មូលហេតុ​៣​​ដែល​​លោក​​សម រង្ស៊ី​មិន​​ត្រឡប់​​ចូល​ស្រុក​ជា​លេស​រឺ​​ជា​​ការសម្រេចចិត្ត​​ត្រូវ​?

23-11-2015 5:24 pm 1402

​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កាលពីរ​ថ្ងៃ​ទី​២២ វិច្ឆិកា បាន​លើក​យក​នូវ​មូលហេតុ​៣ ដែល​ធ្វើឲ្យ​លោក​សម្រេចចិត្ត មិន​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​កាលពី​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា​។ ហេតុផល​របស់ ប្រធាន​គណបក្ស​ប្រឆាំង​នេះ ត្រូវបាន​អ្នកវិភាគ​យល់ឃើញថា គឺ​គ្រាន់តែ​ជាការ​លាក់បាំង​នូវ​ភាព​កំសាក​របស់​លោក​សម រង្ស៊ី ប៉ុន្តែ​អ្នកវិភាគ​ខ្លះ​យល់​ថា ការ​សម្រេច​នេះ​វា​ត្រឹមត្រូវ​តាម​ស្ថានភាព​នយោបាយ​។

 

​នៅ​រាត្រី​ថ្ងៃទី​១៦ ខែវិច្ឆិកា​កន្លង​ទៅនេះ លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​សម្រេចចិត្ត​មិន​វិលត្រឡប់​ចូលមក​កម្ពុជា​។ ការ​មិន​វិល​ត្រឡប់​នេះ ត្រូវបាន​លោក​សម រង្ស៊ី​លើ​ហេតុផល​ចំនួន​៣ ចំណុច​ក្នុង​នោះ​រួមមាន​៖ ១- ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងមូល នៅ​ប្រទេស​កម្ពុជា បាន​ជួបជុំគ្នា​ហើយ​សម្រេច​ជា​ឯកច្ឆ័ន​ស្នើ​ឲ្យ​លោក លើក​ការវិលត្រឡប់​របស់​លោក​មួយ​រយៈពេល ដោយសារតែ មាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​អំពើ​ហិង្សា ដែល​អាច​កើតឡើង​ពេល​លោក​មក​ដល់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ នៅ​យប់​ថ្ងៃទី​១៦ វិច្ឆិកា​នោះ​។  

 

​លោក​សម រង្ស៊ី បាន​សរសេរ​បន្តថា អំពើ​ហិង្សា​នោះ​អាច​ប៉ះពាល់​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ជាច្រើន​នាក់ ដែល​ត្រៀម​មក​ស្វាគមន៍​លោក​នៅ​ព្រលានយន្តហោះ​។ លោក​បាន​ទទួល​សំណើ​នេះ​តាម​ទូរស័ព្ទ​ពី​លោក អេង ឆៃអ៊ាង ពេល​ដែល​ខ្ញុំ​កំពុងធ្វើដំណើរ ឆ្ពោះ​ទៅ​ព្រលានយន្តហោះ​ទីក្រុង អ៊ី​ន​ឆុន (Incheon) ប្រទេស​កូរ៉េខាងត្បូង ដើម្បី​ឡើង​យន្តហោះ​ក្រុមហ៊ុន​អាកាសចរណ៍ Korean Air វិលត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​។​

 

២- លោក​សម រង្ស៊ី​បាន​អះអាងថា មាន​តំណាង​ជាន់ខ្ពស់ នៃ​ប្រទេស​ធំៗ​ពីរ​ជា​មិត្ត ក៏​បាន​ស្នើ​ឲ្យ​លោក​ពន្យា​ការវិលត្រឡប់​របស់​លោក មួយ​រយៈពេល​ដូចគ្នា​អញ្ចឹង​ដែរ ពីព្រោះ​គេ​កំពុង​តែ​ខិតខំ​ជួយ​រក​ដំណោះស្រាយ​ចំពោះ​វិបត្តិ​នយោបាយ​នៅ​ប្រទេស​កម្ពុជា ដែល​មាន​សភាព​កាន់តែ​តានតឹង​។ លោក​សម រង្ស៊ី សរសេរ​បន្តថា គេ​បាន​ពន្យល់​លោក​ថា បើ​លោក​វិលត្រឡប់​ទៅ​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​១៦ វិច្ឆិកា​នោះ សភាពការណ៍​ច្បាស់​ជា​កាន់តែ​ស្មុគស្មាញ​ថែម​ទៀត ហើយ​គេ​នឹង​ជួប​ការលំបាក​កាន់តែខ្លាំង​។
៣- លោក​សម រង្ស៊ី​បាន​លើកឡើង​ថា នៅ​ព្រឹក​ថ្ងៃទី​១៦ វិច្ឆិកា​ដដែល​នោះ​ដែរ គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា ដែល​មាន​តែ​សមាជិក​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​ចូលរួម បានសម្រេច​បណ្តេញ​លោក​ចេញ​ពី​រដ្ឋសភា ដែល​ជា​ហេតុ​ធ្វើឲ្យ​លោក​បាត់បង់​នូវ​អភ័យឯកសិទ្ធិ​សភា​របស់លោក​។ ហេតុការណ៍​ចុងក្រោយ​នេះ នាំមក​នូវ​អតុល្យភាព​កាន់តែខ្លាំង​ក្នុងការ​តទល់​គ្នា ហើយ​ជា​អំពើ​អយុត្តិធម៌​មួយ​ទៀត​ចំពោះ​លោក ដែល​ធ្វើឲ្យ​ខ្ញុំ​បាត់បង់​ទាំង​ស្រុង នូវ​លទ្ធភាព​ការពារ​ខ្លួន​តាម​ផ្លូវច្បាប់​។​

