លោកអ៊ូ វីរ៖គណ​​បក្ស​កាន់​អំណាច​​គ្មាន​បំណងចាប់​​លោកសម រង្ស៊ីទេ គ្រាន់តែ​ចង់ឲ្យ​នៅ​ក្រៅ​ប្រទេស​​​

13-11-2015 6:30 pm 6841

​មន្ត្រីជាន់ខ្ពស់​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់​ពី​គោលជំហរ របស់​គណបក្ស​ខ្លួន ដើម្បី​ប្រឈមមុខ ក្នុង​ស្ថានភាព​នយោបាយ ដែល​កំពុង​តែ​ឡើង​កម្តៅ ជា​ពិសេស​ក្រោយ​ពេល​លោក សម រង្ស៊ី ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​ចាប់ខ្លួន​ក្រោយ​បទ បរិហារកេរ្ត៍ជា​សាធារ​ណៈ និង​ញុះញង់​ឲ្យមាន​ការរើសអើង​។ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​បញ្ជាក់ថា ការប្រើប្រាស់​វប្បធម៌​សន្ទនា ទើប​អាច​បញ្ចប់ ការឡើង​កម្តៅ​នយោបាយ។​

 

​អនុប្រធាន​ គណៈកម្មកា​រនា​យក និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កណ្ដាល នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង បាន​ប្រាប់​វិទ្យុ​វាយោ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា សម្រាប់​គោលជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ បើទោះបីជា​ស្ថានភាព​នយោបាយ មាន​ភាព​តានតឹង​យ៉ាងណាក៏ដោយ ក៏​ជំហរ​របស់ គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​ប្រកាន់​យក​វប្បធម៌​សន្ទនា​។ ប្រកាន់​យក​វប្បធម៌​សន្ទនា ដោយ​លោក​អេង ឆៃអ៊ាង បញ្ជាក់ថា វប្បធម៌​សន្ទនា​នេះហើយ ទើប​អាច​ធ្វើឲ្យ កម្តៅ​នយោបាយ នៅ​កម្ពុជា​មាន​ភាព​ធូ​ស្បើយ​បាន​។​

​សំឡេង​៖

 

​ គោលជំហរ របស់​គណបក្ស​សង្គ្រោះ​ជាតិ​ពេល​នេះ បាន​ធ្វើឡើង​បន្ទាប់​ពី លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​ចាប់ខ្លួន​ក្រោយ​បទ បរិហារ​កេរ្ត៍ជា​សាធារ​ណៈ និង​ញុះញង់​ឲ្យមាន​ការរើសអើង​។ ដីកា​ចាប់ខ្លួន​លោក​សម រង្ស៊ី ធ្វើ​ឡើង​មួយ​ថ្ងៃ​ក្រោយ បន្ទាប់​ពី លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ព្រមាន​ចាត់ការ ទៅតាម​ច្បាប់ ចំពោះ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។​

 

​មាន​ពាក់​ពន្ធ័​រឺ​អត់ ជាមួយ​ការព្រមាន របស់​លោក​ហ៊ុន សែន និង​ដី​ការ​របស់​តុលាការ មិន​ត្រូវបាន​លោក អេង ឆៃអ៊ាង ប្រតិកម្ម​ឆ្លើយតប​អ្វី​នោះ​ទេ​។ តែ​លោក​គ្រាន់តែ​បញ្ជាក់ថា ក្នុងនាម​ជា​អ្នក​នយោ​បាយ និង​ជា​អ្នកដឹកនាំ​ប្រទេស គួរតែ​ធ្វើ​អ្វី​ដែល​មាន​លក្ខណៈ​ល្អ​ប្រសើរ​សម្រាប់​ប្រទេសជាតិ ជាជាង​ធ្វើ​អ្វី​ដែល​ធ្វើឲ្យ មនុស្ស​ភ័យខ្លាច និង​ធ្វើឲ្យ មាន​អស្ថេរភាព​ក្នុង​ប្រទេស​ជាតិ​។​

​សំឡេង​៖

 

​ ដោយឡែក​លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​លើកឡើង​ថា ចាប់​ខ្លួន​របស់ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ គឺ​មិន​ជាប់​ពាក់ព័ន្ធ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ​។ លោក​សុខ ឥសាន​ថា នេះ​ជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ​។​

 

​ឆ្លើយ​នឹង​សំនួរ​ របស់​វិទ្យុ​វាយោ​ថា ហេតុ​អ្វី​ដីកាចាប់ខ្លួន​លោក​សម រង្ស៊ី ស្របពេល​ជាមួយ​ការព្រមាន​របស់​លោក​ហ៊ុន សែន  លោក​សុខ ឥសាន បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖

​សំឡេង​៖

 

​ ជា​ការកត់សម្គាល់ នៅក្នុង​រយៈពេល​ចុងក្រោយ​នេះ កម្តៅ​នយោបាយ​នៅ​កម្ពុជា បាន​ឡើង​កម្តៅ ជា​បន្តបន្ទាប់ កម្តៅ​នយោបាយ​បាន​ផ្ទុះ​សារជាថ្មី បន្ទាប់ពី​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រៀបធៀប​ការបោះឆ្នោត​នៅ​ភូមា ទៅ​នឹង​កម្ពុជា ហើយ​ថា​កម្ពុជា​ជា​ប្រទេស​ផ្តាច់ការ ដែល​ទាមទារ​ឱ្យមាន​ការផ្លាស់ប្តូរ ដូច​ប្រទេស​ភូមា​។ ជា​ការឆ្លើយតប​លោកនាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ហៅ​លោក សម រង្ស៊ី ជា​"​កូន​អា​ក្បត់ជាតិ​"​។ សង្គ្រាម​ពាក្យសម្តី បាន​ធ្វើឡើង​ជា​បន្តបន្ទាប់ រហូតមកដល់​ថ្ងៃនេះ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​ចាប់ខ្លួន លោក​សម រង្ស៊ី ក្រោយ​បទ បរិហារកេរ្ត៍ ជា​សាធារណៈ និង​ញុះញង់​ឲ្យមាន​ការរើសអើង​។

