន​ហើយ​នោះ​? ពាក់ព័ន្ធ​នឹង​ការរិះគន់​នេះ ត្រូវបាន​លោក​កែវ រតនៈ ឆ្លើយតប​ថា យើង​មិន​អាច​កាត់ផ្តាច់​ការផ្គត់ផ្គង់​អគ្គិសនី​ពី​ប្រទេស​ជិតខាង​បាន​ទេ ព្រោះ​ត្រូវ​ពឹង​គ្នា​ទៅវិញទៅមក ម្តង​គេ​ម្តង​យើង​មិន​អាច​ផ្តាច់​ទាំងស្រុង​តែ​ឯង​នោះទេ ជាក់ស្តែង​ដូចជា ប្រទេស​ឡាវ និង​ប្រទេស​ថៃ គេ​ពឹង​គ្នា ទៅវិញទៅមក​។ លោក​បន្ថែមថា នៅ​ឆ្នាំ​២០១៨​ខាងមុខនេះ អគ្គិសនី​នៅ​កម្ពុជា នឹង​លែង​ជួប​បញ្ហា​ពិបាក​ដូច​បច្ចុប្បន្ន​នេះ ហើយ​ក៏​នឹង​កាត់បន្ថយ​ការផ្គត់ផ្គង់​ប្រភព​អគ្គិសនី​ពី​ប្រទេស​ជិតខាង​ដែរ​។​

 

​យ៉ាងណាក៏ដោយ សម្រាប់​បញ្ហា​ដាច់​ចរន្ត​អគ្គិសនី នៅ​រាត្រី​ថ្ងៃទី​៣ នៃ​ពិធី​បុណ្យ​អុំ គឺជា​រឿង​ចៃដន្យ ដែល​យើង​មិន​បាន​ត្រៀម​ទុក​មុន​។ ដូច្នេះ​ពិបាក​ក្នុង​ការអត្ថាធិប្បាយ​។ នេះ​ជា​ការលើកឡើង​ពី​លោក​ទុន លាន អនុរដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល ទទួលបន្ទុក​លើ​ផ្នែក​ថាមពល​អគ្គិសនី​។​

​សំឡេង​លោក​ទុន លាន​​​

​សូមបញ្ជាក់​ថា បច្ចុប្បន្ននេះ កម្ពុជា​មាន​សមត្ថភាព​ផ្គត់ផ្គង់​អគ្គីសនី ត្រឹមតែ​១០៧២​មេហ្គា​វ៉ាត់ ប៉ុណ្ណោះ​។ អនុភាព​ផ្គត់ផ្គង់​អគ្គិសនី​នេះ យក​ពី​ប្រភព​អគ្គិសនី​ចំនួន​៨ រួមមាន​
១. នាំចូល​អគ្គិសនី​ពី​ប្រទេស​វៀតណាម ១៧០​មេហ្គា​វ៉ាត់​

២. ប្រទេស​ថៃ​ចំនួន ១២០​មេហ្គា​វ៉ាត់

៣. វា​រី​អគ្គិសនី​គិរី​រម្យ​១ ១២​មេហ្គា​វ៉ាត់​

៤. វា​រី​អគ្គិសនី​កំចាយ ១៩៤.១​មេហ្គា​វ៉ាត់​

៥. វា​រី​អគ្គិសនី​គិរី​រម្យ​៣ (១៨​មេហ្គា​វ៉ាត់​)

៦.​វា​រី​អគ្គិសនី​ស្ទឹង អាតៃ ១២០​មេហ្គា​វ៉ាត់​

៧.​អគ្គីសនី​ដើរ​ដោយ​ធ្យូងថ្ម ១០០​មេហ្គា​វ៉ាត់​

៨.​វា​រី​អគ្គិសនី​ឬ​ស្សី​ជ្រុំ​ក្រោម ៣៣៨​មេហ្គា​វ៉ាត់ ។​

​ក្រៅពីនេះ មាន​ទំនប់​វា​រី​អគ្គីសនី​មួយចំនួន​កំពុង​តែ​សាងសង់ ដូចជា​ទន្លេសេសាន​ក្រោម​៣ ដែល​មាន​អានុភាព​ប្រមាណ​៣៧៥​មេហ្គា​វ៉ាត់​។ ៕

ព័ត៌មានផ្សេងទៀត