លោក​​​​អ៊ូ វីរៈ​៖អ្នក​​នយោបាយ​​​​​​ស្រុក​ខ្មែរ ពេល​ឈ្លោះ​គ្នា​និង​ពេល​ត្រូវ​គ្នា សុទ្ធ​តែ​មិន​មែនដើម្បី​​ជាតិ​​

18-11-2015 6:23 pm 2462

​រយៈពេល​ចុងក្រោយ​នេះ បញ្ហា​នៃ​ការចាប់ខ្លួន​លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ក្លាយជា​ប្រធានបទ​ដ៏​ក្តៅគគុក នៅលើ​ឆាក​នយោបាយ​ក្នុងប្រទេស​កម្ពុជា​។ ការកើនឡើង នូវ​ភ្លើង​កម្តៅ​នយោបាយ បាន​ផ្ទុះ​ធ្លាយ​ជាថ្មី បន្ទាប់​ពី​ដៃគូ​សន្ទនា​នៃ​គណបក្ស​ធំៗ​ទាំង​២ ដែល​ធ្លាប់​ផ្អែមល្អែម​នឹង​គ្នា ប្រែក្លាយ​ជា​តឹងសរសៃក​ដាក់គ្នា ក្រោម​ហេតុផល​ផ្សេងៗ​គ្នា​។ ការ​ប្រះ​ឆា នៃ​ចំណង​វប្បធម៌​សន្ទនា បាន​បង្ក​ឲ្យ​កើត​មាន​បាតុកម្ម​ប្រឆាំង ទាំង​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល និង​គណបក្ស​ប្រឆាំង ការបង្ក​ហិង្សា​លើ​តំណាងរាស្ត្រ ការដកតំណែង​លោក​កឹម សុខា ចេញ​ពី​អនុប្រធាន​ទី​១​រដ្ឋសភា និង​ការចាប់ខ្លួន​លោក​សម រង្ស៊ី​។​

 

​តើ​ការបង្ក​ឲ្យ​កើត​មាន​កម្តៅនយោបាយ ការ​ឈ្មោះ​គ្នា​រវាង​អ្នកនយោបាយ នាពេល​បច្ចុប្បន្ន​នេះ បាន​ជួយ​អ្វីខ្លះ ដល់​មុខមាត់​ប្រទេស​កម្ពុជា ក៏​ដូចជា​សេដ្ឋកិច្ច​កម្ពុជា​? ផ្ទុយ​ទៅ​វិញ​មាន​តែ​ធ្វើ​ឲ្យ​វិនិយោគ អ្នករកស៊ី ភ័យខ្លាច រួម​នឹង​ប្រជាពលរដ្ឋ​ទាំងមូល​។ នេះ​ជា​ការលើកឡើង ពី​សំណាក់​លោក​អ៊ូ វីរៈ ប្រធាន​វេទិកា​អនាគត ដែល​បាន​បញ្ជាក់​នៅក្នុង​កម្មវិធី​វេទិកា​សង្គម និង​នយោបាយ របស់​វិទ្យុ​វា​យោ នៅ​ថ្ងៃ​ទី​១៨​វិច្ឆិកា​នេះ​។​

សំឡេង​លោក​អ៊ូ វីរៈ​

 

​លោក​អ៊ូ វីរៈ បន្តថា ស្ថានភាព​អាប់អួរ​បច្ចុប្បន្ននេះ ដោយសារ​បញ្ហា​នយោបាយ ហើយ​បញ្ហា​នយោបាយ​នេះ គឺ​បង្កឡើង​ដោយ​ភាគី​ទាំងសងខាង ទាំង​លោក​សម រង្ស៊ី និង​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​។ សង្គម​ប្រជាធិបតេយ្យ គណបក្ស​នីមួយៗ​តែងតែ​ចង់បាន នូវ​ការ​កេងចំណេញ​នយោបាយ ប៉ុន្តែ​ការ​កេងចំណេញ​នយោបាយ មិន​គួរ​ធ្វើ​ឡើង​ដោយ​ខ្វះ​សេចក្តីថ្លៃថ្នូរ ការដើរ​និយាយ​ដោយ​គ្មាន​មូលដ្ឋាន រួម​នឹង​ការ​យក​ប្រព័ន្ធ​តុលាការ ជា​ឧបករណ៍​នយោបាយ​។  