 

ដោយឡែក សម្រាប់​លោក​អ៊ូ វីរៈ ប្រធាន​វេទិកា​អនាគត បានបញ្ជាក់​ថា បញ្ហា​នេះ គឺ​មាន​ការ​ជាប់ទាក់ទង​នឹង​រឿង​កម្តៅ​នយោបាយ​យ៉ាង​ពិតប្រាកដ​។ ហើយ​ករណី​នេះ វា​កើត​ឡើង​ស្របពេល​ដែល​លោក​ហ៊ុន សែន បាន​ព្រមាន​ចាត់វិធានការ​តាម​ច្បាប់ ចំពោះ​លោក​សម រង្ស៊ី​។ លោក​អ៊ូ វីរៈ បន្តថា លោក​មិន​មាន​ការភ្ញាក់ផ្អើល​ទេ ដោយសារ​កន្លងមក គណបក្សកាន់អំណាច​តែងតែ​យក​ប្រព័ន្ធ​តុលាការ សម្រាប់​ដាក់​សំពាធ​លើ​គណបក្ស​ប្រឆាំង ពិសេស ដើម្បី​ឲ្យ​លោក​សម រង្ស៊ី នៅ​ក្រៅប្រទេស​។ លោក​អ៊ូ វីរៈ បញ្ជាក់បន្ថែម​ថា ខណៈ​ពេល​នេះ លោក​សម រង្ស៊ី មាន​អភ័យឯកសិទ្ធិ ជា​អ្នក​តំណាង​​​រាស្ត្រ ដូច្នេះ​មិន​អាច​ចាប់ខ្លួន​លោក​សម រង្ស៊ី បានទេ​។ ប៉ុន្តែ​បើ​និយាយ​ពី​នីតិវិធី​ច្បាប់​នៅ​ស្រុក​ខ្មែរ មិន​អាច​អនុវត្ត​ឲ្យបាន​ពេញលេ​ញ​ទេ​។ ដូច្នេះ​តាមពិតទៅ​គណបក្សកាន់អំណាច មិន​មាន​បំណង​ចាប់​ខ្លួន​លោក​សម រង្ស៊ី ទេ ប៉ុន្តែ​គ្រាន់តែ​ចង់​ឲ្យ​លោក​នៅ​ក្រៅ​ប្រទេស​ប៉ុណ្ណោះ​។​

សំឡេង លោក​អ៊ូ វីរៈ

 

​ប្រធាន​វេទិកា​អនាគត​រូបនេះ បាន​បន្តថា ក្រោយ​កើត​មាន​បញ្ហា​នេះ លោក​មិន​រំពឹងថា លោក​សម រង្សី​ត នឹង​វិលត្រឡប់​ចូល​ស្រុក ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ឡើយ ព្រោះ​ជា​ញយ​ដង នៅពេល​មាន​រឿង​បែបនេះ លោក​សម រង្ស៊ី តែងតែ​សង្ងំ​នៅ​ក្រៅប្រទេស​ជា​និច្ច ដរាបណា​មាន​កិច្ចចរចា​នយោបាយ​ណាមួយ​។​

សំឡេង​លោក​អ៊ូ វីរៈ​

 

​គួរ​រម្លឹក​បន្តិច​ថា កាលពី​អំឡុង​ឆ្នាំ​២០០៨ លោក​សម រង្ស៊ី ដែល​បច្ចុប្បន្ន​ជា​ប្រធាន​គណបក្ស សង្គ្រោះ​ជាតិ បាន​ចោទប្រកាន់​លោក​ហោះ ណាំហុង រដ្ឋមន្ត្រីការបរទេស​កម្ពុជា ថា​ធ្លាប់​ជា​អតីត ប្រធាន​គុក​បឹងត្របែក​។ សំនុំរឿង​ក្តី​នេះ ត្រូវបាន តុលាការ​សាលាដំបូង និង​សាលាឧទ្ធរណ៍ សម្រេច​ឲ្យ​លោក សម រង្ស៊ី ចាញ់ក្ដី​លោក ហោ ណាំហុង ពី​បទ​បរិហារកេរ្តិ៍​ទាក់ទិន​នឹង​ការចោទប្រកាន់ថា លោក ហោ ណាំហុង ជា​អតីត​ប្រធាន​គុក​បឹងត្របែក ក្នុង​របប​ខ្មែរក្រហម ហើយ​បាន​ផ្តន្ទាទោស ឲ្យ​លោក​សម រង្ស៊ី ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​ពីរ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​៨​លាន​រៀល​។​

 

​ប៉ុន្តែ នៅ​ខែ​មេសា ឆ្នាំ ២០១១ តុលាការ​កំពូល​របស់​បារាំង បាន​បដិសេធ​ចោល​សេចក្ដីសម្រេច​របស់​សាលាដំបូង និង​សាលាឧទ្ធរណ៍ ហើយ​សម្រេច​ឲ្យ​លោក សម រង្ស៊ី ឈ្នះក្ដី​លោក ហោ ណាំហុង ចំពោះ​ការចោទប្រកាន់​នេះ​៕ ដោយៈ​សៅ វិសាល​

 

 

ព័ត៌មានផ្សេងទៀត