ប្រធានាធិបតី​​កូរ៉េខាងត្បូង​​ប្រកាស​បើក​ចំហ​​ចំពោះ​កិច្ច​ពិភាក្សា​​ជាមួយ​​កូរ៉េ​ខាងជើង​

13-11-2015 10:23 am 1460
ប្រធានាធីបតី​កូរ៉េខាងត្បូង​លោកស្រី​ប៉ាក គុនហេ

​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោកស្រី​ប៉ាក គុន​ហេ​នៅ​ថ្ងៃ​សុក្រ​នេះ​បាន​និយាយថា លោកស្រី​នៅតែ​មាន​បំណង​ចង់​ជួប​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន​ជានិច្ច​។ ប៉ុន្ដែ​ការជួបពិភាក្សា​នេះ គឺជា​ការជួប​និយាយ​ពី​បញ្ហា​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េខាងជើង​។


​លោកស្រី​ប៉ា​ក​បាន​ឲ្យដឹងទៀតថា គ្មាន​ហេតុផល​ណាមួយ​ដែល​កិច្ចប្រជុំ​អន្ដរ​កូរ៉េ​មិនអាច​កើតឡើង​បាន​ទេ ប្រសិន​បើ​កិច្ចប្រជុំ​នោះ​ធ្វើឡើង​ដើម្បី​ដោះស្រាយ​លើ​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េខាងជើង​និង​ដើម្បី​បង្កើន​ទំនាក់ទំនង​អន្ដរ​កូរ៉េ​។ ប៉ុន្ដែ​កិច្ចប្រជុំ​អាចទៅរួច លុះត្រា​ណា​តែ​កូរ៉េ​ខាងជើង​គាំទ្រ​ដើម្បី​ជជែក​គ្នា​ដោយ​ស្មោះ​អស់ពី​ចិត្ដ​។


​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ទាំង​អាមេរិក​និង​កូរ៉េខាងត្បូង​បាន​និយាយថា កិច្ចពិភាក្សា​ដែល​មាន​ប្រយោជន៍​ជាមួយ​ទីក្រុង​ព្យុងយ៉ាង ទាល់តែ​ទាមទារ​ឲ្យ​កូរ៉េខាងជើង​ឈានទៅរក​ការដក​អាវុធ​នុយក្លេអ៊ែរ​ចេញ​។ ប៉ុន្ដែ​លក្ខខណ្ឌ​មុនៗ​ត្រូវបាន​កូរ៉េខាងជើង​ច្រានចោល​រួចមកហើយ​។


​សូមបញ្ជាក់​ថា បន្ទាប់ពី​មាន​ការឡើង​កម្ដៅ​យោធា​នៅ​តំបន់​ព្រំដែន កូរ៉េ​ទាំង​ពីរ​បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​ជាមួយ​គ្នា​កាលពី​ខែ​សីហា ហើយ​ក្នុង​កិច្ចព្រមព្រៀង​ក៏​មាន​ការប្ដេជ្ញា​ថា​បើក​កិច្ចប្រជុំ​កំពូល​ជាមួយគ្នា​ឡើងវិញ​ដែរ​។ ប៉ុន្ដែ​រហូត​មកដល់ពេលនេះ មិនទាន់​មាន​កិច្ចពិភាក្សា​ណាមួយ​ធ្វើ​ឡើង​ទេ​៕​​ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត