អ្នក​វិភាគ​​៖​​អ្នក​នយោបាយ​​គួរ​តែ​មាន​​សុជីវធម៌​​ក្នុង​​ការ​រិះគន់

12-11-2015 12:59 pm 2077

លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នៅ​ថ្ងៃ​ទី​១២ វិច្ឆិកា​នេះ បាន​ផ្ញើ​សារ​នយោបាយ​មួយ​វាយបក​ខ្លាំងៗ ទៅកាន់ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បន្ទាប់​ពី​មេ​បក្ស​ប្រឆាំង​រូបនេះ បាន​ប្រៀបធៀប​ការបោះឆ្នោត​នៅ​ភូមា ទៅ​នឹង​កម្ពុជា ហើយ​ថា​កម្ពុជា​ជា​ប្រទេស​ផ្តាច់ការ ដែល​ទាមទារ​ឱ្យមាន​ការផ្លាស់ប្តូរ ដូច​ប្រទេស​ភូមា​។ ជា​ការឆ្លើយតប​លោកនាយ​ក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ហៅ​លោក សម រង្ស៊ី ជា​"​កូន​អា​ក្បត់ជាតិ​"​។ ជាងនេះទៅទៀត សារ​សុំ​ទោស​របស់​លោក សម រង្ស៊ី ក៏​ត្រូវបាន​លោក​ហ៊ុន សែន ទម្លាយ​ជា​សាធារណៈ​ផង​ដែរ​។ តែ​ការវាយប្រហា​របស់​អ្នកនយោបាយ ត្រូវបាន​អ្នកវិភាគថា ​គួរតែ​រិះគន់​គ្នា​ឲ្យមាន​​សុជីវធម៌​។​

 

​សំណួរ តើ​មាន​ដើមចម​អ្វី​បានជា​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ហៅ​លោក សម រង្ស៊ី ជា​"​កូន​អា​ក្បត់ជាតិ​"?

 

​មាន​ដើមចម​ចំនួន​ពីរ​ដែល​ធ្វើឲ្យ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន  ផ្ញើ​សារ​នយោបាយ​ខ្លាំងៗ ទៅកាន់ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។ ​ទី​១ ការ​វាយបក​ខ្លាំងៗ​របស់លោក ហ៊ុន សែន ទៅកាន់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ គឺបន្ទាប់ពី​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើកឡើង​ថា កម្ពុជា​ជា​ប្រទេស​ផ្តាច់ការ ដែល​ទាមទារ​ឱ្យមាន​ការផ្លាស់ប្តូរ ដូច​ប្រទេស​ភូមា​។​
​ទី​២ ការប្រៀបធៀប​ការបោះឆ្នោត​នៅ​ភូមា ទៅ​នឹង​កម្ពុជា ហើយ​ថា​គណបក្ស​ប្រឆាំង​របស់​លោក​នឹង​ឈ្នះ​ឆ្នោត​នៅ​ឆ្នាំ​២០១៨​ខាងមុខ​។​

 

​សួ​ម​បញ្ជាក់ថា នា​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៥ លោក​ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​បញ្ចេញ​សារ​នយោបាយ​សំខាន់​ពីរ​ឆ្លើយតប​ទៅ​កាន់​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បន្ទាប់​ពី​មេ​បក្ស​ប្រឆាំង​រូបនេះ បាន​ប្រៀបធៀប​ការបោះឆ្នោត​នៅ​ភូមា ទៅ​នឹង​កម្ពុជា ហើយ​ថា​គណបក្ស​ប្រឆាំង​របស់​លោក​នឹង​ឈ្នះ​ឆ្នោត​នៅ​ឆ្នាំ​២០១៨​ខាងមុខ​។​

 

​នៅក្នុង​សារនោះ​លោកបាន​លើកឡើង​ថា  ជោគជ័យ​គួរ​ឲ្យ​កោតសសើររ​បស់​បក្ស​ប្រឆាំង​នៅ​មី​យ៉ាន់​ម៉ា បាន​ទាញ​មេ​បក្ស​ប្រឆាំង​នៅ​កម្ពុជា ដែល​ទើប​សុំ​ទោស​លោក​កាលពី​ថ្ងៃ ២៩ តុលា ២០១៥ បើក​ការ​វាយ ប្រហា​រ មកលើ​លោក​សារ​ជា​ថ្មី​ដែល​បាន​បំផ្លាញ​សារ​ជា​ថ្មី​នូវ​វប្បធម៌ សន្ទនា​ដែល​បាន​នឹង​កំពុង​ជួសជុល​បន្ទាប់ពី​ជំនួប ស ខេង សម រង្ស៊ី​។ លោក​ហ៊ុន សែន​ថា មុនៗ ឲ្យតែ​មាន​បដិវត្តន៍​ពណ៌ ផ្ដួលរំលំ​នៅ​ប្រទេស​ណា មេ​បក្ស​ប្រឆាំង​រូបនេះ​តែងតែ​និយាយថា​ជិត​កើតឡើង​នៅ​កម្ពុជា​ដែរ​ហើយ​។

