តើ​នរណា​ជា​វីរៈជន​ពិតប្រាកដ​សម្រាប់​ប្រជាជាតិ​មី​យ៉ាន់​ម៉ា​?

11-11-2015 5:55 pm 1975

​តើ​នរណា​ជា​វីរៈជន​ពិតប្រាកដ​សម្រាប់​ប្រជាជាតិ​មី​យ៉ាន់​ម៉ា​? នេះ​ជា​សំនួរ​ស្ថិតក្នុង​លក្ខណៈ​ប្រៀបធៀប ទៅលើ​បុគ្គល​១​រូប ដែល​នឹង​ក្លាយ​ជា​វីរៈជន ក្នុង​ដួងចិត្ត​របស់​ប្រជាពលរដ្ឋ​មី​យ៉ាន់​ម៉ា​ទាំងមូល​។ ហើយ​បុគ្គល​ដែល​ត្រូវបាន​ប្រៀបធៀប​នេះ គឺជា​លោកស្រី​អ៊ុង​សាន ស៊ូ​ជី មេដឹកនាំ​គណបក្សប្រឆាំង ដែល​កំពុង​ទទួលបាន​សម្លេង​បោះឆ្នោត គាំទ្រ​យ៉ាង​ច្រើន​លើសលប់ និង​លោក​ប្រធានាធិបតី​ថេន សេន​។ តើ​អ្នកណា​ជា​វីរៈបុរស​របស់​ប្រទេស​មី​យ៉ាន់​ម៉ា​ពិតប្រាកដ​?

 

​ក្រោយ​ការបោះឆ្នោត​ជា​ប្រវត្តិសាស្ត្រ នៅ​ថ្ងៃ​ទី​០៨​វិច្ឆិកា ប្រជាប្រិយភាព​នៃ​ការគាំទ្រ លើ​មេដឹកនាំ​គណបក្សប្រឆាំង​លោក​ស្រី អ៊ុង​សាន ស៊ូ​ជី បាន​ទទួល​យ៉ាង​ភ្លូកទឹកភ្លូកដី រួម​នឹង​ការ​សាទរ​ពី​អន្តរជាតិ​ផងដែរ​។ ប៉ុន្តែ​អ្វី​ជា​ការព្រួយបារម្ភ​នោះ ត្រង់​ថា តើ​មេដឹកនាំ​របប​យោធា ថេន សេន ព្រម​ផ្ទេរ​អំណាច​ដល់ មេដឹកនាំ​លទ្ធិប្រជាធិបតេយ្យ ដោយ​សន្តិវិធី​ឬក៏​យ៉ាងណា​? ម្យ៉ាងវិញទៀត នៅ​មាន​ចំនុច​ជាច្រើន​ទៀត ដែល​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ គឺ​មិន​អាច​ឲ្យ​លោកស្រី​អ៊ុង​សាន ស៊ូ​ជី ធ្វើ​ជា​ប្រធានាធិបតី គ្រប់គ្រង​ប្រទេស​មី​យ៉ាន់​ម៉ា​បាន​។

 

​ទាក់ទង​នឹង​បញ្ហា​នេះ លោក​អេង ឆៃអ៊ាង តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ក៏​បាន​ចាប់ អារម្មណ៍ និង​បញ្ជាក់​លើ​ទំព័រ​ហ្វេ​សប៊ុក​របស់​លោកថា “​ការផ្ទេរអំណាច នៅ​ប្រទេស​ភូមា នាពេល​ខាងមុខ​នេះ បើ​ប្រព្រឹត្តទៅ​ដោយ​សន្តិវិធី នោះ​លោក ថេន សេន នឹង​ក្លាយជា​វីរបុរស​នៃ​ប្រជាជាតិ​ភូមា ដែល​បាន​នាំឲ្យ​មាន​ការផ្លាស់ប្តូរ​ពិតប្រាក​ដ​នៅ​ប្រទេស​ភូមា ។​

 

​រយៈពេល​ប្រាំ​ឆ្នាំ ក្នុងឋានៈ​ជា​ប្រធានាធិបតី លោក​ថេន សេន បាន​ធ្វើ​កំណែទម្រង់​ធំៗ​ជាពិសេស វិស័យ​នយោបាយ​ដូចជា ដោះលែង​អ្នកទោសនយោបាយ បង្កើត​វប្បធម៌​សន្ទនា ជាមួយ​មេដឹកនាំ​គណបក្សជំទាស់ លោកស្រី​អ៊ុង​សាន ស៊ូ​ជី ផ្តល់​សេរីភាព នយោបាយ ដល់​ប្រជាពលរដ្ឋ ។​ល​។ រហូត​ធ្វើឲ្យ​ប្រទេស​មហាអំណាច​លោកខាងលិ​ច បាន​ដក​ទណ្ឌកម្មសេដ្ឋកិច្ច​ពី​ប្រទេស​មួយ​នេះ​។ ហើយ​ចុងក្រោយ​នេះ បាន​ជួយ​សម្រួល និង​ធានា​រៀបចំ​ឲ្យមាន​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ដែល​អន្តរជាតិ​ទទួល​ស្គាល់ ព្រមទាំង​បាន​ប្រកាស​ទទួល​យក នូវ​លទ្ធផល​នៃ​ការបោះឆ្នោត ។
​ដូច្នេះ បើ​គ្មាន​លោក ថេន សេន ក៏​ប្រហែលជា​គ្មាន​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នា​ថ្ងៃ​ទី ៨ ខែវិច្ឆិកា ឆ្នាំ ២០១៥ នេះដែរ ។ កត្តា​ទាំងអស់​នេះ​ហើយ ដែល​ប្រជាពលរដ្ឋ​ភូមា មាន​ជំនឿ​យ៉ាង​មុតមាំ​ថា លោក ថេន សេន នឹង​ចាប់​ដៃ​ជាមួយ​លោកស្រី អង់សា​ន ស៊ូ​ជី ដើម្បី​នាំ​ប្រទេស​ភូមា​ទៅរក​ភាពរុងរឿង ថ្កុំថ្កើន​។​”

