រដ្ឋសភា​ដក​បុព្ធសិទ្ធិ​​ជា​សមាជិក​រដ្ឋ​សភា​ពី​លោកសម រង្ស៊ី

16-11-2015 6:14 pm 2029

​បន្ទាប់​ពី​បញ្ជាប់​កិច្ចប្រជុំ​គណៈកម្មការ​អចិន្ត្រៃយ៍ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៦ ខែ​វិច្ឆិកា​នេះ រដ្ឋសភា​បាន​ចេញ​សេចក្តីសម្រេច​ថា​លោក​សម រង្ស៊ី ត្រូវ​បាត់បង់​ទាំងស្រុង​នូវ​សិទ្ធិ បុព្វសិទ្ធិ និង​សមាជិក​ភាព​ជា​សមា​ជិក​រដ្ឋសភា​មណ្ឌល​ខេត្ត​កំពង់ចាម នីតិកាល​ទី​៥​។

 

​មូលហេតុ​ដែល​គណៈកម្មកា​រ​អចិន្ត្រៃយ៍ រដ្ឋសភា​បាន​ចេញ​សេចក្តីសម្រេច​យ៉ាងនេះ ត្រូវបាន​លោក ឈាង វុន អ្នកនាំពាក្យ​រដ្ឋសភា បាន​ពន្យល់​ប្រាប់​អ្នកកាសែត​ថា ករណី​លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ប្រឈម​នឹង​ដីកាចាប់ខ្លួន ហើយ​បាន​អស់​សមាជិកភាព​រដ្ឋសភា​ហើយ បន្ទាប់ពី​មាន​សាលដីកា​ធ្លាក់​មក​។​

​សំឡេង​៖

 

​ទាក់ទង​នឹង​បញ្ហា​នេះ ប្រធាន​គណៈកម្មការ​ទី​១​រដ្ឋសភា​មក​ពី​កូតា​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង បាន​ប្រាប់​អ្នកកាសែត​ថា លោក​បាន​ស្នើសុំ​ឲ្យ​គណៈ​អចិន្ត្រៃយ៍​រដ្ឋសភា ពិនិត្យ និង​ផ្អាក​ដីកាចាប់ខ្លួន​លោក សម រង្ស៊ី​។ ដោយ​លោក​បាន​បញ្ជាក់ថា ប្រសិន លោក សម រង្ស៊ី មានទោស​តាម​សាលដីកា​តុលាការ​កាលពី​ឆ្នាំ​២០១៣ ហេតុអ្វី​បានជា​ស្ថាប័ន​ជាតិ មាន​ដូច​ជាតិ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត មាន​រដ្ឋសភា មាន​ព្រះបរមរាជវាំង ទៅ​ជួយ​អ្នកទោស​ធ្វើជា​តំណាងរាស្ត្រ​ពេញសិទ្ធិ ដែល​ពេល​នេះ​មាន​អភ័យឯកសិទ្ធិ​។​

​សំឡេង​៖

 

​សូមបញ្ជាក់​ថា សាលាដំបូង​រាជធានី​ភ្នំពេញ  បាន​ចេញ​ដីកា​ចាប់ខ្លួន​លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ពី​បទ​ចោទប្រកាន់ បរិហាកេរ្តិ៍​សាធារណៈ និង​ញុះញង់​ឲ្យមាន​ការរើសអើង​។ នៅក្នុង​ដីកា​តុលាការ​សម្រេច​ផ្តន្ទាទោស លោក សម រង្ស៊ី ដាក់​ពន្ធនាគារ​ចំនួន​២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៨​លាន​រៀល​។

 

 

​ប្រធាន​ការិយាល័យ​មេធាវី​ក្រុម​អ្នក​ច្បាប់​លោក សុក សំអឿន ពន្យល់ថា បុព្ធសិទ្ធិ និង​អភ័យឯកសិទ្ធិ​មាន លក្ខណៈ​ខុសគ្នា ដោយ​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖

 

​សំឡេង​៖

 