 

​លោក ហ៊ុន សែន​ថា គណបក្ស​ប្រឆាំង​នៅ​ភូមា​ឈ្នះឆ្នោត គេ​ប្រើ​ជា​ប្រយោជន៍ ដើម្បី​វាយប្រហារ គណបក្ស កាន់អំណាច វាយប្រហារ​រាជរដ្ឋាភិបាល និង​ខ្លួន​លោក​។ លោកនាយក​រដ្ឋមន្ត្រី​សង្កត់ធ្ងន់​ថា ភូមា​និង កម្ពុជា គឺ​រឿងរ៉ាវ​ខុសគ្នា របប​នយោបាយ​សេដ្ឋកិច្ច​សង្គម​ខុសគ្នា ភាពលំបាក និង​ងាយស្រួល​ខុសគ្នា សូម្បី​តែ​ការបោះឆ្នោត​ក៏​ខុស​គ្នា ខណៈពេល​ដែល​ភូមា​មិន ដែល​បោះឆ្នោត ឯ​កម្ពុជា​បោះ​ឆ្នោត​​៥​ដង​រួចមកហើយ​។

 

​តាមរយៈ​រឿងនេះ លោក ហ៊ុន សែន​បាន​អះអាងថា ពូជពង្សវង្សត្រកូល លោក​សម រង្ស៊ី មិនអាច ប្រៀបធៀប​ជាមួយ ជាមួយ​លោកស្រី អ៊ុង សាន​សូ​ជី នោះទេ ព្រោះ​មួយ​ស្នេហា​ជាតិ មួយទៀត ក្បត់​ជាតិ​​។ ពាក្យ​អា​ក្បត់ជាតិ ត្រូវ​លោក​ហ៊ុន សែន បញ្ជាក់ថា មិនមែន​ជា​ពាក្យ​លោក​ដាក់​ទេ តែ​រាជរដ្ឋាភិបាល​សង្គម​រាស្ត្រនិយម​របស់ សម្តេចព្រះ នរោត្តម សីហនុ ជា​អ្នក​ប្រសិទ្ធ​នាម​ឲ្យ​។ លោក ហ៊ុន សែន​បន្តថា លោក​សម រង្ស៊ី ហៅ​ខ្ញុំ​ជា​មនុស្ស​ផ្តាច់ការ​កប់ៗ​មាត់ ថ្ងៃនេះ​ខ្ញុំ​ហៅ​លោក​សម រង្ស៊ី ថា កូន​អា​ក្បត់ជាតិ​។ ស្លឹកឈើ​ជ្រុះ​មិន​ឆ្ងាយ​ពី​គល់​។​"

 

​សូម​រម្លឹកថា យោង​តាម​ឯកសារ​មួយចំនួន បានឲ្យដឹងថា លោក​សម សារី ត្រូវបាន​រដ្ឋការ សម័យ​សង្គមរាស្ត្រនិយម ចោទប្រកាន់ថា លោក​បាន​ក្បត់​សង្គមជាតិ ហើយ​ទៅ​ចូល​ដៃ​ជើង ជាមួយ​បរទេស ជាពិសេស បានសរសេរថា លោក​សម សារី ជា​មនុស្ស​ក្បត់​នឹង​សម្តេច សីហនុ ។ ក៏​ប៉ុន្តែ​យោងតាម​ឯកសារ​ខ្លះ​ទៀត មិន​បាន​ចោទ​លោក​សម សារី​ទេ តែ​បែរជា​បាន​បរិយាយ​ថា លោក​សម សារី ជា​អ្នកស្នេហាជាតិ និង ស្រលាញ់​ប្រជាជន​ទៅវិញ​។ រហូតមកដល់​ពេលនេះ ប្រវត្តិ​លោក​សម សារី ហាក់​ស្ថិតក្នុង​ភាពស្រពិចស្រពិល រវាង​ឈ្មោះ ជា​អ្នកនយោបាយ​ក្បត់ជាតិ និង អ្នកស្នេហាជាតិ​។​

