លោក​​សុខ ឥសាន​​៖​បើ​​លោក​​សម រង្ស៊ី​​ចូល​​ស្រុក​​ភ្លាម​​សមត្ថកិច្ច​​នឹង​​ចាប់​ខ្លួន​​ភ្លាម​

15-11-2015 12:25 pm 13811

​លោក​សុខ ឥសាន​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​អះអាង​ថា បើ​លោក​សម​រង្ស៊ី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ចូល​ស្រុក​កាលណា​សមត្ថកិច្ច​នឹង​ចាប់ខ្លួន​ភ្លាម​។​មិនមែន​ជា​ការព្រមាន តែ​លោក​សុខ  ឥសាន​បានបញ្ជាក់​ថា ករណី​របស់​លោក​សម រង្ស៊ី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នេះ គឺ​បានប្រកាស​សាលក្រម​ជា​ស្ថាពរ​ហើយ​។​សូម​ស្តាប់​ប្រសាសន៍​លោក​សុខ ឥសាន​ដូចតទៅ​៖

​សំឡេង លោក​សុខ ឥសាន​


​ខណៈ​ដែល​លោក​សុខ ឥសាន​អ្នកនាំពាក្យ​គណបក្ស​ប្រជាជនកម្ពុជា បានប្រកាស​បែបនេះ ខាង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​​ឲ្យដឹងពី​ដំណើរ​ត្រលប់មកវិញ របស់​លោក​សម រង្ស៊ី​ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​។​បើ​យោង​តាម​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​បានឲ្យដឹងថា បើ​មិន​មាន​អ្វី​ប្រែប្រួល​ទេ​លោក​សម រង្ស៊ី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ធ្វើដំណើរ​មក​ដល់​ប្រទេស​កម្ពុជា​វិញ​នៅ​យប់​​ថ្ងៃទី​១៦​វិច្ឆិកា តាម​ជើងហោះហើរ​ខេត្តសៀមរាប​។​នេះ​បើ​តាម​ការអះអាង​ពី​លោក​អេង ឆៃអ៊ាង​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​។​


​អនុប្រធាន​គណៈកម្មកា​រនា​យក និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កណ្ដាល នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ធ្លាប់បាន​ប្រាប់​វិទ្យុ​វាយោ​ថា សម្រាប់​គោលជំហរ​របស់​គណបក្ស​សង្គ្រោះ​​ជាតិ បើទោះបីជា​ស្ថានភាព​នយោបាយ​មាន​ភាព​តានតឹង​យ៉ាងណាក៏ដោយ ក៏​ជំហរ​របស់ គណ បក្ស​សង្គ្រោះ​ជាតិ នៅ​តែ​ប្រកាន់​យក​វប្បធម៌​សន្ទនា​។ ប្រកាន់​យក​វប្បធម៌​សន្ទនា ដោយ​លោក​បញ្ជាក់ថា វប្បធម៌​សន្ទនា​នេះ​ហើយ​ទើប​អាច​ធ្វើឲ្យ កម្តៅ​នយោបាយ​នៅ​កម្ពុជា​មាន​ភាព​ធូ​ស្បើយ​បាន​។​

 

​ការបញ្ជាក់​ថា គោលជំហរ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ពេលនេះ បាន​ធ្វើឡើង​បន្ទាប់​ពី លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​ចាប់ខ្លួន​ក្រោយ​បទ បរិហារកេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​ឲ្យមាន​ការរើសអើង​។ ហើយ​ដីកាចាប់ខ្លួន​លោក​សម រង្ស៊ី​នេះ ធ្វើ ឡើង​ក្រោយ​មួយ​ថ្ងៃ​បន្ទាប់​ពី លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ព្រមាន​ចាត់ការ​ទៅតាម​ច្បាប់ ចំពោះ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។​

យ៉ាងណាក្តី ចំពោះ​ការព្រមាន​របស់​លោក​ហ៊ុន សែន​នេះ មិន​ត្រូវបាន​លោក អេង ឆៃអ៊ាង ប្រតិកម្ម​ឆ្លើយ តប​អ្វី​នោះទេ​។ តែ​លោក​គ្រាន់តែ​បញ្ជាក់ថា ក្នុងនាម​ជា​អ្នកនយោបាយ និង​ជា​អ្នកដឹកនាំ​ប្រទេស គួរតែ ធ្វើ​អ្វី​ដែល​មាន​លក្ខណៈ​ល្អ​ប្រសើរ​សម្រាប់​ប្រទេសជាតិ ជាជាង​ធ្វើ​អ្វី​ដែល​ធ្វើឲ្យ​មនុស្ស​ភ័យខ្លាច និង​ធ្វើឲ្យ មាន​អស្ថេរភាព​ក្នុង​ប្រទេស​ជាតិ​។​ ​លោក​សុខ ឥសាន អ្នកនា​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​លើកឡើង​ថា ចាប់​ខ្លួន​របស់​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ គឺ​មិន​ជាប់​ពាក់ព័ន្ធ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ​។ លោក​ថា នេះ​ជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ​តែ​ប៉ុណ្ណោះ​៕


ព័ត៌មានផ្សេងទៀត