 

​ដោយឡែក សម្រាប់​លោករ​ស់ រ៉ាវុធ សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​ទំនាក់ទំនង​អន្តរជាតិ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា បើសិនជា​មិន​មាន​ការប្រែប្រួល នៅ​ពេល​ប្រកាស លទ្ធផល​បោះឆ្នោត​ផ្លូវការ ទេនោះ វា​គឺជា​រឿង​ដ៏​ល្អ​បំផុត​សម្រាប់​ប្រជាជន​មី​យ៉ាន់​ម៉ា​។ ប៉ុន្តែ​ផ្ទុយទៅវិញ បើ​វិល​ទៅរក​អតីតកាល ក្នុង​អំឡុង​ឆ្នាំ​១៩៩០ នោះ​ជា​ក្តីព្រួយបារម្ភ​។ យ៉ាងណាក៏ដោយ លោករ​ស់ រ៉ាវុធ បាន​អះអាង​ថា នេះ​គ្រាន់តែ​ជា ការប្រើ​ពាក្យ​ប្រសិនបើ​..​ប៉ុណ្ណោះ​។

សម្លេង​លោករ​ស់ រ៉ាវុធ

 

​ដោយឡែក បើ​តាម​ការចុះផ្សាយ របស់​ភ្នាក់ងារ​សារព័ត៌មាន​ABC នៅ​ថ្ងៃ​ទី​១០ ខែវិច្ឆិកា បានបញ្ជាក់​ថា ទោះបីជា​គណបក្ស​ប្រឆាំង​មួយ​នេះ ទទួល​បា​សម្លេងគាំទ្រ យ៉ាងច្រើន​សន្ធឹកសន្ធាប់ នៅក្នុង​សភា​ទាំងពីរ តែ​មេដឹកនាំ​លទ្ធិ​ប្រជាធិបតេយ្យ​លោក​ស្រី អង់សា​ន​ស៊ូ​ជី នៅតែ​គ្មាន​សិទ្ធិ ក្នុង​ការដឹកនាំ​រដ្ឋាភិបាល​ភូមា នៅក្នុង​អាណត្តិ​ក្រោយ​ដែល​មាន​រយៈពេល ៥​ឆ្នាំ​ឡើយ​។ ការបញ្ជាក់​ដូច្នេះ ដោយ​យោងទៅលើ​មាត្រា​មួយចំនួន ដែល​បាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​។

 

​បើ​តាម​រដ្ឋធម្មនុញ្ញ​ប្រទេស​មី​យ៉ាន់​ម៉ា បានបញ្ជាក់​ថា សមាជិក​សភា​របស់​ពួក​យោធានិយម នឹង​ទទួលបាន​សម្លេង ២៥​ភាគរយ ក្នុង​សភា​ទាំងពីរ ដោយ​ស្វ័យប្រវត្តិ ហេតុ​នេះ​ពួកគេ​អាច​មាន​សិទ្ធិ​វេតូ ដើម្បី​ប្រឆាំង​រាល់​ការធ្វើ​កំណែទម្រង់​រដ្ឋ​ធម្មនុញ្ញ​បាន​។ ហើយ​ប្រសិនបើ​គ្មាន​ការកែប្រែ​រដ្ឋធម្មនុញ្ញ នោះ​លោកស្រី អង់សា​ន​ស៊ូ​ជី នៅតែ​មិន​អាច​ធ្វើជា​ប្រធានាធិបតី​បានឡើយ​។​

បើ​យោង​តាម ជំពូក​ទី​៣ នៃ​រដ្ឋធម្មនុញ្ញ​បានចែង​ថា “​ក្នុងនាម​ជា​ប្រធានាធិបតី​ម្នាក់ មិនអាច   មាន​ឪពុក​ម្តាយ ស្វាមីភរិយា ឬ​កូន​ណា​ម្នាក់ ដែល​មិន​មាន​ភាព​ស្មោះស្ម័គ្រ ឬ​លំអៀង ទៅ បរទេស ឬ​ជា​ជនជាតិ​បរទេស​ឡើយ​”​។ ចំណុច​នេះ​ស្តែង​យ៉ាងច្បាស់​ថា មេដឹកនាំ​បក្ស ប្រឆាំង​រូបនេះ មិន​អាច​ក្លាយជា​ប្រធានាធិបតី​បាន ដោយសារ​កូនប្រុស​ទាំង​ពីរ មាន​សញ្ជាតិ​ជា​ជនជាតិ​អង់គ្លេស​។​