​បើ​តាម​លោក សុក សំអឿន បាន​បន្តថា លោក​គិតថា រដ្ឋសភា​មិន​ហាន់​ដក់​អភ័យឯកសិទ្ធិ​ទេ មិន​ហាន់ ដោយសារតែ ការដក់​អភ័យឯកសិទ្ធិ​បាន លុះត្រា​មាន​សំឡេង​សមាជិកសភា​ចំនួន​២ ភាគ ៣ នៃ​សមាជិក​សភា​ទាំងអស់​។ លោក​ថា ប្រសិន លោក សម រង្ស៊ី មានទោស​តាម​សាលដីកា​តុលាការ ហេតុអ្វី​បាន ជាគ​.​ជ​.​ប និង​រដ្ឋសភា​ទទួល​ស្គាល់​បេក្ខភាព​លោក​សម រង្ស៊ី ជា​តំណាងរាស្ត្រ​។​

​សំឡេង​៖

 

​យ៉ាងណាក្តី ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បានចេញ​សេចក្តីថ្លែងការណ៍​មួយ ដោយ​អំពាវនាវ​ឱ្យ​រដ្ឋសភា​ជាតិ​របស់​កម្ពុជា ផ្តល់​អភ័យឯកសិទ្ធិ​ជូន​ដល់​លោក សម រង្ស៊ី ឡើងវិញ ហើយ​ទម្លាក់ចោល​ការចោទប្រកាន់ មកលើ​ប្រធាន​គណបក្សប្រឆាំង​រូបនេះ​។​

 

​បើតាម​សេចក្តីថ្លែងការណ៍​ស្ថានទូត​អាមេរិក បាន​លើកឡើង​ថា «​យើង​មាន​កង្វល់​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការដក​លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​កម្ពុជា ចេញ​ពី​រដ្ឋសភាជាតិ នៅ​ថ្ងៃ​នេះ ដែល​ត្រូវបាន​ធ្វើឡើង​ជា​ឯកតោភាគី​ដោយ គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្សកាន់អំណាច​»​។​

 

​ស្ថានទូត​អាមេរិក បាន​បន្ថែមថា «​យើង​សូម​អំពាវនាវ​អោយ​រដ្ឋសភាជាតិ ប្រគល់​សមាជិកភាព​ក្នុង​សភាជាតិ និង​ផ្តល់​អភ័យឯកសិទ្ធិ​សភា​ជូន​លោក សម រង្ស៊ី វិញ​ជា​បន្ទាន់​។ យើង​សូម​អំពាវនាវ​ផងដែរ​ដល់ រដ្ឋាភិបាល​អោយ​ដកចេញ​នូវ​ដី​ការចាប់ខ្លួន​លោក សម រង្ស៊ី ទាក់ទង​នឹង​ការចោទប្រកាន់​ស្តីពីប​ទ​បរិហារកេរ្តិ៍ ដែល​មាន​អាយុកាល​៧ ឆ្នាំ​មកហើយ ហើយ​អនុញ្ញាត​អោយ​រូបលោក និង​សមាជិក​សភា​​ដទៃ​ទៀត​នៃ គណបក្សប្រឆាំង​វិលត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ ដោយ​គ្មាន​ការភ័យខ្លាច​ការចាប់ខ្លួន ឬ​ការ​ធ្វើទុក្ខបុកម្នេញ​»​។​

 

​ជា​ការកត់សម្គាល់ នៅក្នុង​រយៈពេល​ចុងក្រោយ​នេះ កម្តៅ​នយោបាយ​នៅ​កម្ពុជា បាន​ឡើង​កម្តៅ ជា​បន្តបន្ទាប់ កម្តៅ​នយោបាយ​បាន​ផ្ទុះ​សារជាថ្មី បន្ទាប់ពី​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រៀបធៀប​ការបោះឆ្នោត​នៅ​ភូមា ទៅ​នឹង​កម្ពុជា ហើយ​ថា​កម្ពុជា​ជា​ប្រទេស​ផ្តាច់ការ ដែល​ទាមទារ​ឱ្យមាន​ការផ្លាស់ប្តូរ ដូច​ប្រទេស​ភូមា​។ ជា​ការឆ្លើយតប​លោកនាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ហៅ​លោក សម រង្ស៊ី ជា​"​កូន​អា​ក្បត់ជាតិ​"​។ សង្គ្រាម​ពាក្យសម្តី បាន​ធ្វើឡើង​ជា​បន្តបន្ទាប់ រហូតមកដល់​ថ្ងៃនេះ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​ចាប់ខ្លួន លោក​សម រង្ស៊ី ក្រោយ​បទ បរិហារកេរ្ត៍ ជា​សាធារណៈ និង​ញុះញង់​ឲ្យមាន​ការរើសអើង​៕

(ដោយ៖គួន សំបូរ)

 


ព័ត៌មានផ្សេងទៀត