 

​ការវាយប្រហារ របស់លោក ហ៊ុន សែន​នេះ ស្របពេល​ដែល លោក​សម រង្ស៊ី និង​លោក កឹម សុខា កំពុង​តែ​នៅ​ក្រៅប្រទេស  ដើម្បី​ទៅ​បំពេញ​ទស្សនកិច្ច នៅ​ប្រទេស​មួយចំនួន​ដូចជា ម៉ុង​ហ្គោលី ជប៉ុន និង​កូរ៉េខាងត្បូង​ជាដើម​។ តាម​គម្រោង​អ្នក​ទាំង​ពីរ​នឹង​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​វិញ នៅ​សប្តាហ៍​ក្រោយ​។​

 

​សំណួរ តើ​ការលេង​ធ្ងន់ៗ ហៅ​លោក​សម រង្ស៊ី​ថា “​កូន​អា​ក្បត់ជាតិ​” និង​ទម្លាយ​សារ​សំ​ទោស របស់លោក ហ៊ុន សែន​នេះ​ អាច​ធ្វើឲ្យ​ប៉ះពាល់​នូវ​វប្បធម៏​សន្ទនា និង​ធ្វើឲ្យ​កម្តៅនយោ​បាយ​ឡើងសារ​ថ្មី​ទេ​?

 

​កម្តៅ​នយោបាយ​នឹង​ឡើង ហើយ​វប្បធម៌សន្ទនា​ក៏​ប៉ះពាល់​ដែលរ។ បើ​តាម​លោកហ៊ុន សែន ការវាយប្រហារ របស់លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មក​លើ​រូប​លោក គឺជា​ការបំផ្លាញ​សារ​ជាថ្មី​នូវ​វប្បធម៌ សន្ទនា​ដែល​បាន​នឹង​កំពុង​ជួសជុល​បន្ទាប់ពី​ជំនួប ស ខេង សម រង្ស៊ី​កាលពី​ពេល​ថ្មីៗ​នេះ​។​

 

​ដោយឡែក​សម្រាប់​អ្នកវិភាគ និង​អ្នកតាមដាន​ស្ថាន​ការ​នយោបាយ​យល់​ឃើញ​ថា ការផ្ញើ​សារ​នយោបាយ​ខ្លាំងៗ​បែបនេះ ជា​សញ្ញា​ថា ការអនុវត្ត​នូវ​វប្បធម៌​សន្ទនា​មិន​អាច​ដំណើការ​ទៅ​មុខ​បាន​ទេ​។ មិន​អាច​ដំណើការ​ទៅ​មុខ​​ដោយ​សារ តែ​ការវាយប្រហា​នេះ បាន​ប្រើប្រាស់​ពាក្យ​សម្តីធ្ងន់ៗ​ពេក​។ ហើយ​អ្នក​នយោបាយ​គួរតែ​វាយប្រហា​គ្នា​ដោយ​ពាក្យសមរម្យ និង​គោរព​គ្នា​ទៅវិញទៅមក​។ ជា​បន្ត​សូម ស្តាប់​ប្រសាសន៍​របស់​លោកស្រី​ជា វណ្តា អ្នកវិភាគ​នយោបាយ​នៅ​កម្ពុជា​៖

​សំឡេង​៖

 

​យ៉ាងណា​ក៏​ដោយ​អ្នកវិភាគ​មួយចំនួន​ទៀត​ក៏បាន​អំពាវនាវ ទៅកាន់​ថ្នាក់ដឹកនាំ​អ្នក​នយោបាយ​គណបក្សទាំងពីរ​ថា មិន​សិន​ជា​យើង​ប្រកាន់​យក​វប្បធម៌​សន្ទនា​ហើយ មិនគួរ​វាយប្រហា​គ្នា​ដោយ​ប្រើ​ពាក្យសម្តី​ធ្ងន់ៗ​ទេ ហើយ​ការ​ជា​រិះគន់ ក៏​រិះគន់មាន​​សុជីវធម៌​ល្អ​ផង​ដែរ​៕

(ដោយ៖គួន សំបូរ)

 

ព័ត៌មានផ្សេងទៀត