កូរ៉េខាងជើង​​ផ្លាស់ប្ដូរ​​មេបញ្ជាការ​​កងទ័ព​​ជួរ​​មុខ​​ក្រោយ​ផ្ទុះ​​ជម្លោះ​​ជាមួយ​​កូរ៉េខាងត្បូង​

12-11-2015 4:06 pm 1508
លោក គីម ជុងអ៊ុន កំពុងប្រជុំជាមួយមន្ដ្រីយោធា

​កូរ៉េ​ខាងជើង​បាន​ផ្លាស់ប្ដូរ​មេបញ្ជាការ​កងទ័ព​តំបន់​ជួរមុខ​របស់​ខ្លួន​ហើយ ជំនួស​ដោយ​មេបញ្ជាការ​ថ្មី​គឺ​លោក​Pang Tu-sop​។ នេះ​បើ​តាម​ការចុះផ្សាយ​នៅលើ​គេហទំព័រ​ទីភ្នាក់ងារ​សារព័ត៌មាន​យ៉ុន​ហា​ប​កូរ៉េខាងត្បូង​។ លោក​Kim Sang-ryong ត្រូវ​ជឿជាក់​ផងដែរ​ថា​ជា​អ្នកពាក់ព័ន្ធ​ម្នាក់​ក្នុង​ចំណោម​មន្ដ្រី​យោធា​ផ្សេងទៀត ក្នុងការ​បង្កហេតុ​រហូត​ឈាន​ដល់​ភាព​តានតឹង​ផ្នែក​យោធា​ជាមួយ​កូរ៉េខាងត្បូង​។


​លោក​ក៏​ជា​អ្នកដើរតួ​ដោយផ្ទាល់​ផងដែរ ចំពោះ​ការ​បំផ្ទុះ​មីន​នៅ​ជិត​តំបន់​ព្រំដែន​ជាមួយ​កូរ៉េ​ខាងត្បូង​កាលពី​ខែ​សីហា​កន្លងមក ដោយ​គ្រាន់តែ​កើត​ហេតុការណ៍​នោះ​ភ្លាម កូរ៉េ​ខាងត្បូង​និង​កូរ៉េ​ខាងជើង​ក៏​បាន​បាញ់កាំភ្លើង​ដាក់គ្នា​ទៅវិញទៅមក​ដែរ ដោយ​កូរ៉េ​ខាងត្បូង​ចោទថា​កូរ៉េ​ខាងជើង​បាន​ដាក់​បង្កប់​មីន​ក្នុង​ទឹកដី​ខ្លួន ហើយ​បាន​ផ្ទុះ​បង្ក​របួស​ដល់​ទាហាន​ខ្លួន​ទៀត​។  


​ការផ្លាស់ប្ដូរ​តំណែង​នេះ អាច​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​នៅ​ទីបញ្ជាការ​គណៈកម្មការ​កណ្ដាល​យោធា​នៃ​គណបក្ស​ពលករ​របស់​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​ទី​២៨​សីហា ដោយ​កូរ៉េ​ខាងជើង​ក៏​បាន​បណ្ដេញ​សមាជិក​មួយចំនួន​នៃ​គណៈកម្មការ​នេះ​ដែរ ប៉ុន្ដែ​នៅពេល​នោះ​មិន​ត្រូវ​បាន​ចេញផ្សាយ​ព័ត៌មាន​លម្អិត​ទេ​។ យ៉ាងណាក៏ដោយ​ការផ្លាស់ប្ដូរ​តំណែង​នេះ មិនទាន់​ត្រូវបាន​គេ​មើលឃើញ​ថា​ជា​ការសម្រេចចិត្ដ​ដើម្បី​ជា​ការដាក់ពិន័យឬ​យ៉ាងណា​នោះ​ទេ​។


​សូមបញ្ជាក់​ថា ទោះបីជា​មាន​ការរុះរើ​តំណែង​នេះ​ក៏ដោយ ប៉ុន្ដែ​លោក​Kim Sang-ryong ត្រូវ​ជឿជាក់ថា​នៅតែ​មាន​មុខ​តំណែង​នៅក្នុង​ជួរ​យោធា​ដ៏​មាន​ឥទ្ធិពល​របស់​កូរ៉េខាងជើង​ដដែល​៕​​ដោយ​៖​ពេញ ផេង​

ព័ត៌មានផ្សេងទៀត