 

​លោកស្រី​ជា វណ្ណាត អ្នកវិភាគ​នៅ​កម្ពុជា​បាន​បកស្រាយ​ថា ហេតុផល​ចំនួន​៣​ខាង​លើ​របស់​លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ គឺ​វា​មាន​លក្ខណៈ​សមស្រប​ទៅនឹង​ស្ថានភាព​នយោបាយ​។  សមស្រប​ដោយ​លោកស្រី​បញ្ជាក់​ថា ការ​មិន​វិល​ត្រឡប់​នេះ វា​អាច​បញ្ជៀ​សការ​នូវ​ការប៉ះទង្គិច​គ្នា ព្រមទាំង ការពារ​នូវ​សុ​វត្តិភាព​ទាំង​លោក​សម រង្ស៊ី​ផង និង​សុ​វត្តិភាព​អ្នកគាំទ្រ​។​

 

​សំឡេង​៖

 

​បើ​តាម​អ្នកវិភាគ​ដដែល​រូបនេះ បាន​បង្ហាញ​នៅ​ក្តី​រំពឹងថា អាច​នឹង​មាន​ការដោះស្រាយ​តាម​សន្តិវិធី​តាម ផ្លូវ​ចរចា​ខាង​នយោបាយ និង​តាមរយៈ​ការទូត រវាង​មេដឹកនាំ​គណបក្ស​នយោបាយ​ធំៗ​ទាំង​ពីរ​នៅ​កម្ពុជា​។​

 

​សំឡេង​៖

 

​ដោយឡែក​សម្រាប់​លោក​សុខ ទូច អ្នកជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​បាន​ចាត់ទុកថា ហេតុផល​ចំនួន​៣​ខាង​លើ​របស់​លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ គឺ​គ្រាន់តែ​ជាការ​ដោះសារ ដើម្បី​បញ្ជាក់​ថា លោក​ជា​មនុស្ស​ក្លាហាន ហើយ​អ្នក​ដែល​មិន​ក្លាហាន​គឺ​គណបក្ស និង​អ្នកគាំទ្រ​។ លោក​សុខ ទូច​បន្តថា ការធ្វើ​របស់​លោក​សម រង្ស៊ី​ពេលនេះ គឺជា​ការទម្លាក់​ភាព​ទន់ខ្យោយ​ទៅ​អ្នកដទៃ ហើយ​មិន ទទួលខុសត្រូវ​ដោយ​ខ្លួនឯង​។​

 

​សំឡេង​៖

 

​យ៉ាងណា​ក្តី​លោក​សុខ ទូច នៅតែ​មាន​ក្តីសង្ឃឹម​ថា ការដោះស្រាយ​នយោបាយ​នៅតែមាន រវាង​លោក សម រង្ស៊ី និង​លោក ហ៊ុន សែន​។ ដោយ​បញ្ជាក់​ថា ព្រោះ​វា​មិនមែន​ជា​រឿង​ថ្មី​សម្រាប់​ដៃ​គួរ​ទាំងពីរ​នេះ​។​

 

​គួរបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១៦ វិច្ឆិកា លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ស្ថិតនៅ​ក្រៅ​ប្រទេស បាន​សម្រេច​លើ​ក​ពេល​វិលត្រឡប់​មកកាន់​ប្រទេស​កម្ពុជា​វិញ​។ ការលើក​ពេលនេះ ត្រូវបាន​លោក​សម រង្ស៊ី បញ្ជាក់ថា ដើម្បី​ទុក​ពេល​ឲ្យ​មជ្ឈដ្ឋាន​ការទូត និង មិត្ត​បរទេស​របស់​លោក​ធ្វើ​អន្តរាគមន៍​ស្វែងរក​ដំណោះស្រាយ​បញ្ហា​នៅ កម្ពុជា​ដោយ​សន្តិវិធី​។​

 

​ជា​ការកត់សម្គាល់ នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ ដែល​លោក​សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា ត្រូវបាន​តុលាការ​កម្ពុជា​កាត់ទោស នៅពេលដែល​លោក​កំពុងស្ថិត​នៅ​ក្រៅប្រទេស​។ ក្រោយពី​ពេល ដែល​លោក​សម រង្ស៊ី វិលត្រឡប់​ចូល​កម្ពុជា​ម្តងៗ ត្រូវបាន​គេ​មើលឃើញថា តែងតែ​មាន​ការចរចា​ផែ្ន​ក​នយោបាយ ជាមួយ​លោក​ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​គណបក្សកាន់អំណាច​។ ដូច្នេះ​យើង នឹង​រង់ចាំ​មើល​ថា តើ​លោក​សម រង្ស៊ី អាច​ចូល​ក្នុងប្រទេស កម្ពុជា វិញ​បាន តាមរយៈ​ការចរចា​ដូច​គ្រា​មុនៗ ដែរឬទេ​?

(​ដោយ​៖ គួន សំបូរ​)

ព័ត៌មានផ្សេងទៀត