​សំឡេង​លោក​អ៊ូ វីរៈ

 

​លោក​អ៊ូ វីរៈ បញ្ជាក់ទៀតថា អ្វី​ដែល​លោក​សោកស្តាយ​នោះ គឺ​អ្នកនយោបាយ​ស្រុក​ខ្មែរ នៅ​ពេល​ឈ្លោះ​គ្នា មិន​ដែល​ឈ្លោះ​គ្នា​រឿង​ផលប្រយោជន៍​ជាតិ ហើយ​នៅពេល​ត្រូវ​គ្នា ល្អូកល្អើន​នឹង​គ្នា ក៏​មិន​ដែល​គិត​ពី​ផលប្រយោជន៍​ជាតិ​ដែរ​។ លោក​អ៊ូ វីរៈ បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖

សំឡេង​លោក​អ៊ូ វីរៈ​

 

​ដោយឡែក លោក​សូ ចន្ថា សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ និង​នយោបាយ បាន​បញ្ជាក់​ផង​ដែរ​ថា សម្រាប់​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា នាពេល​បច្ចុប្បន្ន​នេះ គឺជា​ការបង្កើត​ព្រឹត្តិការណ៍ ដើម្បី​បំភ្លេច​ព្រឹត្តិការណ៍​ផ្សេងទៀត​ចោល ដូច​ជា​ការ​វាយ​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បញ្ហា​ជម្លោះ​ដីធ្លី រួម​នឹង​បញ្ហា​ជាច្រើន​ទៀត​។

សំឡេង​លោក​សូ ចន្ថា​

 

​យ៉ាងណាក៏ដោយ លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បានបញ្ជាក់​ថា សភាពការណ៍​នយោបាយ នៅ​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ ត្រូវ​បាន​បកស្រាយ​ខុសៗ​គ្នា ទៅតាម​ការចេះដឹង​របស់​បុគ្គល​នីមួយៗ​។ សម្រាប់​ករណី​លោក​សម រង្ស៊ី ដែល​ត្រូវបាន​គេ​មើលឃើញ​ថា ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​នោះ ត្រូវបាន​លោក​សុខ ឥសាន បដិសេធ ដោយ​អះអាង​ថា ជា​រឿង​បុគ្គល​នឹង​បុគ្គល រវាង​លោក​សម រង្ស៊ី និង​លោក​ហោ ណាំហុង តែប៉ុណ្ណោះ​។

សំឡេង​លោក​សុខ ឥសាន

 

​គួរបញ្ជាក់​ថា ការកើនឡើង​កម្តៅ​នយោបាយ​នៅ​កម្ពុជា មិនមែន​ជា​សេចក្តី​ចង់​បានរ​បស់​ប្រជាពលរដ្ឋ​ទេ ព្រោះ​ការ​កម្តៅ​នយោបាយ​នេះ មិនបាន​ធ្វើឲ្យ​កម្ពុជា មានមុខមាត់​លើ​ឆាក​អន្តរជាតិ និង​ទទួលបាន​ការកោតសរសើ​រ​ពី​អន្តរជាតិ​នោះ​ទេ ប៉ុន្តែ​មាន​តែ​ការ​មើលងាយ​។ ដូច្នេះ​ប្រជាពលរដ្ឋ​សង្ឃឹមថា កម្តៅ​នយោបាយ​នេះ អាច​នឹង​ធូរស្រាល​វិញ តាមរយៈ​ការចរចា​នយោបាយ​ណាមួយ ដោយ​ប្រើប្រាស់​នូវ​វប្បធម៌​សន្ទនា​។ ម្យ៉ាងវិញទៀត ប្រជាពលរដ្ឋ​ទាំងអស់​ជុំវិញ​ពិភពលោក ចង់បាន​ថ្នាក់ដឹកនាំ ដែល​គិតគូរ​ពី​សុខទុក្ខ​ប្រជាពលរដ្ឋ និង​សង្គមជាតិ​ជាធំ​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត