ជប៉ុន​-​កូរ៉េខាងត្បូង​​កំពុង​ឆ្ពោះទៅ​រក​​ការ​ដោះស្រាយ​​បញ្ហា​ទាសករ​ផ្លូវភេទ​​​សម័យ​​សង្គ្រាម

11-11-2015 4:41 pm 1490
ស្ដ្រីជនជាតិកូរ៉េខាងត្បូង​ដែលរងគ្រោះក្នុងសម័យ​សង្គ្រាមលោកលើកទីពីរ

​កូរ៉េ​ខាងត្បូង​និង​ជប៉ុន​កំពុងតែ​ស្ថិត​នៅលើ​ផ្លូវ​ឆ្ពោះទៅរក​កិច្ចព្រមព្រៀង ដើម្បី​ដោះស្រាយ​បញ្ហា​ទាសករ​ផ្លូវភេទ​នៅក្នុង​សម័យ​សង្គ្រាមលោក​លើក​ទី​ពីរ​ហើយ​។ នេះ​បើ​តាម​ការ​កា​រាយការណ៍​ពី​ទីភ្នាក់ងារ​សារព័ត៌មាន​យ៉ុន​ហា​ប​នៅ​ថ្ងៃ​ពុធ​នេះ​។ ដំណើរ​ឆ្ពោះ​ទៅរក​កិច្ចព្រមព្រៀង​នេះ ធ្វើឡើង​បន្ទាប់​ពី​មន្ដ្រីជាន់ខ្ពស់​ប្រទេស​ទាំង​ពីរ​ជួប​គ្នា​ក្នុង​កិច្ចប្រជុំ​នៅ​កូរ៉េខាងត្បូង ដើម្បី​ពិភាក្សា​ពី​បញ្ហា​ស្ដ្រី​បម្រើ​ក្នុង​សម័យ​សង្គ្រាម ជាពិសេស​គឺ​ការចាប់​ស្ដ្រី​ជនជាតិ​កូ​រ៉េ​ឲ្យទៅ​បម្រើ​ផ្លូវភេទ​កងទ័ព​ជប៉ុន​។


​មន្ដ្រី​កូរ៉េខាងត្បូង​ត្រូវ​ទីភ្នាក់ងារ​សារព័ត៌មា​ន​យ៉ុន​ហា​ប​ដកស្រង់​សម្ដី​ថា “​វា​ពិតជា​លំបាក​ណាស់​ក្នុង​ការ​ពន្យល់​ឲ្យ​ក្បោះក្បាយ​ថា កូរ៉េ​ខាងត្បូង​និង​ជប៉ុន​កំពុង​ឆ្ពោះទៅ​រក​គោលដៅ​ពិតប្រាកដ​។ ភាគី​ទាំង​ពីរ​កំពុង​តែ​ស្ថិត​ក្នុង​កិច្ចពិភាក្សា​យ៉ាង​ស៊ីជម្រៅ ជា​ការប្រឹក្សា​យោបល់​ដែល​មាន​ប្រយោជន៍ ដើម្បី​អាច​ដោះស្រាយបាន​យ៉ាង​ឆាប់រហ័ស​នូវ​បញ្ហា​ស្ដ្រី​បម្រើ​ក្នុង​សម័យ​សង្គ្រាម ដែល​បាន​ព្រមព្រៀង​គ្នា​ក្នុង​កិច្ចប្រជុំ​។​” មន្ដ្រី​ដដែល​បន្ដថា កូរ៉េ​ខាងត្បូង​និង​ជប៉ុន​នឹង​បន្ដ​ប្រឹក្សា​យោបល់​គ្នា​ស្វែងរក​កិច្ចព្រមព្រៀង ចន្លោះ​ពេល​ដែល​នៅ​មាន​ចំណុច​មិនទាន់​ដោះស្រាយ​រួច​។​


​សូម​រម្លឹកថា បញ្ហា​ចាប់​ស្ដ្រី​ជនជាតិ​កូរ៉េ​ខាងត្បូង​យក​ទៅ​បម្រើ​ដល់​កងទ័ព​ជប៉ុន​ទាំង​មុន​និង​ក្នុង​អំឡុង​ពេល​សង្គ្រាម​លោក​លើក​ទី​ពីរ នៅតែ​ជា​ប្រធានបទ​រសើប​ពេល​ភាគី​ទាំងពីរ​ជួប​គ្នា​ម្ដងៗ​។ កូរ៉េខាងត្បូង​តែងតែ​ចង់​ឲ្យ​ជប៉ុន​សារភាព​ពី​កំហុស​ដែល​បានធ្វើ ប៉ុន្ដែ​ជប៉ុន​វិញ​ហាក់​ស្ទាក់ស្ទើរ​ក្នុងការ​សុំទោស​។ តែ​យ៉ាងណាក៏ដោយ​ជប៉ុន​បាន​ព្យាយាម​ដើម្បី​សម្របសម្រួល​បញ្ហា​នេះ​៕​​ដោយ​៖​ពេញ ផេង

ព័ត៌មានផ្សេងទៀត