 

ក្នុង​ជំពូក​ទី​៣​នេះ ដដែល បាន​បញ្ជាក់ទៀតថា “​ក្នុងនាម​ជា​ប្រធានាធិបតី   ម្នាក់​របស់ ប្រទេស​មី​យ៉ាន់​ម៉ា ចាំបាច់​ត្រូវមាន​ចំណេះដឹង​លើ​កិច្ចការ​សំខាន់ៗ ដូចជា​ផ្នែក​នយោបាយ រដ្ឋបាល សេដ្ឋកិច្ច និង​យោធា​”​។ ចំនុច​នេះ​ទៀតសោត គឺ​លោកស្រី អ៊ុង​សាន ស៊ូ​ជី ពុំ​ធ្លាប់​មាន​បទពិសោធន៍​ផ្នែក​យោធា​ឡើយ​។​

 

ដោយឡែក ក្នុង​ជំពូក​ទី​៤ នៃ​រដ្ឋធម្មនុញ្ញ​បានចែង​ថា ក្នុងចំណោម​អាសនៈ​ទាំង ៤៤០​នៅក្នុង​សភា​ជាន់​ទាប សមាជិក​សភា​ដែល​ត្រូវបាន​បោះឆ្នោត​ជ្រើសរើស មិន​អាច​ច្រើនជាង ៣៣០​អាសនៈ​ឡើយ ដោយ​ទុក ១១០​អាសនៈ សម្រាប់​សមាជិក​សភា​តំណាង​ឲ្យ​កងកម្លាំង​យោធា​។ ជាមួយគ្នានេះដែរ ក្នុងចំណោម​អាសនៈ​ចំនួន ២២៤​នៅក្នុង​សភា​ជាន់ខ្ពស់ អាសនៈ​ចំនួន ៥៦​អាសនៈ គឺជា​កម្មសិទ្ធិ​របស់​ស​មាជិក​មន្ត្រី​ការពារ​ជាតិ ដែល​តែងតាំង​ដោយ​មេបញ្ជាការ​ការពារជាតិ​របស់​ប្រទេស​មី​យ៉ាន់​ម៉ា​។ ដើម្បី​កែប្រែ​រដ្ឋធម្មនុញ្ញ ចាំបាច់​ត្រូវមាន​សម្លេង​គាំទ្រ​ខ្ពស់ជាង ៧៥​ភាគរយ ហេតុនេះ​លុះត្រាតែ​គណបក្ស NLD ទទួលបាន​សម្លេង​គាំទ្រ​បន្ថែម​ពី​សមាជិក​សភា​ដែល​ជា​ពួកយោធា​ទាំងនោះ ទើប​អាច​មាន​សិទ្ធិ​ក្នុង​ការកែប្រែ​រដ្ឋធម្មនុញ្ញ​បាន​។​

 

​ជាមួយគ្នានេះ ប្រធានាធិបតី​គ្មាន​អំណាច​ក្នុង​ការតែងតាំង​មន្ត្រី​ការពារ​ជាតិ មន្ត្រី​កិច្ចការ​ផ្ទៃក្នុង ឬ​កិច្ចការ​ព្រំដែន​ឡើយ​៖ មានតែ​មេបញ្ជាការ​ការពារជាតិ​ប៉ុណ្ណោះ ដែល​អាច​តែងតាំង​មន្ត្រី​ទាំងនោះ​បាន​។ ចំណុច​នេះ​ធ្វើឲ្យ​មេបញ្ជាការ​ការពារជាតិ មាន​អំណាច​លើ​ប្រធានាធិបតី​ទាំង​ក្នុង​កិច្ច​ការពារ​ជាតិ និង​ការរក្សា​សន្តិសុខ​ប្រទេស​។ ហើយ​នៅ​មាន​ចំនុច ដែល​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ជា​ច្រើន​ទៀត ដែល​សុទ្ធសឹង​ជា​ការដាក់​គំនៀប​លើ​ប្រធានាធិបតី​ថ្មី ក្នុង​ការឡើង​កាន់អំណាច​។

 

​តែ​យ៉ាងណាក៏ដោយ គេ​មិន​ទាន់​អាច​វាយតម្លៃ​បាន​ថា ដំណើរការ​នៃ​ការផ្លាស់ប្តូរ​ថ្នាក់ដឹកនាំ នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​នេះ នឹង​ប្រព្រឹត្តទៅ​យ៉ាងណា​នោះ​ទេ ក្រោយ​ពេល​ប្រកាស​លទ្ធផល​បោះឆ្នោត​ជា​ផ្លូវការ​។ ដូច្នេះ​មានតែ​ការតាមដាន​ទាំងអស់គ្នា​៕ ដោយៈ​សៅ វិសាល​


ព័ត៌មានផ្សេងទៀត