កូរ៉េខាងត្បូង​​នៅតែ​បន្ត​​ផែនការ​​ធ្វើ​សមយុទ្ធ​​ទោះបី​ទទួល​​ការព្រមាន​​ពី​​កូរ៉េខាងជើង​

23-11-2015 1:02 pm 1528
រូបភាពកាលពីសមាជិកទ័ពជើងទឹកអាមេរិកធ្វើសមយុទ្ធជាមួយទ័ពកូរ៉េខាងត្បូងនៅសមុទ្រខាងលិច

​កូរ៉េ​ខាងជើង​និង​កូរ៉េខាងត្បូង​បាន​វាយប្រហារ​ពាក្យសំដី​ដាក់គ្នា​ជាថ្មីទៀត​តាំងពី​ថ្ងៃ​អាទិត្យ​រហូត​ដល់​ថ្ងៃ​ចន្ទ​នេះ​។ កូរ៉េ​ខាងជើង​បាន​ហាម​កូរ៉េខាងត្បូង​មិនឲ្យ​ធ្វើ​សមយុ​ទ្ធ​បាញ់​ផ្លោង​គ្រាប់​ពិត នៅ​ព្រំដែន​ជម្លោះ ស្ថិត​នៅ​សមុទ្រ​ខាងលិច នៅ​មុន​ថ្ងៃ​ខួប​ប្រាំ​ឆ្នាំ​នៃ​ការបាញ់​កាំភ្លើង​ធំ​នៅ​កោះ​Yeonpyeong​ទេ  ដើម្បី​ជៀសវាង​ការ​បង្កហេតុ​។ សារ​ព្រមាន​របស់​ទីក្រុង​ព្យុងយ៉ាង​នៅ​ថ្ងៃ​អាទិត្យ​ទី​២២​វិច្ឆិកា ថា​ប្រសិនបើ​កូរ៉េខាងត្បូង​នៅតែ​រឹង​រួស​មិន​ស្តាប់​តាម​ការអំពាវនាវ ខ្លួន​នឹង​សងសឹក​ត្រឡប់​ទៅ​វិញ​ដោយ​គ្មាន​មេត្តា​។​

 

​យ៉ាងណា​ក៏ដោយ​នៅ​ថ្ងៃ​ចន្ទ​ទី​២៣​វិច្ឆិកា​នេះ កូរ៉េខាងត្បូង​បាន​ឆ្លើយថា ខ្លួន​នៅតែ​បន្ត​អនុវត្ត​ទៅ​តាម​គម្រោង​ដែល​បាន​រៀបចំ​ទុក​។ ពោល​នឹងធ្វើ​សមយុទ្ធ​នៅ​ទីតាំង​ជម្លោះ​នៅ​ថ្ងៃ​ចន្ទ​នេះ បើទោះបី​ស្ថិត​ក្រោម​​ការគំរាមកំហែង​របស់​កូរ៉េ​ខាងជើង​ក៏ដោយ​។ កាលពី​ឆ្នាំ​២០១០​កូរ៉េ​ខាងជើង​បាន​បាញ់កាំភ្លើង​ធំ​ដាក់​កោះ​Yeonpyeong​ស្ថិត​ក្នុង​ដែនដី​កូរ៉េខាងត្បូង​។ ជា​ការបាញ់ប្រហារ​ខ្លាំង​លើកទីមួយ ក្រោយ​ពី​កូរ៉េ​ទាំងពីរ​បាន​ចុះហត្ថលេខា​ឈប់​បាញ់​គ្នា​បញ្ចប់សង្គ្រាម​ឆ្នាំ​១៩៥០-១៩៥៣​។​

 

​ទោះបី​ទទួលបាន​ការព្រមាន​ពី​កូរ៉េខាងជើង​ថា​នឹង​សងសឹក​ក៏ដោយ ប៉ុន្តែ​នៅ​ថ្ងៃ​ចន្ទ​នេះ​គេ​មិនឃើញ​សញ្ញា​នៃ​សកម្មភាព​មិន​ប្រក្រតី​ណាមួយ​របស់​កងទ័ព​កូរ៉េខាងជើង​កើតឡើង​នោះទេ​។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​កូរ៉េខាងត្បូង​លោក Kim Min-seok​។ លោក Kim​បាន​បញ្ជាក់​ដែរ​ថា ការធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​របស់​ខ្លួន ជា​ការ​ធ្វើ​ឡើង​ទៅ​តាម​ទម្លាប់ ហើយ​ថា​កូរ៉េខាងជើង​ជា​អ្នក​នាំ​រឿង​បង្កហេតុ​។​

 

​ការប៉ះទង្គិច​ពាក្យសំដី​គ្នា​ជា​ថ្មី​រវាង​បងប្អូន​កូរ៉េ​ទាំង​ពីរ​នាពេលនេះ បាន​កើតឡើង​ភ្លាមៗ​បន្ទាប់ពី​ពួកគេ​បាន​ព្រមព្រៀង​ជួប​ពិភាក្សា​គ្នា​នៅ​ថ្ងៃទី​២៦​វិច្ឆិកា​ខាង​មុខ​។ ជា​ការពិភាក្សា​បន្ថយ​ភាព​តានតឹង​ដែល​បាន​កើតឡើង​កាលពី​ខែ​សីហា ដែល​កាលណោះ​អាវុធ​ហៀបនឹង​ផ្ទុះ​ទៅហើយ​៕(​ដោយ​៖​អ៊ុន សុខ​ឡា​)

ព័ត៌មានផ្សេងទៀត